(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មានករណីតវ៉ាបិទផ្លូវមួយ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីអាជ្ញាធរចុះរុះរើសំណង់អនាធិបតេយ្យមួយចំនួន ដែលក្រុមអណាធិបតេយ្យបានសាងសង់នៅលើដីមានម្ចាស់។

បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានបញ្ចប់ លោកអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះ ចុះរុះរើសំណង់អនាធិបតេយ្យ នៅឃុំបិទត្រាំង ស្រុកព្រៃនប់ ប៉ុន្តែនៅពេលដែលអាជ្ញាធរចុះរុះរើ ស្រាប់តែក្រុមអាណាធិបតេយ្យប្រមាណ១០០នាក់ ដែលបានទៅចាប់ដី នៅលើដីមានម្ចាស់នេះបាននាំគ្នាតវ៉ាកាប់ដើមឈើយកទៅបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យមានការកកស្ទះអស់មួយស្របក់ធំ។

បើតាមលោកមេឃុំបិតត្រាំង លោក មៀច ចាន់ ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជាង៣០០ គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោក ជុំ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលនៅទំនេរ។

មកដល់ម៉ោង១០ នេះឃើញថា សកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោក ជុំ សាវុឌ្ឍ នេះត្រូវបានដំណើរការដោយរលូនបានប្រមាណ ៩០ភាគរយហើយដោយមិនមានការចាប់ចងណាម្នាក់នោះទេ។

លោកមេឃុំ បញ្ជាក់ជូនថា ក្រុមអាណាធិបតេយ្យប្រមាណជាង៣០០០គ្រួសារនេះ ខ្លះមកពីសង្កាត់លេខ១ ក្រុងព្រះសីហនុខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្ម និងតំបន់មួយចំនួននៃស្រុកកំពង់សិលា នៅខេត្តព្រះសីហនុ ក្រៅពីនេះក៏មានក្រុមខ្លះមកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរ មានដូចជាខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺជាដើម។

បន្ទាប់ពីមានករណីនេះ អាជ្ញាធរបានចុះសម្របមស្រួលហើយពន្យល់ដល់ក្រុមប្រជាពលរដ្ឋដែលបានចាញ់បោកមេខ្យល់ឱ្យបានយល់ដឹងអំពីទង្វើខុសច្បាប់ ដោយទៅកាន់កាប់លើដីមានម្ចាស់រួចហើយ។ ក្រោយពីសម្របសម្រួលនេះ ពួកគាត់ទាំងនោះក៏បានដកថយ ហើយសមត្ថកិច្ចក៏បានយកឈើដែលដាក់ឃាំងបិទផ្លូវនោះចេញ ដើម្បីឱ្យអ្នកដំណើរអាចឆ្លងកាត់ធម្មតាឡើងវិញ។

បើតាមការអះអាងរបស់នគរបាល គឺករណីនេះមិនមានការប៉ះទង្គិចគ្នានោះឡើយ ដោយសារតែពួកគាត់ទាំងនោះបានទទួលយកនូវអ្វីដែលជាការពន្យល់ផ្នែកច្បាប់របស់អាជ្ញាធរ និងសមត្ថកិច្ច ប៉ុន្តែករណីបានធ្វើឱ្យកកស្ទះដល់ដំណើររបស់ប្រជាពលរដ្ឋ ដែលចេញពីការកម្សាន្តនៅខេត្តមាត់សមុទ្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មួយសន្ទុះធំផងដែរ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]