សិង្ហបុរី៖ ជួនកាល វាគឺជារឿងដែលមិនអាចចៀសរួចទៅហើយ ដែលយើងត្រូវត្រលប់មកផ្ទះយឺត ព្រោះតែរវល់ជាមួយនឹងការងារ ឬក៏មានបញ្ហាមួយចំនួន ប៉ុន្តែក្នុងនាមជាប្តីល្អ យើងគួរតែប្រាប់ប្រពន្ធ ឬក្រុមគ្រួសារយើងជាមុនសិន ទើបជាការល្អ។ 

ដូច្នេះពួកគេក៏មិនចាំបាច់បារម្ភផងដែរ។ ពិតណាស់ ប្រសិនបើអ្នកបោះបង់ក្រុមគ្រួសារអ្នក ឬក៏ធ្វើរឿងអ្វីមួយដែលមិនគួរគប្បី ដោយយកលេសថារវល់ រួចក៏ទៅផ្ទះយឺតជាញឹកញាប់នោះ វាគឺជារឿងមួយផ្សេងទៀត។

យោងតាមប្រភពសារព័ត៌មានចិនបានឱ្យដឹងថា ថ្មីៗនេះ មានបុរសម្នាក់មានឈ្មោះ Zhong Zhengye អាយុ ៥១ឆ្នាំ រស់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានប្រពន្ធយកកាំបិតចាក់ និងយកដងវាយកូនហ្គោល វាយលោកឡើងទួកសាច់ ព្រោះតែលោកមកផ្ទះយឺត។

ចំណែកប្រពន្ធមានឈ្មោះ Phan Thi Ngoc Dung អាយុ ៤៤ឆ្នាំ ជាជនជាតិវៀតណាម ហើយពួកគេបានរៀបការជាមួយគ្នាតាំងតែពីឆ្នាំ ២០១៤មកម្ល៉េះ។

មុនពេលរៀបការ ពួកគេបានស្គាល់គ្នាអស់រយៈពេល ៩ឆ្នាំតាមរយៈមិត្តភក្តិណែនាំឱ្យស្គាល់ ហើយពួកគេបានមានទំនាក់ទំនងស្នេហាជាមួយគ្នាប្រភេទ Long Distance Relationship ឬទំនាក់ទំនងឆ្ងាយគ្នាអស់រយៈពេល ៧ឆ្នាំ ទើបសម្រេចចិត្តថារៀបការជាមួយគ្នា។ 

ក្រោយមក អ្នកនាង Phan ដែលត្រូវជាប្រពន្ធរបស់លោកសព្វថ្ងៃនេះ ក៏បានចាកចេញពីប្រទេសវៀតណាម មករស់នៅជាមួយលោកនៅក្នុងប្រទេសសិង្ហបុរី ដោយនាំយកកូនស្រីអាយុ ១៨ឆ្នាំមកជាមួយនាងផងដែរ (កូនស្រីជាមួយនឹងប្តីមុនរបស់អ្នកនាង Phan)។ 

បន្ទាប់មក ពួកគេក៏បានរស់នៅជាមួយគ្នា ប៉ុន្តែមិនយូរប៉ុន្មានក៏មានការឈ្លោះប្រកែកគ្នាដល់ថ្នាក់ប្រើអំពើហិង្សា ដែលលោក Zhong គឺជាប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង។ ដូច្នេះលោករមែងធ្វើការដល់យប់ជ្រៅ តែងតែមកផ្ទះយឺត ហើយពេលខ្លះមិនបានមកផ្ទះក៏មានដែរ។ 

យ៉ាងណាមិញ កាលពីថ្មីៗនេះ បន្ទាប់ពីលោក Zhong ត្រលប់មកផ្ទះវិញ មិនដឹងជាមូលហេតុអ្វី ស្រាប់តែប្រពន្ធលោកកម្រោលចូល បានយកកាំបិតមកចាក់លោកយកតែម្តង មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានយកដងវាយកូនហ្គោល មកវាយលោកថែមទៀតផង។

រំពេចនោះ លោកក៏ប្រញាប់រត់គេចចេញពីប្រពន្ធលោក ហើយកូនស្រីចុងរបស់លោកក៏បានជួយឃាត់ម្តាយរបស់នាងផងដែរ។

ក្រោយមក លោកក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ គ្រូពេទ្យបានបញ្ជាក់ថា របួសរបស់លោក Zhong មានសភាពធ្ងន់ធ្ងរណាស់ ជាពិសេសនៅត្រង់ក្បាលនឹងយកតែម្តង ព្រោះតែរបួសនេះបង្កឱ្យមានការហូរឈាមនៅក្នុងខួរក្បាលរបស់លោក ហើយដូច្នេះជាបណ្តោះអាសន្ន ភ្នែកខាងឆ្វែងរបស់លោកនឹងមិនអាចមើលឃើញបានទេ។ 

លោកត្រូវតែឆ្លងកាត់ការវះកាត់ និងពិនិត្យសុខភាពផ្សេងៗទៀត។

ដោយឡែក ប្រពន្ធលោកវិញ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងតែឆ្លងកាត់ការវាយតម្លៃផ្លូវចិត្តនៅក្នុងមន្ទីរពេទ្យមួយកន្លែង ហើយសមត្ថកិច្ចនឹងយកនាងទៅដោះស្រាយទៅតាមផ្លូវច្បាប់។

យ៉ាងណាមិញ លោក Zhong បាននិយាយថា លោកតែងតែងរវល់ជាមួយនឹងការងារ ហើយតែងតែចាកចេញពីផ្ទះតាំងពីព្រឹកព្រលឹម និងត្រលប់មកផ្ទះវិញយប់ជ្រៅ។ ដូច្នេះប្រពន្ធលោកតែងតែរអ៊ូថា លោកមិនដែលនៅផ្ទះនោះទេ ហើយពួកគេរមែងឈ្លោះគ្នាជាច្រើនលើច្រើនសា។

លោកបន្តនិយាយទៀតថា ប្រពន្ធលោកគឺជាស្រ្តីមេផ្ទះ ហើយនាងគ្រាន់តែធ្វើការងារក្រៅម៉ោងនៅពេលខ្លះតែប៉ុណ្ណោះ។

យ៉ាងណាមិញ យើងសង្ឃឹមថា លោក Zhong អាចជាសះស្បើយក្នុងពេលឆាប់ៗនេះទៅចុះ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]