ថៃ៖ ការសម្រកទម្ងន់គឺជារឿងធម្មតាទៅហើយសម្រាប់មនុស្សមួយចំនួន ហើយវាក៏មិនមែនជារឿងដែលខុសឆ្គងអ្វីដែរ។ ជាក់ស្តែង ដើម្បីសម្រកទម្ងន់ អ្នកខ្លះក៏ផ្លាស់ប្តូររបបអាហារ។ អ្នកខ្លះក៏ទៅហាត់ប្រាណជាប្រចាំ។ ប៉ុន្តែអ្នកខ្លះវិញ បែរជាជ្រើសរើសផ្លូវដ៏ងាយស្រួលបំផុត គឺការលេបថ្នាំសម្រកទម្ងន់ ហើយវាគឺជារឿងដ៏អកុសល ដែលការលេបថ្នាំសម្រកទម្ងន់នេះ គឺមិនមានប្រសិទ្ធភាពសម្រាប់នារីម្នាក់នេះទេ ផ្ទុយទៅវិញបែរជាឆក់យកជីវិតនាងទៅវិញ

យោងតាមប្រភពសារព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា អ្នកគ្រូស្រីម្នាក់រស់នៅក្នុងប្រទេសថៃ ត្រូវបានរាយការណ៍ថា នាងបានបាត់បង់ជីវិតព្រោះតែលេបថ្នាំសម្រកទម្ងន់។

យោងតាមសម្តីប៉ូលិសបានឱ្យដឹងថា អ្នកគ្រូស្រីនេះមានឈ្មោះ Chalida Watanasin អាយុ ៣២ឆ្នាំ ត្រូវបានប្រទះឃើញថាស្លាប់ ដោយឪពុកនាងឈ្មោះ Somkiart កាលពីវេលាម៉ោង ៨:៤៥នាទីព្រឹក កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ នៅពេលលោកបានរកឃើញថា កូនស្រីលោកមិនភ្ញាក់ពីគេងសោះ។ 

ដូច្នេះ លោកក៏ពិនិត្យមើលនាង ហើយក៏ដឹងថានាងបានដាច់ខ្យល់ស្លាប់បាត់ហើយ។ ដូច្នេះលោកក៏ស្រែកផ្អើលឆោឡោ ហើយប្តឹងប៉ូលិសភ្លាមៗ។

រូបភាពនៅកន្លែងកើតហេតុ

ក្រោយមកសមត្ថកិច្ច និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ។ គ្រូពេទ្យបានពិនិត្យសាកសពរបស់នាង ហើយមិនមានស្នាមរបួសអ្វីទាំងអស់នៅលើរាងកាយនាង។ ឆ្លងកាត់ការពិនិត្យរួច ពួកគេជឿជាក់ថា នាងបានស្លាប់បាត់បង់ជីវិតដោយសារតែគាំងបេះដូង អស់រយៈពេលប្រមាណ ៦ ទៅ ៨ម៉ោងមុនឯណោះ។

បន្ថែមពីនេះទៀត សាកសពរបស់នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Songklanagarind ដើម្បីធ្វើកោសល្យវិច័យបន្ថែមទៀត។

ដោយឡែក សមត្ថកិច្ចបានសាកសួរឪពុកនាង ហើយបានរកឃើញថា មុនពេលស្លាប់ នាងបានមកលេងលោក និងកូនប្រុសនាងនៅក្នុងស្រុក Mueang Trang ហើយនាងបានលេបថ្នាំសម្រកទម្ងន់អស់ ២គ្រាប់មុនគេង ហើយយើងជឿជាក់នេះគឺជាមូលហេតុ ដែលបណ្តាលឱ្យនាងគាំងបេះដូងស្លាប់។ ទន្ទឹមគ្នាដែរ សមត្ថកិច្ចក៏បានរកឃើញថ្នាំសម្រកទម្ងន់នៅក្នុងបន្ទប់នាង ហើយមានថ្នាំ ២គ្រាប់ដែលត្រូវបានបេះបាត់។  

ថ្នាំសម្រកទម្ងន់នៅក្នុងបន្ទប់អ្នកស្លាប់

បន្ថែមពីនេះទៀត មិត្តភក្តិរបស់អ្នកស្លាប់គឺអ្នកនាង Janthima Chunyong អាយុ ៣៥ឆ្នាំ បានប្រាប់ប៉ូលិសថា អ្នកគ្រូ Chalida បានទិញថ្នាំសម្រកទម្ងន់នេះតាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩មកម្ល៉េះ។

ដូច្នេះ យើងពិតជាអាចជឿជាក់បានថា អ្នកគ្រូស្រីម្នាក់នេះ ពិតជាបានលេបថ្នាំសម្រកទម្ងន់ពីរគ្រាប់នេះពិតប្រាកដមែន។

ហេតុដូចនេះ វាគឺជាការដាស់តឿនក្រែងរម្លឹកដល់អ្នករាល់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលេបថ្នាំសម្រកទម្ងន់។ សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាមុនសិន មុនពេលប្រើប្រាស់ថ្នាំទាំងនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]