ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​ជាង​៥០​ខ្នង បាន​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១២ មេ​សា ដែល​ប៉ះទង្គិច​ទៅ​លើ​ឃុំ​ចំនួន​៣ នៅ​ស្រុក​មោងឫស្សី ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​បាន បង្អុរ​យ៉ាង​ខ្លាំង ដែល​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ រួម​ទាំង​ផ្គរ​រន្ទះ​លាន់​ទ្រហឹង​ផង បាន​ប៉ះ​ទៅ​លើ​ឃុំ​កកោះ ឃុំ​ឫស្សី​ក្រាំង និង​ឃុំ​ព្រៃតូច ដែល​ធ្វើ​ឲ្យ​ខូចខាត​លំនៅ​ឋាន​ជាង​៥០​ខ្នង ។ បើ​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ឃុំ​កកោះ ខូចខាត​លំនៅ​ឋាន​អស់​ចំនួន​៤០​ខ្នង ក្នុង​នោះ​មាន​២​ខ្នង ត្រូវ​ដើមឈើ​រលំ​សង្កត់​លើ ថែម​ទាំង​សង្កត់​លើ​ម៉ូតូ​១​គ្រឿង​ទៀត​ផង ។ នៅ​ឃុំ​ឫស្សី​ក្រាំង​ខូចខាត​លំនៅ​ឋាន​អស់​ចំនួន​៨​ខ្នង និង​នៅ​ឃុំ​ព្រៃតូច ខូចខាត​លំនៅ​ឋាន​អស់​ចំនួន​៥​ខ្នង ។

សរុប​ទាំងអស់​ខូចខាត​លំនៅ​ឋាន​អស់​ចំនួន​៥៣​ខ្នង ដែល​ភាគច្រើន​របើក​ដំបូល និង​ខូចខាត​ម៉ូតូ​១​គ្រឿង​ផង​ដែរ តែ​មិន​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២ មេ​សា ភ្លៀង​បាន បង្អុរ ធ្លាក់​យ៉ាង​ខ្លាំង នៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង និង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ហើយ​ថែម​ទាំង​មាន​ខ្យល់​កន្ត្រាក់​វាយប្រហារ​ផង​ដែរ ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា នៅ​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត​មាន​ជួប​គ្រោះ​មហន្តរាយ​ដូច​នៅ ស្រុក​មោង​ឬ​ស្សី​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​ពេល​នេះ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]