ខេត្តក្រចេះ​ ៖ ក្រុម​សមត្ថកិច្ច​ខេត្តក្រចេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​មេសា បាន​​​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​​ក្នុង​​នោះ​ សត្វព្រៃ​រស់​មាន​ដូច​ជាសត្វ​ឥន្ទ្រី​ចំនួន​២០​ក្បាល និងសត្វសំ​ពោច៨​ក្បាល ដោយ​​ធ្វើការ​រំដោះ​ចេញពី​​រថយន្តខណៈ​​ឈ្មួញ​​​លួច​ដឹក​​ជញ្ជូន ​។​ 

ក្រុម​សមត្ថកិច្ច​បាន​និយាយ​ថា ពពួកសត្វ​ព្រៃ​ដ៏​កម្រ​ទាំងនេះ ត្រូវ​បាន​ឈ្មួញ​លួច​​ដឹក​​តាម​រថយន្ត​កា​មេ​រី​ឆ្លាម​១​គ្រឿង ទំនងជា​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​កាន់​ព្រំដែន​វៀត​ណាម តែ​ត្រូវ​បាន​ធ្វើការ​ស្រាវជ្រាវ​ស្ទាក់​ចាប់​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ ។​

​​ទោះជា​បែ​បណា សកម្មភាព​បង្ក្រាប​​ឈ្មួញ​ដឹក​ជញ្ជូន​ មិន​ត្រូវ​បាន​ឃាត់​ខ្លួនមនុស្ស​នោះ​ទេ ដោយ​សមត្ថកិច្ច​អះអា​ង​ថា អ្នក​បើករថយន្ត​បាន​គេចខ្លួនបាត់ ​ក្រោយ​​ការ​តាម​ស្ទាក់ចាប់​រថយន្តនោះបាន ​។​ ​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​អូរ​គ្រៀង លោក កែវ ចំណាន បាន​ប្រាប់​ឲ្យ​ដឹង​ថា សត្វព្រៃត្រូវ​នាំ​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ ដើម្បី​រង់ចាំ​​ចំណាត់ការ​ធ្វើការ​ដោះ​លែង ចូល​ក្នុង​ព្រៃ​​ឱ្យ​​មាន​សុវត្ថិភាព​វិញ​ ។​

​មានការ​កត់សម្គាល់​ឃើញ​ថា បទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃ​ គឺ​នៅ​តែ​មាន​លួចលាក់ក្នុងរូបភាព​ផ្សេង​ៗ​ពី​ក្រុម​ឈ្មួញ​ដដែល ហើយ​ក្នុង​ទិស​ដៅ​នាំ​ចេញ​នៅ​ប្រទេស​វៀតណាម​ទៀតផង ។​ ​ប្រភព​​បាន​និយាយ​ថា សត្វព្រៃ​គ្រប់​ប្រភេទ​សព្វថ្ងៃ​ កំពុង​តែ​មាននៅ​​ទីផ្សារ​ខ្ពស់​​ តាម​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ ។ ទន្ទឹម​គ្នា​នេះ ​ការ​លួច​​ធ្វើ​អាជីវកម្ម​ពី​ឈ្មួញ​ទុ​ច្ច​រិត​​លើជំនួញ​ខុសច្បាប់​នេះ ក៏​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​ដោយ​ពួក​គេ​បាន​ប្រើ​គ្រប់​រូបភាព​មធ្យោបាយ ដើម្បី​ដឹក​ជញ្ជូន​ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]