ម៉ាឡេស៊ី៖ វាពិតជារឿងផ្អែមល្ហែមនិងកក់ក្តៅមែនទែន នៅពេលលោកតា ឬលោកយាយរបស់យើងធ្វើរឿងអ្វីមួយឱ្យយើង។

ថ្មីៗនេះ យោងតាមគណនី Twitter របស់កញ្ញា Jamie Yeoh រស់នៅប្រទេសម៉ាឡេស៊ី បានចែករំលែក រឿងមួយទាក់ទិនទៅនឹងលោកតាអាយុ ៧៤ឆ្នាំរបស់នាង ដែលលោកតានាងមិនចេះប្រើប្រាស់ទូរស័ព្ទទេ ហើយដូច្នេះលោកតាក៏មិនចេះផ្ញើសារតាមកម្មវិធី Whatsapp ដែរ។ ប៉ុន្តែនៅក្នុងថ្ងៃខួបកំណើតរបស់នាង ខណៈពេលនាងឈានដល់អាយុ ២១ឆ្នាំ ស្រាប់តែលោកតានាងបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកតានាងបានធ្វើដំណើរទៅរកហាងលក់ទូរស័ព្ទមួយ ដើម្បីសុំជំនួយឱ្យពួកគេជួយផ្ញើសារជូនពរថ្ងៃខួបកំណើតដល់ចៅស្រីដ៏គួរឱ្យស្រលាញ់របស់លោកតា។ 

យោងតាមសម្តីកញ្ញា Jamie បានឱ្យដឹងថា ឆ្នាំនេះលោកតានាងបានផ្ញើសារជូនពរនាងដោយសរសេរថា៖

«Happy birthday។»

និងថែមទាំងផ្ញើសារជារូបភាពដោយសរសេរថា៖

«John Yeoh,

Happy birthday

Jamie Yeoh.»  

សារដែលកញ្ញា Jamie Yeoh បង្ហោះចូល Twitter

បន្ថែមពីនេះទៀត តាមប្រភពព័ត៌មានបរទេសមួយបានឱ្យដឹងថា នាងនិងលោកតារបស់នាងរមែងនិយាយទូរស័ព្ទជាមួយគ្នាជាញឹកញាប់ ព្រោះតែនាងកំពុងតែរៀននៅជាយក្រុង Subang ហើយលោកតានាងរស់នៅក្នុងរដ្ឋ Penang។

ដោយកញ្ញា Jamie បាននិយាយថា៖

«ពួកយើងមិនសូវជាជិតស្និទ្ធនឹងគ្នាប៉ុន្មាននោះទេ ប៉ុន្តែពួកយើងតែងតែនិយាយទូរស័ព្ទជាមួយគ្នា ហើយគាត់ពិតជាមនុស្សចិត្កល្អខ្លាំងមែនទែន។ គាត់មិនដែលភ្លេចថ្ងៃខួបកំណើតខ្ញុំ និងបងស្រីរបស់ខ្ញុំនោះទេ។»

លើសពីនេះទៀត កញ្ញាបាននិយាយបន្ថែមទៀតថា លោកតានាងនៅតែផ្អែមល្ហែមដូចកាលពីថ្ងៃបុណ្យណូអែលឆ្នាំមុនអីចឹង ពោលគឺកាលពីថ្ងៃបុណ្យណូអែលឆ្នាំមុន លោកតានាងបានជូនកែវកាហ្វេដល់នាង និងបងស្រីរបស់នាង។ 

កញ្ញា Jamie Yeoh

ដោយកញ្ញាបាននិយាយថា៖

«ខ្ញុំពិតជារំភើបណាស់ នៅពេលលោកតាខ្ញុំនៅតែចងចាំពណ៌កែវកាហ្វសំណព្វរបស់ពួកយើង។»

«លោកតាខ្ញុំជាបុរសពោះម៉ាយ។ លោកយាយខ្ញុំបានចែកឋានបាត់ទៅកាលពីជាង ២០ឆ្នាំមកហើយ ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ននេះ លោកតាខ្ញុំតែងតែទៅលេងផ្នូរលោកយាយជាមួយនឹងបាច់ផ្កា និងច្រៀងចម្រៀងឱ្យលោកយាយខ្ញុំ នៅពេលថ្ងៃខួបកំណើតរបស់លោកយាយខ្ញុំទៀត។»

ក្រោយមក រឿងនេះបានល្បីល្បាញពេញបណ្តាញសង្គម Twitter ហើយអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសុទ្ធតែរំភើបចំពោះរឿងមួយនេះ។

ដូច្នេះ សូមប្រិយមិត្ត សូមចំណាយពេលនៅជាមួយអ្នកមានគុណ លោកយាយ និងលោកតារបស់យើងឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ខណៈពេលពួកលោកនៅមានជីវិត ដើម្បីកុំឱ្យស្តាយក្រោយនៅពេលក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]