ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​ចត​ឈប់​ម៉ូតូ​នៅ​ក្បែរ​កន្លែង​រោង​កាត់សក់​របស់​ប្តី ខណៈ​កំពុង​ជាប់រវល់​ធ្វើ​ម្ហូបអាហារ ស្រាប់តែ​មាន​ចោរ​ធ្វើ​សកម្មភាព​លួច​កាច់​សោក​.​ម៉ូតូ​យក​ទៅ​បាត់​ស្រមោល លុះ​ម្ចាស់​ចេញពី​ក្នុងផ្ទះ​អត់​ឃើញ​ម៉ូតូ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ រួច​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​តាម​រក​ម៉ូតូ​តែ​ម្តង ។

ហេតុការណ៍​ចោរលួច​កាច់​សោក​.​ម៉ូតូ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក​ហ៊ីង យ៉ា​ន់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ កែម ច​ន្នី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​បាត់​អស់​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-7200 ដោយ​ទើបតែ​ទិញ​ជិះ​បាន​រយៈពេល​១​ឆ្នាំ ណ្ណោះ ។

លោក​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ ដើម្បី​ទិញ​ម្ហូបអាហារ​ដូច​សព្វមួយដង ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ក្បែរ​កន្លែង​តូប​កាត់សក់​របស់​ប្តី ដោយ​ចត​ឈប់​ទុក​ចោល​មួយ​ភ្លែត ខណៈ​កំពុង​ជាប់រវល់​ធ្វើ​ម្ហូបអាហារ លុះ​រួចរាល់​ក៏​ដើរ​ចេញ​មក​មើល​ម៉ូតូ ស្រាប់តែ​ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​ស្រមោល ។ លោក​បញ្ជាក់​ទៀត​ថា ក្រោយមក​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​របស់​លោក ដើម្បី​ស្រាវជ្រាវ​រក​ម៉ូតូ​ខាងលើ ។

សូម​បញ្ជាក់​ថា ករណី​បាត់​ម៉ូតូ​តែងតែ​កើត​ឡើងជា​ញឹកញាប់​នៅ​ក្នុង​ក្រុងប៉ៃលិន សូ​ម្បី​តែ​ម៉ូតូ​ចត​ឈប់​នៅ​ក្នុង​មន្ទីរ ខណៈ​ម្ចាស់​កំពុង​ជាប់រវល់​ប្រជុំ​ក៏​ត្រូវ​ចោរ​ចូល​លួច​ផង​ដែរ ដោយ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​រក​ឃើញ​ម៉ូតូ​ទាំងនោះ​នៅឡើយ​ទេ ។ ចំណែក​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ក្រុម​ចោរ​កំពុង​តែ​ធ្វើ​សកម្មភាព​ដើរ​លួច​យ៉ាង​សកម្ម​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]