រាជធានីភ្នំពេញ ៖ ជនជាតិចិន៥នាក់ដែលត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យទី២ កាលពី១០ មេសា ឆ្នាំ២០១៩នោះ ត្រូវបានដើលែងឱ្យមានសេរីភាពវិញហើយ ដោយនគរបាលសម្រេចធ្វើការអប់រំ ។
នាយប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ លោក ណេង សាមឿន ថ្លែងប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៧ មេសានេះឱ្យដឹងថា ជនជាតិជនចិនដែលត្រូវបានឃាត់ខ្លួនទាំង៥នាក់ខាងលើ ត្រូវបានឃាត់ខ្លួនទៅសាកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលតាមនីតិវិធីច្បាប់ ។ ក្រោយសាកសួរនាំរួចមក មនុស្សចំនួន២នាក់ត្រូវបានធ្វើការអប់រំដោះលែងទៅវិញនៅល្ងាចថ្ងៃខែឆ្នាំដដែលនគរបាលឃាត់ខ្លួន ហើយក្នុងនោះ៣នាក់ទៀតត្រូវឃាត់ខ្លួនបណ្តោះអាសន្ន ។
លោកនាយប៉ុស្តិ៍បន្តថា លុះរហូតដល់ថ្ងៃទី១១ ដោយទទួលបានបញ្ជាពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា បានសម្រេចឱ្យនគរបាលធ្វើការអប់រំជនជាតិចិនទាំង៣នាក់នោះ ហើយដោះលែងឱ្យមានសេរីភាពវិញផងដែរ ដោយពុំមានការអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់អ្វីទាំងអស់ ។
ជុំវិញការសម្រេចដោះលែងជនជាតិចិនទាំង៥នាក់ ពាក់ព័ន្ធការបើកទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំខាងលើនេះ កោះសន្តិភាព ពុំអាចទំនាក់ទំនងសុំការបំភ្លឺលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ អំពីមូលហេតុនៃការសម្រេចដោះលែងជនជាតិចិនទាំង៥នាក់ខាងលើបានឡើយ ។
គួររំលឹកថា កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មាននគរបាល ប្រជាការពារ និងអាជ្ញាធរសង្កាត់ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបើកការចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំមួយកន្លែង ដែលជាអតីតផ្ទះសំណាក់មារាឌី ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្បែរនឹងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ។
ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ ក៏មានការចូលរួមដឹកនាំនីតិវិធី ដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផលនៃការចុះបង្ក្រាប កម្លាំងចម្រុះរកឃើញមានទូហ្គេមបាញ់ត្រីចំនួន៦គ្រឿងធំៗ , ទូហ្គេមបាញ់គ្នា២គ្រឿងធំ , ទូហ្គេមប្រណាំងឡាន២គ្រឿងធំ , ទូហ្គេមប្រដាល់គ្នា ៦គ្រឿង , ទូហ្គេមវៃពុង១៦គ្រឿង សរុបទាំងអស់៣២គ្រឿង និងឃាត់ខ្លួនជនជាតិចិន៥នាក់ ក្នុងនោះមានម្នាក់ជាមេកា ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]