រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រដាប់អាវុធម្នាក់បានជិះម៉ូតូម៉ាកវ៉េវកញ្ចាស់១គ្រឿងតាមពីក្រោយស្ត្រីជាកម្មការិនីរោងចក្រម្នាក់ដែលកំពុងជិះម៉ូតូស៊េរីទំនើប១គ្រឿងតែម្នាក់ឯងចេញពីរោងចក្រកាត់ដេរត្រឡប់ទៅផ្ទះ លុះពេលទៅដល់កន្លែងស្ងាត់ ជនសង្ស័យម្នាក់នេះបានបើកជែង រួចស្ទាក់ផ្លូវឲ្យស្ត្រីរងគ្រោះឈប់ ហើយដកកាំភ្លើងខ្លីពីចង្កេះភ្ជង់គម្រាមបាញ់សម្លាប់ប្លន់ យកម៉ូតូជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ដោយជនសង្ស័យម្នាក់នេះបានបន្សល់ទុកម៉ូតូកញ្ចាស់របស់ខ្លួននៅកន្លែងកើតហេតុ បន្ទាប់មកស្ត្រីរងគ្រោះបានដាក់ពាក្យប្ដឹងសុំការអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំបូល។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចដីវាលត្រពាំងវែងតានៃខាងជើងវត្តតាភេម ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះខាងលើឈ្មោះ ស៊ឹម ចាន់ថន អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរ «សាព្រីណា» មានប្តីឈ្មោះ សាក់ សិទ្ធ អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិរំដួល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ ។
ចំណែកម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១GY-៩៥៣៨ ប៉ុន្តែម៉ូតូនេះមិនមែនជាកម្មសិទ្ធិរបស់ស្ត្រីរងគ្រោះនោះទេគឺជាកម្មសិទ្ធិរបស់ឪពុកក្មេកនាងឈ្មោះ កាន សាក់ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ។
តាមប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយចេញពីធ្វើការរោងចក្រគាត់បានជិះម៉ូតូតែម្នាក់ឯងឆ្ពោះទៅផ្ទះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវកញ្ចាស់ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២C-១៣៨៨ តាមពីក្រោយគាត់ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានបន្ថែមល្បឿនជែងទៅមុន រួចឈប់ម៉ូតូស្ទាក់ផ្លូវពីមុខគាត់ ហើយដកកាំភ្លើងខ្លី ពណ៌ខ្មៅប្រផេះ ដែលគាត់មិនស្គាល់ម៉ាក ភ្ជង់គម្រាមបាញ់សម្លាប់ឲ្យប្រគល់ម៉ូតូ ពេលនោះគាត់ភ័យយ៉ាងខ្លាំងមិនហ៊ានប្រទូស្តរ៉ាយជាមួយជនសង្ស័យឡើយ ប៉ុន្តែគាត់បានអង្វរសុំឲ្យជនសង្ស័យទុកជីវិត ព្រមទាំងសុំយកកាតការងារដែលទុកនៅក្រោមកែបម៉ូតូ ពេលនោះជនសង្ស័យក៏យល់ព្រមចាក់សោបើកកែបម៉ូតូយកកាតរោងចក្រនោះបោះចោលទៅលើដី រួចជិះម៉ូតូម៉ាកហុងដានោះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងម៉ាកវ៉េវកញ្ចាស់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កំបូលជួយអន្តរាគមន៍ស្រាវជ្រាវដើម្បីរកចាប់ជនសង្ស័យខាងលើយកមកផ្តន្ទាទោសចាប់ច្បាប់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]