អង់គ្លេស៖ ក្លិប Liverpool ត្រូវបានគេរាយការណ៍ថា កំពុងតែខិតជិតដល់ការចុះកិច្ចសន្យាជាមួយដៃគូផ្គត់ផ្គង់ឯកសណ្ឋានថ្មីរបស់ខ្លួន ជាមួយក្រុមហ៊ុនផលិតសម្ភារកីឡា Nike។ បើតាមប្រភពដដែលនេះបានឱ្យដឹងទៀតថា កិច្ចសន្យាថ្មីរវាង Liverpool និង Nike ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចានេះ ត្រូវគេជឿថានឹងផ្តល់ឱ្យក្លិបហង្សក្រហមនៅកញ្ចប់ទឹកប្រាក់ច្រើនជាងកិច្ចសន្យាបច្ចុប្បន្នរបស់ Adidas ជាមួយ Manchester United ដែលទទួលបាន ៧៥០លានផោនក្នុងកិច្ចសន្យារយៈពេល ១០ឆ្នាំ។

ឯកសណ្ឋានរបស់ Liverpool ដែលផ្គត់ផ្គង់ដោយ New Balance (NB)
ឯកសណ្ឋានរដូវកាលកន្លងមករបស់ Liverpool

គួរបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ននេះ Liverpool កំពុងស្ថិតក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុន NB ក្នុងនាមជាដៃគូផ្គត់ផ្គង់ឯកសណ្ឋានផ្លូវការ ជាមួយតម្លៃកិច្ចសន្យាចំនួន ៤៥លានផោនក្នុងមួយរដូវកាល។ យ៉ាងណាមិញគេជឿថា Liverpool ទំនងជានឹងអាចចុះកិច្ចសន្យាជាមួយ Nike ដោយសារតែការផ្តល់កញ្ចប់លុយយ៉ាងសម្បើមមួយនេះ ខណៈដែលកិច្ចសន្យាជាមួយ New Balance ក៏នឹងផុតកំណត់នាចុងរដូវកាលក្រោយផងដែរ។ ម្យ៉ាងវិញទៀត Liverpool ក៏ទំនងជាមិនប្រកែកជាមួយសំណើលុយធំរបស់ Nike ដែរ បើគិតពីផលប្រយោជន៍នៃប្រាក់ចំណេញរបស់ក្លិប។

ឯកសណ្ឋានរបស់ Manchester United ដែលផ្គត់ផ្គង់ដោយ Adidas
ឯកសណ្ឋានរបស់ Chelsea ដែលផ្គត់ផ្គង់ដោយ Nike

បច្ចុប្បន្ននេះ ក្នុងចំណោមក្លិបកំពូលៗទាំង ៦ របស់អង់គ្លេស មានក្លិបចំនួន ៤ ដែលកំពុងមានកិច្ចសន្យាតម្លៃខ្ពស់ជាង Liverpool ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឯកសណ្ឋានរបស់គេ។ ជាក់ស្តែងក្លិប Manchester United កំពុងមានកិច្ចសន្យាជាមួយ Adidas ក្នុងកញ្ចប់ទឹកប្រាក់ ៧៥លានផោនក្នុងមួយរដូវកាល Manchester City មានកិច្ចសន្យាថ្មីជាមួយ Puma ក្នុងកញ្ចប់ទឹកប្រាក់ ៦៥លានផោនក្នុងមួយរដូវកាល Arsenal មានកិច្ចសន្យាថ្មីជាមួយ Adidas ក្នុងកញ្ចប់ទឹកប្រាក់ ៦០លានផោនក្នុងមួយរដូវកាល និង Chelsea មានកិច្ចសន្យាជាមួយ Nike ក្នុងកញ្ចប់ទឹកប្រាក់ ៦0លានផោនក្នុងមួយរដូវកាល។ យ៉ាងណាមិញមានតែ Spurs ប៉ុណ្ណោះដែលទទួលបានតិចជាងគេពីក្រុមហ៊ុន Nike ពោលគឺទទួលបាន ៣០លានផោនក្នុងមួយរដូវកាល ខណៈដែល Barcelona ជាក្លិបដែលមានកិច្ចសន្យាផ្គត់ផ្គង់ឯកសណ្ឋានថ្លៃជាងគេលើពិភពលោក ជាមួយកញ្ចប់ទឹកប្រាក់ ១០០លានផោនក្នុងមួយរដូវកាលពីក្រុមហ៊ុន Nike៕

ឯកសណ្ឋានថ្មីរបស់ Arsenal ដែលផ្គត់ផ្គង់ដោយ Adidas (រូបតំណាង)
ឯកសណ្ឋានថ្មីរបស់ Manchester City ដែលផ្គត់ផ្គង់ដោយ Puma (រូបតំណាង)
ឯកសណ្ឋានរបស់ Barcelona ដែលផ្គត់ផ្គង់ដោយ Nike

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]