(ភ្នំពេញ)៖ តាមរយៈការសាកសួររបស់អង្គភាពព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល កំណត់អត្តសញ្ញាណបានហើយ ហើយឈានទៅឃាត់ខ្លួននៅថ្ងៃនេះតែម្តង។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអះអាងថា ក្រោយពេលបានទទួលព័ត៌មានពាក់ព័ន្ធការប្រើអំពើហិង្សានេះ កម្លាំងកងរាជអាវុធហត្ថបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស៊ើបអង្កេតជាបន្តបន្ទាប់រហូតកំណត់អត្តសញ្ញាណរបស់ជនបង្កហិង្សា និងឈានទៅឃាត់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់នៅថ្ងៃនេះតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

យោងតាមស្ត្រីដែលជាអ្នករងនូវអំពើហិង្សាបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសបង្កអំពើហិង្សាបានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ។ ដោយឃើញរថយន្តបើកលឿនស្ទើរតែបុកខ្លួនដែលកំពុងដើរនោះ នារីរងគ្រោះ ក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ។

បើតាមការរៀបរាប់របស់នារីរងគ្រោះ បានឱ្យដឹងថា ក្រោយខ្លួនលើកឡើងបែបនោះ បុរសបង្កអំពើហិង្សាក៏បានជេរម្តាយខ្លួន ខ្លួនក៏បានជេរតបទៅលើជនបង្កហិង្សាវិញផងដែរ។

បន្ទាប់ពីនារីរងគ្រោះជេរតបបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានស្ទុះមកទះនារីរងគ្រោះមួយកំផ្លៀងឱ្យដួលអុកគូទទៅនឹងថ្នល់តែម្តង។ ក្រោយពីទះកំផ្លៀងហើយ បុរសបង្កហេតុក៏បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ។

រូបភាពនៃការប្រើអំពើហិង្សានេះ នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ព្រោះរូបភាពប្រើអំពើហិង្សានេះជារូបភាពដ៏អាក្រក់មួយនៅក្នុងសង្គមខ្មែរ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]