(ភ្នំពេញ)៖ ដោយអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រួមទាំងរថយន្តក្រុងចំនួន ១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន ៤គ្រឿងនៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សកម្មភាពដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃនេះ ត្រូវបានធ្វើឡើងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយចេញដំណើរចាប់ពីម៉ោង ៥៖៣០នាទីព្រឹក។ ផ្លូវដែលដាក់រថយន្តក្រុងសាធារណៈ ឲ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ រួមមានផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿងនេះ ដោយសារតែសម្តេចធុញទ្រាន់ ក្នុងការនិយាយជាមួយក្រុមហ៊ុនឯកជន ដែលតែងតែដំឡើងថ្លៃឈ្នួលរថយន្ត ក្នុងឱកាសបុណ្យទានម្តងៗ។ លើសពីនេះទៀតនោះ សម្តេចតេជោ បានបញ្ជាក់ដែរថា ក្នុងរយៈពេល៧ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏អាចជិះរថយន្តក្រុងសាធារណៈ និងការដឹកជញ្ជូនតាមកាណូត ដោយមិនគិតថ្លៃផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែផ្តល់ការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ តែក៏បានផ្តល់ជូនប្រជាពលរដ្ឋ នូវការជិះរថភ្លើងទៅស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹង និងជឿជាក់ថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានភាពរីករាយ ក្នុងការធ្វើដំណើរ ព្រោះតែរាជរដ្ឋាភិបាលបានរៀបចំការដឹកជញ្ជូនដោយឥតគិតថ្លៃ៕

ដើម្បីកាន់តែងាយស្រួល រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងដែលបងប្អូនប្រជាពលរដ្ឋ អាចឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដូចខាងក្រោមនេះ៖

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]