ជប៉ុន៖ ជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលមានសេដ្ឋកិច្ចខ្លាំង ពោរពេញទៅដោយគំនិតច្នៃប្រឌិតខ្ពស់ ខុសប្លែកពីគេ។ ភាគច្រើន មនុស្សម្នាតែងតែឱ្យតម្លៃ និងកោតសរសើរជាតិសាសន៍មួយនេះ ព្រោះតែពួកគេមានសុជីវធម៌ល្អ និងពោរពេញទៅដោយគុណធម៌។ ទន្ទឹងគ្នានេះដែរ ជប៉ុនក៏ល្បីឈ្មោះ ព្រោះតែបង្កើតអ្វីថ្មីៗផងដែរ។ ដូច្នេះ ថ្ងៃនេះ យើងសូមណែនាំអ្នករាល់គ្នា មកស្គាល់បង្គន់ពិសេសម្យ៉ាង ដែលបាននិងកំពុងតែល្បីនៅប្រទេសជប៉ុន ព្រោះតែលក្ខណៈខុសប្លែកពីគេ។ 

បង្គន់ពិសេសនៅហាង Hipopo Papa

បង្គន់នោះគឺនៅក្នុងហាងកាហ្វេមួយកន្លែងឈ្មោះ Hipopo Papa ដែលពីមុនហាងកាហ្វេនេះមានឈ្មោះ Mumin Papa។ ហាងកាហ្វេនេះមានទីតាំងនៅតំបន់ឆ្នេរ Hayashizaki Matsue ក្នុងទីក្រុង Akashi។

វាគឺជាហាងកាហ្វេដ៏ល្បីមួយ ព្រោះតែបរិយាកាសល្អ ហើយវាកាន់តែមានឈ្មោះល្បីល្បាញបន្ថែមទៀត បន្ទាប់ពីម្ចាស់ហាងបានសម្រេចចិត្តថា នឹងច្នៃបង្គន់របស់មនុស្សស្រីឱ្យកាន់តែអស្ចារ្យ មានភាពទាក់ទាញបន្ថែមទៀត ពោលគឺបង្គន់នោះ ត្រូវបានរចនាឡើង ដោយកញ្ចក់អាងត្រីដ៏ធំព័ន្ធជុំវិញ ក្នុងនោះមានទាំងសត្វត្រី និងអណ្តើកជាច្រើនក្បាលហែលពេញហ្នឹង។

វាពិតជាចម្លែកពិតមែន ហើយក៏មានតែមួយនៅក្នុងប្រទេសជប៉ុន ហើយក៏ប្រហែលជាមានតែមួយនៅក្នុងពិភពលោកផងដែរ។

បង្គន់ពិសេសនេះ មាននៅក្នុងហាងកាហ្វេ Hipopo Papa អស់រយៈពេលជាង ១២ឆ្នាំមកហើយ ប៉ុន្តែវានៅតែល្បី និងទាក់ទាញភ្ញៀវទេសចរជាច្រើននៅក្នុងតំបន់ Akashi។ យោងតាមសម្តីម្ចាស់ហាងបានឱ្យដឹងថា លោកចំណាយប្រាក់អស់ប្រមាណ ២៧០,០០០ដុល្លារសម្រាប់ធ្វើបង្គន់មួយនេះឡើង។

បង្គន់ពិសេសនៅហាង Hipopo Papa

បើទោះបីជាវាគឺជាបង្គន់របស់មនុស្សស្រីក៏ដោយ ប៉ុន្តែបុគ្គលិកនៅក្នុងហាង Hipopo Papa រីករាយនឹងបង្ហាញវាជូនដល់ភ្ញៀវបុរស ប្រសិនបើហាងពុំសូវមានភ្ញៀវ។

យ៉ាងណាមិញ មានអាងត្រីដ៏ធំព័ន្ធជុំវិញអីចឹង ឡូយម្យ៉ាងដែរតើ ប៉ុន្តែវាក៏មានផលពិបាកមួយចំនួនផងដែរ។ តួយ៉ាង យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា មានភ្ញៀវមួយចំនួន បានចំណាយពេលច្រើននៅក្នុងបង្គន់នេះ ព្រោះតែវាមានទេសភាពស្រស់ស្អាត និងវិសេសខុសប្លែកពីគេ ខណៈពេលមានភ្ញៀវដទៃទៀតមួយចំនួន មិនហ៊ានប្រើប្រាស់បង្គន់មួយនេះទេ ព្រោះតែមានត្រីព័ន្ធជុំវិញច្រើនពេក ធ្វើឱ្យពួកគេមានអារម្មណ៍ថាមិនសូវស្រួលក្នុងការបន្ទោបង់។ 

បង្គន់ពិសេសនៅហាង Hipopo Papa

ប៉ុន្តែប្រសិនបើអ្នកមានឱកាសបានទៅលេងកម្សាន្តនៅប្រទេសជប៉ុន អ្នកអាចសាកល្បងទៅទីនោះបាន ដើម្បីទទួលបានបទពិសោធន៍ថ្មីនៅក្នុងជីវិត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បង្គន់ពិសេសនៅហាង Hipopo Papa
ហាង Hipopo Papa
បង្គន់ពិសេសនៅហាង Hipopo Papa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]