ចិន៖ ក្រុមហ៊ុនចិនកាត់អាមេរិកមួយកន្លែង រងការរិះគន់ បន្ទាប់ពីត្រូវបានរកឃើញថា ពួកគេបានឱ្យសិស្សក្មេងៗពាក់ឧបករណ៍ម្យ៉ាង ដើម្បីស្កេនរលកខួរក្បាលនៅក្នុងសាលា។

ក្រុមហ៊ុន BrainCo Inc., ដែលមានទីតាំងនៅក្នុងទីក្រុង Somerville រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានបង្កើតឧបករណ៍ពាក់ក្បាលម្យ៉ាងដែលមានឈ្មោះថា «Focus 1 Headbands» ដើម្បីតាមដានការយកចិត្តទុកដាក់ និងជំនួយដល់ការសិក្សារបស់សិស្ស។ 

សិស្សកំពុងតែពាក់ឧបករណ៍ Focus 1 Headbands ក្នុងថ្នាក់រៀន

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នៅខែមករាកន្លងទៅនេះ ក្រុមហ៊ុន BrainCo បានធ្វើតេស្តសាកល្បងឧបករណ៍នេះ ដាក់សិស្សជំទង់ចំនួន ១ម៉ឺននាក់ ដែលមានអាយុចាប់ពី ១០ ទៅ ១៧ឆ្នាំ នៅក្នុងសាលារៀនមួយកន្លែងក្នុងប្រទេសចិន។

បន្ថែមពីនេះទៀត ក្រុមហ៊ុននេះក៏បានចុះហត្ថលេខាជាមួយអ្នកចែកចាយក្នុងស្រុកផងដែរ ដើម្បីផ្គត់ផ្គង់ឧបករណ៍ពិសេសនេះចំនួន ២០,០០០ គ្រឿងបន្ថែមទៀត។

លោក Bicheng Han ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន BrainCo បានប្រាប់ក្រុមហ៊ុនសារព័ត៌មានថា៖ 

«គោលដៅរបស់យើងជាមួយនឹងឧបករណ៍ ២០,០០០គ្រឿងនេះ នឹងត្រូវបានយកទៅប្រើប្រាស់ចំពោះសិស្សជាច្រើននៅក្នុងសាលារៀន ដើម្បីតាមដាន និងចាប់យកទិន្នន័យពីពួកគេចំនួន ១.២លាននាក់។»

សិស្សកំពុងតែពាក់ឧបករណ៍ Focus 1 Headbands ក្នុងថ្នាក់រៀន

ដូច្នេះ លោកគ្រូអ្នកគ្រូ អាចតាមដានការយកចិត្តទុកដាក់របស់សិស្សបានតាមរយៈកម្មវិធី (app)។ មិនត្រឹមតែប៉ុណ្ណោះ ឧបករណ៍ Focus 1 Headbands ក៏មានពន្លឺភ្លើងដើម្បីឱ្យពួកលោកដឹងពីការចាប់អារម្មណ៍របស់សិស្សបានភ្លាមៗ ពោលគឺភ្លើងពណ៌ខៀវបង្ហាញពី «ការមិនចាប់អារម្មណ៍», ពណ៌លឿងបង្ហាញពី «ការផ្តោត» និងពណ៌ក្រហមបង្ហាញពី «ការផ្តោត និងយកចិត្តទុកដាក់ខ្លាំង»

ក្រៅពីការពិនិត្យតាមដានការផ្តោតអារម្មណ៍របស់សិស្ស ទិន្នន័យដែលបានមកពីឧបករណ៍ Focus 1 Headbands អាចយកទៅប្រើប្រាស់បានជាមួយនឹងការលេងហ្គេមនានា ដើម្បីឱ្យសិស្សលេងមុនពេលចូលរៀនក៏បានដែរ។ 

យ៉ាងណាមិញ ក៏មានក្រុមអ្នករិះគន់មួយចំនួន រួមទាំងអ្នកឯកទេសខាងសរសៃប្រសាទ និងអ្នកចិត្តសាស្ត្របានចោទសួរពីប្រសិទ្ធភាពនៃបច្ចេកវិទ្យានេះ ដោយចង្អុលបង្ហាញពីបំរែបំរួលធម្មជាតិនៅក្នុងសកម្មភាពសរសៃប្រសាទអាចនាំឱ្យមានការសន្មត់ខុសឆ្គង។

សិស្សកំពុងតែពាក់ឧបករណ៍ Focus 1 Headbands ក្នុងថ្នាក់រៀន

ក្នុងការឆ្លើយតបទៅនឹងប្រតិកម្មប្រឆាំងនាពេលថ្មីៗនេះ ក្រុមហ៊ុន BrainCo ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៥ ខែមេសាកន្លងទៅនេះ ដោយបញ្ជាក់ថាឧបករណ៍ Focus 1 Headbands នេះមានគោលបំណងជំនួយដល់ការសិក្សាឱ្យមានមានប្រសិទ្ធភាពខ្ពស់ ហើយឧបករណ៍នេះ ក៏មិនត្រូវបានដាក់លក់ឱ្យសាលារដ្ឋផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]