ចិន៖ កុមារីអាយុ៤ឆ្នាំ ជនជាតិចិនម្នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយភាពធ្វេសប្រហែសរបស់ឪពុក មិនមើលមុខក្រោយ ទុកកូនស្រីជាប់ក្នុងឡានអស់ពេលជាច្រើនម៉ោង ទាំងក្តៅ ហប់ យ៉ាងគួរឲ្យសង្វេគ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ ហើយក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Qi Qi

នៅក្នុងថ្ងៃកើតហេតុនោះ ឪពុករបស់ក្មេងស្រី Qi Qi ឈ្មោះ Hu បានជូននាងទៅដាក់សាលា (សាលាមត្ដេយ្យ) ក្នុងទីក្រុង Yiyang ខេត្ត Hunan ។

កុមារី Qi Qi

ប៉ុន្តែនៅពេលដែលទៅដល់នោះ ឪពុករបស់នាងតូចខាងលើ ក៏បានបើកទ្វារឡានចេញទៅក្រៅមុននាង ព្រោះតែប្រញាប់លើកទូរស័ព្ទដែលគេហៅចូល(ឬខល) ទាំងភ្លេចគិតពីកូនស្រី។ ពោលគឺ នាងតូចអង្គុយលេងនៅកាបីនខាងក្រោយ មិនទាន់បានចុះពីលើឡាននៅឡើយ។

ប្រភពដដែលបន្តថា បន្ទាប់ពីនិយាយទូរស័ព្ទចប់ ឪពុករបស់កុមារីរងគ្រោះនេះ ថែមទាំងមិនបានចាប់អារម្មណ៍ពីកូនស្រីទៀត ព្រោះស្មានតែនាងចុះពីលើឡានហើយ ខណៈដែលខ្លួនក៏រវល់តែចុចទូរស័ព្ទ និងមិនបានមើលមុខក្រោយដែរ រួចក៏បានប្រញាប់ចូលឡានវិញបើកទៅធ្វើការ ដោយយកឡានទៅចតទុកចោលនៅចំណតមួយកន្លែង និងបាន Lock សោរទ្វារជាប់ (ចាក់សោរទ្វារឡានជាប់) ឯកូនស្រីតូចនៅខាងក្រោយក្នុងឡាននោះ ក៏មិនបានមាត់.ក ហើយលោក Hu ក៏មិនបានងាកមើលក្រោយដូចគ្នាទៀត។ ​​​​

នាងតូចត្រូវបានគេជឿជាក់ថា ទំនងជាអង្គុយលេងអ្វីមួយភ្លេចខ្លួន និងដោយសារតែនាងមាឌតូច អាចបាំងកៅអីមើលមិនឃើញ។ 

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ រឿងរ៉ាវមួយនេះ ត្រូវបានឆោឡោបន្ទាប់ពីម្តាយរបស់កុមារី Qi Qi បានដឹងថាកូនស្រីបាត់ខ្លួន នៅពេលនាងបានទៅយកកូនស្រីចេញពីសាលា និងត្រូវបានខាងសាលាប្រាប់ថា ពុំឃើញកូនស្រីរបស់នាងមករៀននោះទេ។

នៅទីបំផុត ក្មេងស្រីរងគ្រោះ Qi Qi ក៏ត្រូវបានគ្រួសាររបស់នាង រកឃើញនៅក្នុងឡាន នៅឯប្រលោះកៅអីអង្គុយខាងក្រោយ ទាំងស្ថិតក្នុងសភាពបាត់បង់ស្មារតី នៅចន្លោះម៉ោងប្រមាណ ៥ល្ងាច ហើយបើគិតតាំងពីព្រឹករហូតដល់ល្ងាចនោះ នាងជាប់ក្នុងឡានអស់៩ម៉ោង។ 

ភ្លាមៗក្រោយកើតហេតុ ឪពុកម្តាយរបស់នាង ក៏បានប្រញាប់ប្រញាល់ដឹកបញ្ជូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ខណៈដែលក្រុមគ្រូពេទ្យបានប្រកាសថា នាងតូចនេះបានថប់ដង្ហើមស្លាប់បាត់បង់ជីវិតទៅហើយ។

ឪពុកក្មេងស្រីខាងលើនេះបាននិយាយថា លោកពិតជាភ្លេចមើលកូនស្រីដែលអង្គុយនៅខាងក្រោយមែន ហើយនៅគ្រានោះលោកក៏បានចេញពីក្នុងឡានទាំងប្រញាប់ប្រញាល់ទៀត ទាំងពេលនៅសាលា និងនៅឯចំណត ព្រោះប្រញាល់ទៅធ្វើការ។

កុមារី Qi Qi

លោកថា លោកមិនបានចាប់អារម្មណ៍មើលកូនស្រីទាល់តែសោះ រហូតទាល់តែនៅចន្លោះម៉ោង ៥ល្ងាច ពេលប្រពន្ធលោកទូរស័ព្ទមករកលោក សួរពីរឿងកូនស្រី ទើបលោកស្រឡាំងកាំងតែម្តង។ ម្យ៉ាងខាងសាលា ក៏មិនបានទូរស័ព្ទជូនដំណឹងពីរឿងកូនមិនបានទៅរៀនទៀត ព្រោះជាធម្មតាខាងសាលាតែងផ្ញើជាសារ ឬទូរស័ព្ទប្រាប់អាណាព្យាបាលពីដំណឹងនេះ។ ថ្វីបើនេះជាកំហុសរបស់លោក ប៉ុន្តែប្រសិនបើខាងសាលាបានជូនដំណឹងមកលោកភ្លាមៗនៅគ្រានោះ ម្ល៉េះវាក៏មិនត្រូវមកជួបនឹងរឿងអាក្រក់បែបនេះ ដែលធ្វើឲ្យលោកស្លុតចិត្ត និងសោកស្តាយនោះឡើយ។

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ខាងសាលាក៏បានជូនជាថវិកា ៣២ ០០០យ័ន (ឬប្រហែលជាង ៤ ៧០០ដុល្លារអាមេរិក) ដើម្បីជាសំណង និងជាការចូលរួមរំលែកទុក្ខផងដែរ៕

រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ
រូបភាពផ្សេងៗក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]