ចិន៖ ស្រ្តីជាម្តាយវ័យក្មេងជនជាតិចិនម្នាក់ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពមិនគប្បីប្រើហិង្សា ស្ទុះទាត់ទៅលើកូនស្រីតូច អាយុ៣ឆ្នាំ ដែលជាម៉ូដែល ក្រោយខឹងនឹងនាងថតនៅមិនស្ងៀម។ 

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបដែលត្រូវបានគេថតបាន មានរយៈពេលប្រមាណ ១០វិនាទី បង្ហោះចែកចាយលើបណ្តាញសង្គមនោះ គេឃើញក្មេងស្រីតូចរងគ្រោះពាក់អាវពណ៌លឿង ជាមួយនឹងសំពត់ខ្លីពណ៌.ស គឺពិតជាត្រូវបានម្តាយរបស់នាង ទាត់គូទមួយជើង នៅទីធ្លាខាងក្រៅមួយកន្លែង កំឡុងពេលថតម៉ូតសម្លៀកបំពាក់ ព្រោះតែខឹងនឹងនាងតូចចំពោះការថតមិនយកចិត្តទុកដាក់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃច័ន្ទ កន្លងទៅនេះ ក្នុងទីក្រុង Hnagzhou ខេត្ត Zhejiang ប្រទេសចិន ហើយក្មេងស្រីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Niu Niu ។ នាងតូចនាងនេះ ក៏ត្រូវបានគេដឹងផងដែរថា នាងធ្វើការស្ទើរតែពេញមួយថ្ងៃៗតែម្តង ទៅលើការថតលក្ខណៈជាម៉ូដែលម៉ូតសម្លៀកបំពាក់នេះ។

កុមារី Niu បានធ្វើការជាតារាម៉ូដែលនេះ រយៈពេលជាង៦ខែហើយ ហើយនាងក៏ត្រូវបានគេស្គាល់ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើហាងសម្លៀកបំពាក់អនឡានជាច្រើន ដោយសារតែនាងតូច មានសម្រស់ស្រស់ស្អាត ឃ្យូតនិងគួរឲ្យស្រលាញ់ ដែលជាហេតុធ្វើឲ្យរូបថតហ្វេសិន (Fashion) របស់នាង គឺមានទាក់ទាញ និងសក្តិសមតែម្តង។

កុមារី Niu Niu

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ បន្ទាប់ពីវីដេអូឃ្លីបត្រូវបានចែកចាយច្រើន នៅលើបណ្តាញសង្គមចិន រហូតផ្ទុះអ្នកចុចចូលទស្សនាខ្ទង់ជាង ៣៦០លានដង អមមកជាមួយនឹងពាក្យសម្ដីរិះគន់យ៉ាងចាស់ដៃ ទៅលើសកម្មភាពរបស់ស្រ្តីជាម្តាយ ដោយចោទប្រកាន់ថា ជាសកម្មភាពរំលោភបំពានលើកុមារនោះ កាលពីថ្មីៗនេះ ស្រ្តីជាម្តាយក្មេងស្រីខាងលើ ក៏បានចេញមុខសុំទោសជាសាធារណៈចំពោះទង្វើមិនគប្បីរបស់ខ្លួនផងដែរ។

ស្រ្តីជាម្តាយរបស់កុមារី Niu Niu បាននិយាយថា ខ្លួនមិនមានបំណងចង់វាយធ្វើបាបកូនស្រីនោះទេ ហើយខ្លួនពិតជាសុំទោសយ៉ាងខ្លាំងចំពោះកំហុសមួយនេះ និងបានបដិសេធចំពោះការចោទប្រកាន់ថា ខ្លួនរំលោភបំពានលើកុមារផងដែរ។

ស្រ្តីជាម្តាយបានបញ្ជាក់ប្រាប់ថា នៅក្នុងថ្ងៃកើតហេតុនោះ កូនស្រី Niu Niu បានរត់ទៅមុខ ដែលធ្វើឲ្យខុសប្លង់ ងងឹតថតមិនកើត ទើបបានជាខ្លួនខឹងបែបនេះ។ ស្រ្តីជាម្តាយថា ខ្លួនពិតស្រលាញ់កូនស្រីខ្លាំងណាស់ ហើយខ្លួនក៏មិនដែលវាយតប់នាងនោះដែរ។ ហើយនៅក្នុងថ្ងៃនោះ កូនស្រីក៏មិនបានជារងរបួសអីនោះឡើយ។

គួរឲ្យដឹងផងដែរថា បើតាមប្រភព កុមារតូចៗក្នុងប្រទេសចិន ដែលមានបទពិសោធន៍នៅក្នុងការថតលក្ខណៈជាម៉ូដែលសម្លៀកបំពាក់នេះ ពួកគេអាចរកចំណូលបានចន្លោះពី ៨០ ទៅ ១៦០យ័ន ឬ ១១ ទៅ ២២ដុល្លារអាមេរិក សម្រាប់ម៉ូតសម្លៀកបំពាក់នីមួយៗដែលពួកគេបានថត។ ហើយនៅក្នុងនោះ ជាធម្មតាទម្រាំបាន១ប៉ុស្តិ៍ៗ ម៉ូដែលកុមារត្រូវចំណាយពេលថតក៏ជាង ៤នាទីដែរ ឬ បាន១៥សន្លឹក (រូបថត) ក្នុងរយៈពេល១ម៉ោង។

រូបភាពតំណាង ក្មេងៗដើរម៉ូត

គួរឲ្យដឹងបន្ថែមថា បច្ចុប្បន្ននៅក្នុងនៅប្រទេសចិន ពុំមានច្បាប់ទប់ស្កាត់ ឬហាមឃាត់ឪពុកម្តាយ ក្នុងការប្រើកូនតូចៗបំពេញការងារផ្សេងៗ ដើម្បីស៊ីកម្លាំងញើសឈាមពីពួកគេនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]