ប៉េរូ៖ ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ បានធ្វើឲ្យមហាជនជាច្រើនក្តុកក្តួល និងទទួលបានការសរសើរយ៉ាងខ្លាំង ចំពោះសកម្មភាពតស៊ូព្យាយាមនៅក្នុងការសិក្សារៀនសូត្ររបស់គេ សុខចិត្តមកធ្វើកិច្ចការសាលាក្រោមពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ព្រោះតែគ្រួសារក្រក្រីពុំមានភ្លើងប្រើនឹងគេ។

ក្មេងប្រុស Victor Martin Angulo Cordoba

ក្មេងប្រុសដ៏កំសត់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Victor Martin Angulo Cordoba រស់នៅក្នុងទីក្រុង Moche ប្រទសប៉េរូ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុគ្គលិកនៅនាយកដ្ឋានប៉ូលិស Moche (Moche Police Department) មានការភ្ញាក់ផ្អើល កាលពីចុងខែមីនា កន្លងទៅនេះ ខណៈពួកគេបានឆែកមើលកាម៉េរាសុវត្ថិភាព។ ដោយនៅក្នុងនោះ ពួកគេបានកត់សម្គាល់ឃើញ មានក្មេងប្រុសម្នាក់កំពុងតែអង្គុយនៅចិញ្ចើមផ្លូវដ៏គួរឲ្យសង្ស័យ។

ប៉ុន្តែនៅពេលដែលក្រុមប៉ូលិសបានធ្វើការ Zoom ឬទាញពង្រីកវីដេអូពីកាម៉េរាសុវត្ថិភាព ពិនិត្យមើលឲ្យច្បាស់នោះ ទើបពួកគេដឹងថា តាមពិតទៅក្មេងប្រុសខាងលើ ដែលត្រូវបានគេស្គាល់ឈ្មោះ Victor Martin នេះ គឺកំពុងតែអង្គុយអានសៀវភៅ និងសរសេរមេរៀន ដោយយកពន្លឺភ្លើងតាមចិញ្ចើមផ្លូវ ជួយដល់ការសិក្សារបស់គេនៅពេលយប់តែប៉ុណ្ណោះ។

ក្រោយមកមន្រ្តីប៉ូលិសក្នុងតំបន់ ក៏បានយកវីដេអូឃ្លីបមួយនេះ ទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងជ្រួតជ្រាបយ៉ាងខ្លាំង ដល់ក្រអៅបេះដូងមហាជនទូទៅ និងមហាជនជាច្រើនលាននាក់ទៀតលើពិភពលោកតែម្តង។ វីដេអូឃ្លីបដំបូងនេះ កើបបានអ្នកចុចចូលមើលរហូតដល់ទៅខ្ទង់ជាង ៥លានដងឯណោះ។

យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវមួយនេះ ត្រូវបានល្បីលើបណ្តាញសង្គម បណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន ក៏បានព្យាយាមទាក់ទងក្មេងប្រុស Victor Martin ដើម្បីចង់ដឹងលម្អិតពីស្ថានភាពរបស់គេ ក៏ដូចជាមូលហេតុដែលរូបគេទៅធ្វើកិច្ចសាលានៅផ្លូវបែបនេះ ជាជាងនៅផ្ទះផងដែរ។

ក្មេងប្រុស Victor Martin Angulo Cordoba

បើតាមប្រភពបានឲ្យដឹងថា នេះក៏ដោយសារតែ ក្មេងប្រុសអាយុ១២ឆ្នាំនេះ ស្ថិតនៅក្នុងគ្រួសារក្រីក្រ ដែលពុំមានលទ្ធភាពនៅក្នុងការបង់ចំណាយទៅលើថ្លៃប្រើប្រាស់អគ្គិសនី ឬការដំឡើងភ្លើងប្រើប្រាស់នៅក្នុងផ្ទះនោះទេ។ ដូច្នេះហើយទើបបានជា Victor Martin ត្រូវបង្ខំចិត្តទៅរៀននៅក្រោមពន្លឺភ្លើង តាមចិញ្ចើមផ្លូវនៅពេលយប់បែបនេះ ដើម្បីបញ្ចប់កិច្ចការសាលារបស់គេ។

អ្នកស្រី Rosa Angulo Cordoba ជាម្តាយ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កូនប្រុសរបស់គាត់ធ្លាប់បានប្រាប់គាត់ថា ប្រសិនណាបើគេបន្តរៀនក្រោមពន្លឺភ្លើងទៀននៅផ្ទះ គេអាចនឹងវង្វេងជាមិនខានទេ ព្រោះតែត្រូវកាច់.កតាមភ្លើងទៀនរហូត។ ដូច្នេះហើយទើបគេ ចេញទៅធ្វើកិច្ចការសាលារបស់គេ នៅខាងក្រៅបែបនេះ។

អ្នកស្រីបន្តទៀតថា Victor ជាកូនប្រុសដ៏ឧស្សាហ៍ម្នាក់ នៅផ្ទះគេតែងតែជួយធ្វើការងារផ្ទះ និងឃ្វាលហ្វូងសត្វជារៀងរាល់ថ្ងៃ។ Victor រៀនថ្នាក់ទី៦ ហើយគេក៏ជាក្មេងដែលចូលចិត្តរៀនសូត្រច្រើន និងថែមទាំងទទួលបានពិន្ទុ ឬចំណាត់ថ្នាក់ល្អៗថែមទៀតផង។

ក្មេងប្រុស Victor Martin Angulo Cordoba

គួរឲ្យដឹងផងដែរថា បន្ទាប់ពីរឿងរ៉ាវរបស់ Victor កាន់តែល្បីទៀតនោះ ចៅហ្វាយក្រុង Moche ក៏ថែមទាំងបានចុះទៅសួរសុខទុក្ខក្មេងប្រុសរូបនេះដល់ផ្ទះ និងបានសរសើរយ៉ាងខ្លាំងដល់រូបគេ ហើយថែមទាំងបានសន្យាថា និងផ្តល់អគ្គិសនីដល់ផ្ទះរបស់គេបានប្រើប្រាស់ ដូច្នេះគេនឹងលែងលំបាកចេញទៅរៀននៅក្រៅរាល់យប់ដូចមុនទៀតនោះឡើយ។

ក្មេងប្រុសរូបនេះបាននិយាយថា «ខ្ញុំសង្ឃឹមថា ពួកគាត់នឹងជួយខ្ញុំ ដូច្នេះខ្ញុំនឹងមានភ្លើងនៅផ្ទះ ហើយមិនចាំបាច់ចេញទៅធ្វើកិច្ចការសាលានៅក្រៅផ្ទះទៀតនោះទេ។ ខ្ញុំពិតជាចង់ជួយគ្រួសារខ្ញុំណាស់ ចង់ឲ្យពួកគាត់បានល្អជាងនេះ។ ខ្ញុំចង់ក្លាយជាមន្រ្តីប៉ូលិស និងចង់លុបបំបាត់អំពើពុករលួយ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]