ការផ្ទុកនូវកាឡូរី និងសារធាតុខ្លាញ់អាក្រក់ច្រើនពេកក្នុងរាងកាយ មិនត្រឹមតែធ្វើឱ្យអ្នកឡើងទម្ងន់ហួសប្រមាណនោះទេ តែវាក៏អាចប៉ះពាល់ដល់សុខភាពជាច្រើនមុខផ្សេងទៀតដូចជាជំងឺខ្លាញ់រុំបេះដូង ជំងឺបេះដូង ជំងឺលើសឈាម និងអាចបង្កជាជំងឺទឹកនោមផ្អែមទៀតផង។ ដូច្នេះហើយបានជាមនុស្សភាគច្រើនតែងតែចង់ឱ្យខ្លួនឯងមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺផ្សេងៗអស់ទាំងនេះ ដោយការព្យាយាមទទួលទានអាហារ បន្លែ និងផ្លែឈើល្អៗដែលមានប្រយោជន៍ចំពោះសុខភាព។

ទោះជាយ៉ាងនេះក្តី ការពិតទៅវិធីនៃការទទួលទានប្រចាំថ្ងៃរបស់អ្នកទៅវិញទេដែលអ្នកត្រូវគិតគូឱ្យបានហ្មត់ចត់ ព្រោះបើទោះជាអ្នកព្យាយាមទទួលទានអាហារល្អៗយ៉ាងណាក៏ដោយ បើទម្លាប់ទទួលទានរបស់អ្នកមិនល្អ អ្នកនៅតែមានបញ្ហាសុខភាពដដែល។

ហេតុនេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីវិធីងាយៗនៅក្នុងការកាត់បន្ថយកាឡូរី និងសារធាតុខ្លាញ់អាក្រក់ចេញពីរបបទទួលទានប្រចាំថ្ងៃរបស់អ្នក តាមរយៈ ៦ចំណុចធំៗទាំងនេះ៖

វិធីសុខភាពទទួលទាន

១. កុំប្រើទឹកជ្រលក់

ទឹកជ្រលក់ដែលមានដាក់លក់ស្រាប់ ឬធ្វើការវេចខ្ចប់ មានផ្ទុកទៅដោយជាតិកាឡូរី អំបិល និងស្ករដ៏ច្រើនលើសលប់ ដែលអាចប៉ះពាល់ដល់សុខភាព។ ជាពិសេសទម្លាប់មនុស្សទូទៅភាគច្រើន តែងតែចោលមិននូវការបន្ថែមទឹកជ្រលក់ផ្សេងៗក្នុងរបបអាហារទានជាប្រចាំ។ ដូច្នេះដើម្បីកាត់បន្ថយជាតិកាឡូរី និងសារធាតុមិនល្អប៉ះពាល់ដល់សុខភាព សូមធ្វើការចៀសវាងបន្ថែមទឹកជ្រលក់ផ្សេងៗក្នុងអាហាររបស់អ្នក បើអាចគួរតែធ្វើទឹកជ្រលក់ទទួលទាននៅផ្ទះដោយខ្លួនឯងទើបជាការប្រសើរ។

កុំប្រើទឹកជ្រលក់

២. ចៀសឱ្យឆ្ងាយពីភេសជ្ជៈកំប៉ុងដែលមានជាតិសូដា ឬហ្គាស

ទម្លាប់អាក្រក់ម្យ៉ាងទៀតដែលមនុស្សទូទៅតែងតែធ្វើនោះគឺ រាល់ការទទួលទានអាហារទាំងនៅក្នុងផ្ទះ ជាពិសេសគឺក្រៅផ្ទះតែងតែទទួលទានភេសជ្ជៈដែលមានជាតិសូដា ឬហ្គាសជំនួសទឹកធម្មតាទៅវិញ។ ជាការពិតណាស់ ក្នុងភេសជ្ជៈអស់ទាំងនោះមានផ្ទុកទៅដោយជាតិស្ករដ៏ច្រើនលើសលប់ និងសារធាតុបន្ថែមពណ៌ ដែលទាំងអស់នេះសុទ្ធសឹងតែប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងដូចជា បណ្តាលឱ្យឡើងទម្ងន់ លើសជាតិស្ករបង្កជាជំងឺទឹកនោមផ្អែម កើតជំងឺលើសឈាម និងបញ្ហាសុខភាពយ៉ាងច្រើន។ ដូច្នេះរាល់ពេលទទួលទាន សូមចៀសឱ្យឆ្ងាយពីគ្រឿងភេសជ្ជៈអាក្រក់ៗទាំងនោះ ដោយទទួលទានទឹកធម្មតាទើបជាការល្អ ឬអាចទទួលទានទឹកផ្លែឈើស្រស់ៗក៏បានដែរ។

