(បាត់ដំបង)៖ រយៈពេល៤ថ្ងៃនៃពិធីសង្រ្កាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តរហូតដល់ជិត៩៥ម៉ឺននាក់។ នេះបើតាមការលើកឡើងរបស់លោក ងួន រតនះ អភិបាលខេត្តបាត់ដំបង ថ្លែងប្រាប់ដល់អង្គភាពព័ត៌មានFresh News នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថាចំនួនភ្ញៀវទេសចរណ៍ច្រើនលើសការរំពឹងទុកនេះ បានធ្វើឲ្យមានបញ្ហាខ្វះកន្លែងស្នាក់នៅ តែមិនបានបង្កឲ្យមានបញ្ហាអសន្តិសុខអ្វីឡើយ។ លោក ងួន រតនះ អភិបាលខេត្តបាត់ដំបង បញ្ជាក់យ៉ាងដូច្នេះ៖ «ចំនួនភ្ញៀវទេសចរណ៍មកលេងច្រើនណាស់ ច្រើនលើសការរំពឹងទុក ទើបធ្វើឲ្យខ្វះកន្លែងស្នាក់នៅមួយចំនួន តែពលរដ្ឋមានការយោគយល់អធ្យាស្រ័យគ្នាច្រើន ទើបមិនមានបញ្ហាអសន្តិសុខអ្វីឡើយ។ ខ្ញុំ និងក្រុមការងារទាំងអស់នៅប្រចាំការចាំឃ្លាំមើលជានិច្ច ខ្លាចមានបញ្ហាអ្វីកើតឡើងជាយថាហេតុ»។

ចំនួនភ្ញៀវទេសចរណ៍ជាច្រើនម៉ឺន សែននាក់នេះ ភាគច្រើនជាភ្ញៀវទេសចរណ៍ជាតិ ដែលជាពលរដ្ឋរស់នៅក្នុងខេត្ត ក៏ដូចជាមកពីតាមបណ្ដារខេត្តដទៃទៀត។ បើទោះជាសង្ក្រាន្តធ្វើឡើងរយៈពេញ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ក្ដី តែបញ្ហាអន្តិសុខ និងអនាម័យ គឺមិនបានចោទជាបញ្ហាឡើយ។ យ៉ាងណាចំនួនភ្ញៀវទេចរណ៍ច្រើនលើសលការរំពឹងទុកនេះត្រូវបានលោកអភិបាលខេត្តឲ្យដឹងថា នៅក្នុងឆ្នាំសហភាពសងព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង មានការរៀបចំកម្មវិធីកំសាន្តសម្បូរបែប និងដំណើរការបានរលូនជាងឆ្នាំមុន ទើបធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍មកច្រើនបែបនេះ។

នេះគឺជាជាព្រឹត្តិការណ៍សង្ក្រាន្តលើកទី២នៅបាត់ដំបងហើយ ដោយកាលពីឆ្នាំ២០១៨កន្លងទៅ ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង៦០ម៉ឺននាក់។ បើទោះជាមានភាពជោគជ័យច្រើនក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០១៩នេះក្ដី តែលោក ងួន រតនះ អភិបាលខេត្តបាត់ដំបង នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា នៅឆ្នាំខាងមុខ នឹងមានព្រឹត្តិការណ៍សង្ក្រាន្តធំបែបនេះទៀតឬយ៉ាងណាឡើយ។

បើតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឱ្យដឹងថា តាមការវាយតម្លៃជំហានដំបូង គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ សរុបប្រមាណ ៤,៧២៦,៦០២នាក់ ដែលកើនឡើង ៦៧.០២%។

គួរឱ្យកត់សម្គាល់ថា តួលេខខាងលើគឺគ្រាន់តែជាការវាយតម្លៃជំហានដំបូង សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗតែប៉ុណ្ណោះ ដោយមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅបន្ទាប់បន្សំនានាដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង៣លាននាក់ទេ សម្រាប់រយៈពេល៣ថ្ងៃនេះបន្ថែមពីលើចំនួនខាងលើ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ដូច្នេះនៅក្នុងរយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវជាតិ-អន្តរជាតិប្រមាណ ៧លាននាក់ ដើរលេងកម្សាន្តចូលរួមក្នុងព្រឹត្តិការណ៍សង្រ្កាន្ត និងតាមរមណីយដ្ឋាននានា នៅកម្ពុជា៕

ប្រភព : Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]