រាជធានីភ្នំពេញ ​៖ កម្មករ៣នាក់​បានរងរបួសធ្ងន់ និង៧នាក់ផ្សេងទៀតរបួសស្រាល ក្នុងហេតុការណ៍​ប្រទូស្ត​រ៉ាយគ្នាយ៉ាងខ្លាំងក្លាកណ្តាលថ្ងៃត្រង់ ​រវាង​កម្មកររោងចក្រ២ផ្សេងគ្នា ដែលមានទំនាស់​ពេល​កំពុង​ផឹក​សុ​ី​ក្នុង​ពិធីជប់លៀង ដែល​រៀបចំ​ឡើង​ដោយ​ថៅកែ​រោងចក្រ ដើម្បី​អបអរសាទរ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

ភាគី​ទាំង​២​ម្ខាង​ៗ ​មាន​គ្នា​រាប់រយ​នាក់បាន​វាយតប់​គ្នា ព្រមទាំង​ប្រើ​ដុំ​ថ្ម ដប​ស្រា និង​កែវ​ស្រា​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​បាន​ស្រែក​ជេរ​បញ្ចោរ​គ្នា​យ៉ាង​អនាធិបតេយ្យ ទ្រហឹងអឺងកង​ពេញ​រោងចក្រ គ្មាន​សណ្ដាប់ធ្នាប់​ឡើយ និង​មើលទៅ​អាក្រក់​បំផុត ។ ភ្លាម​ៗ​នោះ​ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​បណ្ដា​ប៉ុស្តិ៍​នានា បាន​ចេញ​អន្តរាគមន៍​ទប់ស្កាត់​បន្ទាន់ ប៉ុន្តែ​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ឡើយ គឺជា​ទំនាស់​បែកផ្សែង ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២ ​និង​៥០​នាទី ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្នុង​រោងចក្រ «​ខេ​ម​បូ​ឌា​ន រេ​ដ​សាន់ ខ្លូ​សុ​ី​ង ខូ​អិ​ល​ធី​ឌី​» និង​រោងចក្រ​«​មី​ល័​រ ខេ​ម​បូ​ឌា ហ្គា​មុ​ិ​ន​ឯក​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេ​វែ​ន​សុ​ី ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ អ្នក​រង​របួសធ្ងន់ និង​ស្រាល​ទាំង​១០​នាក់​នោះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​បណ្ដា​គ្លីនិក​ឯកជន​មួយ​ចំនួន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ថៅកែ​រោងចក្រ​កាត់ដេរ​ទាំង​២​ខាងលើ បាន​រៀបចំ​ធ្វើ​ពិធីជប់លៀង​ជូន​កម្មករ ដើម្បី​ជា​ការ​អបអរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខណៈនោះ​រោងចក្រ​នីមួយ​ៗ​មាន​កម្មករ​កម្មការិនី​ចូលរួម​រាប់រយ​នាក់ ។ ខណៈ​ដែល​កម្មវិធី​បាន​ដំណើរការ​តាំងពី​ព្រឹក រហូត​ដល់​ពេល​កើតហេតុ​មានកម្ម​ការិនី​២​នាក់ បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ «​ខេ​ម​បូ​ឌា​ន រេ​ដ​សាន់ ខ្លូ​សុ​ី​ង ខូ​អិ​ល​ធី​ឌី​» បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញ​ក្រៅ​ដើម្បី​រក​ទិញ​ម្ជូរ​យក​ទៅ​ហូប ទំនង​ឃ្លាន​ម្ជូរ ។ ពេល​នោះ​ពួក​នាង​បាន​ជួប​និង​យុវជន​១​ក្រុម ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ «​មី​ល័​រ ខេ​ម​បូ​ឌា ហ្គា​មុ​ិ​ន​ឯក​» ហើយ​​​យុវជន​ទាំងនោះ​បាន​យក​ម្សៅ​ទៅ​ប៉ាត​ពួក​នាង ព្រមទាំង​បន្លំ​អង្អែល​ក្បាល​ពួក​នាង​ទាំង​២​នាក់​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ពួក​នាង​បាន​ជិះ​ម៉ូតូ​ត្រឡប់​ចូល​ទៅ​ក្នុង​រោងចក្រ​វិញ រួច​យក​រឿង​នេះ​ទៅ​ប្រាប់​ប្ដី​និង​សង្សារ​ឲ្យ​ដឹង ។ គ្រាន់តែ​ដឹង​ភ្លាម ក្រុម​កម្មករ​ជា​ប្ដី​ព្រមទាំង​សង្សារ​ពួក​នាង​ទាំ​២​នាក់ បាន​នាំ​គ្នីគ្នា​៥​ទៅ​៦​នាក់​ចេញ​ទៅ​សួរនាំ យុវជន​ដែល​លេប​ខា​យ​លើ​ស្រី​ស្នេហ៍​របស់​ខ្លួន ទើប​ខណៈនោះ​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី រហូត​ក្លាយទៅជា​អំពើ​ហឹ​ង្សា​វាយតប់​គ្នា និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ភាគី​ម្ខាង​ៗ​មាន​គ្នា​រាប់រយ​នាក់ បាន​ទាញ​ដុំ​ថ្ម ដប​ស្រា និង​កែវ​ស្រា គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រញ៉េរញ៉ៃ​ពេញ​ក្នុង​រោងចក្រ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ហើយ​តំណាង​រោងចក្រ​ទាំង​២ បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​បាន​ឯកភាព​គ្នា​ថា​មិន​ប្ដឹងផ្ដល់​គ្នា​ឡើយ ដោយ​សុខចិត្ត​ជួយ​ព្យាបាល​កម្មករ​របស់​ខ្លួន ដែល​រង​របួស​រៀង​ៗ​ខ្លួន ។ ម្យ៉ាងទៀត​ដរាបណា​គ្មាន​អ្នក​ស្លាប់ ប្រសិនបើ​មាន​​កម្មករ​រោងចក្រ​ណា​ស្លាប់​ទើប​មានការ​ប្ដឹងប្ដល់​គ្នា ហើយ​ក្រោយ​ពេល​រឿង​ត្រូវ​បញ្ចប់ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​កម្លាំង​នគរបាល​ដក​ចេញពី​រោងចក្រ​នោះ​វិញ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]