ចៀសឱ្យឆ្ងាយពីភេសជ្ជៈកំប៉ុងដែលមានជាតិសូដា ឬហ្គាស

៣. កុំទិញសាំងវ៉ិច

សាំងវ៉ិចដែលគេវេចខ្ចប់ស្រាប់ ឬលក់នៅតាមហាងនានា សម្បូរទៅដោយជាតិប័រ ម៉ាយ៉ូណេ (Mayonnaise) និងជាតិសូដ្យូមដ៏ច្រើនលើសលប់អាចប៉ះពាល់ដល់សុខភាពរបស់អ្នក ថែមទាំងឡើងការឡូរីទៀត។ ដូច្នេះអ្នកគួរតែចៀសឱ្យឆ្ងាយក្នុងការទទួលទានសាំងវ៉ិចដែលទិញស្រាប់នៅខាងក្រៅ ឬទិញយកមកទុកទទួលទានជាដាច់ខាត បើអាចអ្នកគួរតែធ្វើសាំងវ៉ិចសម្រាប់ទទួលទានដោយខ្លួនឯង ដោយការប្រើប័រធម្មជាតិ ឬប័រសណ្តែកដីជាដើមទើបជាការល្អ។

កុំទិញសាំងវ៉ិច

៤. កាត់បន្ថយការទទួលទានសាច់ក្រហម

ពពួកសាច់ក្រហមដូចជាសាច់ជ្រូក៣ជាន់ សាច់ចៀម និងសាច់គោ បើទោះបីជាមានរសជាតិឆ្ងាញ់ តែវាមានផ្ទុកទៅដោយកូឡេស្តឺរ៉លដែលធ្វើឱ្យធាត់ និងប៉ះពាល់ដល់សុខភាពបាន។ ដូច្នេះប្រសិនជាអ្នកមានទម្លាប់ទទួលទានសាច់ក្រហមច្រើនសូមព្យាយាមកាត់បន្ថយ ហើយជំនួសដោយការទទួលទានពពួកសាច់ដែលល្អចំពោះសុខភាពវិញដូចជា ពពួកសាច់សុទ្ធជា សាច់ជ្រូក ស៊ុត សាច់មាន់ គ្រឿងសមុទ្រ និងសាច់ត្រីជាដើម។

កាត់បន្ថយការទទួលទានសាច់ក្រហម

៥. កុំទទួលទាននំប៉័ង

នំប៉័ង ត្បិតតែត្រូវបានផលិតដោយគ្រាប់ធុញ្ញជាតិចម្រុះក៏ពិតមែន តែវាក៏មានបន្ថែមទៅដោយ ជាតិកាឡូរី និងសារធាតុកាបូអ៊ីដ្រាតដែលប៉ះពាល់ដល់សុខភាពផងដែរ។ ដូច្នេះអ្នកមិនគួរទទួលទានពពួកនំប៉័ងច្រើនពេកនោះទេ យកល្អអ្នកគួរតែទទួលទានអាហារដែលមានផ្សំដោយគ្រាប់ធុញ្ញជាតិស្រស់ៗតែម្តង ដូចជាស្រូវសាលី ម្សៅ Oats និងពពួកធុញ្ញជាតិដទៃច្រើនទៀត ដែលជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានជាតិកាឡូរីតិច។

កុំទទួលទាននំប៉័ង

៦. ចម្អិនអាហារដោយខ្លួនឯង

ដូចដែលអ្នកបានដឹងរួចមកហើយថា គ្មានអ្វីដែលល្អជាងការទទួលទានអាហារនៅក្នុងផ្ទះដោយខ្លួនឯងទេ ព្រោះអ្នកនឹងចម្អិនវាដោយការប្រើគ្រឿងផ្សំល្អៗ ប្រកបដោយអានាម័យ និងបច្ចេកទេសល្អគិតគូដល់សុខភាពផងដែរ។ ដូច្នេះហើយអ្នកគួរតែកាត់បន្ថយការទទួលទានអាហារនៅក្រៅផ្ទះ ព្រោះរាល់ភោជនីយដ្ឋានគេប្រាកដជាព្យាយាមចម្អិនអាហារបែបណាឱ្យមានរសជាតិឆ្ងាញ់ទាក់ទាញភ្ញៀវ ដោយអាចប្រើ ការប្រើអំបិល ស្ករ និងប័រដ៏ច្រើនលើសលប់ ថែមទាំងអាចដាក់សារធាតុបន្ថែមរសជាតិឱ្យឆ្ងាញ់ពិសាផ្សេងៗផងដែរ ដែលទាំងនេះហើយសុទ្ធតែផ្ទុកនូវកាឡូរី និងសារធាតុមិនល្អប៉ះពាល់ដល់សុខភាពអ្នក ហើយធ្វើឱ្យឡើងទម្ងន់ទៀត៕

ចម្អិនអាហារដោយខ្លួនឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]