ភ្នំពេញៈ នៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ ក្បួនដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ បាន ចាប់ផ្តើមព្រះរាជដង្ហែចេញពីព្រះបរមរាជវាំងហើយ ដោយមានការឈរអមសងខាងផ្លូវ ពីសំណាក់ថ្នាក់ដឹកនាំជាន់ ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា សមាជិករដ្ឋសភា ព្រឹទ្ធសភា និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រ្តីមកពីគ្រប់បណ្តាលក្រសួង ស្ថាប័ននានា នៅមុខព្រះបរមរាជវាំង ក្នុងទឹកមុខក្រៀមក្រំ និងទឹកចិត្តក្តុកក្តួលរកទីបំផុតគ្មាន។

សម្តេចព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចយាយ បានព្រះរាជដង្ហែអមព្រះបរមសព ព្រះបរមរតន កោដ្ឋដោយព្រះភក្រ្តក្រៀមក្រំ និង ទឹកព្រះទ័យក្តុកក្តួលជាទីបំផុត លាយឡំជាមួយព្រះកន្សែងរមៀលធ្លាក់ ដ៏សែនកម្សត់។

ព្រះរាជដង្ហែព្រះបរមឈូស ព្រះបរមរតនកោដ្ឋ យាងទៅកាន់ព្រះរាជបុស្បុក រចនាដោយនាគ៩០ ដ៏ប្រណីត បាននិងកំពុងធ្វើឡើងសន្សឹមៗ នៅវេលាម៉ោង ៧ និង៥៧នាទីព្រឹក អមជាមួយសំឡេង ឆ្លងខែកយ៉ាងក្រៀមក្រំ និងរន្ធត់ជាពន់ពេក។ សែព្រះរាជវង្សានុវង្ស និងមន្រ្តីរាជរដ្ឋាភិបាល នៅពេលព្រះបរមសព ព្រះរាជដង្ហែមកដល់ បាននាំគ្នាលត់ជង្គុង លើកដៃប្រណម សំពះ អមនៅសងខាងផ្លូវ ទាំងចិត្តក្រៀមក្រំ ខ្សឹកខ្សួល នឹកស្រណោះអាឡោះអាល័យ ចំពោះអង្គព្រះមហាវីរក្សត្រ ដែលយាងចាកឆ្ងាយ ឆ្ងាយជារៀងរហូត ពីប្រជារាស្រ្តរបស់ព្រះអង្គ។

ព្រះរាជដង្ហែព្រះបរមសព មានផែនសំខាន់ចំនួន១១ គឺ ផែនមន្ត្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ កងនគរបាលជាតិ យុវជនកាយឫទ្ធិ ព្រះសង្ឃ ដូនជី អាចារ្យ ជនជាតិដើមភាគតិច ជនជាតិឥស្លាម និងក្រុមដង្ហែបែបជនជាតិ ហើយផែនទី៩ ជាព្រះបរមមឈូស ព្រះមហាវីរក្សត្រខ្មែរ។

ផែនទី១. ជាផែនជ័យបង្ហាញពីភាពរុងរឿង និងមោទនភាពជាតិក្រោមបាវចនា»ជាតិ សាសនា ព្រះមហាក្សត្រ»។ ផែនទី២. បង្ហាញពីសក្ដានុពល នៃអំណាចកម្លាំងទ័ពគ្រប់ប្រភេទនិងកម្លាំងយុវជន។ ផែនទី៣. អំពីអត្ថិភាពនៃព្រះរាជប្បវេណី និងព្រះរាជកេតនភណ្ឌ។ ផែនទី៤. បង្ហាញអំពីក្បួន មន្ត្រីក្រសួងនានា។ ផែនទី៥. ភ្លេងនិងសមាគមជនជាតិនានា។ ផែនទី៦. មន្ត្រីរាជធានី-ខេត្ត។ ផែនទី៧. ព្រះពុទ្ធសាសនា។ ផែនទី៨. ក្បួននាំមុខព្រះបរមសព។ ផែនទី៩. ព្រះទីនាំងបុស្បុកតម្កល់ព្រះតម្កល់ព្រះបរមសព។ ផែនទី១០. ក្បួនរបស់ព្រះរាជវង្សានុវង្សក្សត្រី ប្រជាពលរដ្ឋ។ ផែនទី១១. ផែនរក្សាសន្តិសុខ សុវត្ថិភាពកន្ទុយក្បូន។

ព្រះបរមឈូស រហូតដល់វេលាម៉ោង ៨ព្រឹក កំពុងព្រះរាជដង្ហែយ៉ាងសន្សឹមៗ ចេញពីព្រះបរមរាជវាំង ឆ្ពោះទៅព្រះរាជបុស្បុក ដែលកំពុងចតនៅព្រះអង្គដងកើ។

នៅវេលាម៉ោង ៨ និង២០នាទីព្រឹក ព្រះបរមមឈូស ព្រះបរមរតនកោដ្ឋ បានព្រះរាជដង្ហែដល់ព្រះរាជបុស្បុក នៅព្រះដងកើហើយ ក្រោមសំឡេងខ្សឹកខ្សួល ឆួលពេញឱរារបស់ប្រជារាស្រ្តខ្មែរទាំងអស់ ដែលនឹកស្រណោះសង្វេគពន់ពេក ចំពោះការយាងចាកឆ្ងាយរបស់អង្គមហាវីរក្សត្រ ដ៏ឧត្តមមួយព្រះអង្គ។

នៅវេលាម៉ោង ៨ និង៣០នាទី ព្រះបរមមឈូស បានប្រះរាជរំកឹលដាក់លើ ព្រះរាជបុស្បុក។ រហូតដល់វេលាម៉ោង ៨ និង៤០នាទី ព្រះបរមមឈូស បានលើកព្រះរាជតម្កល់ នៅលើព្រះរាជបុស្បុករួចរាល់ហើយ។

នៅវេលាម៉ោង ៨ និង ៥០នាទី ព្រះរាជដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ បានចាប់ផ្តើមចេញពីមុខ ព្រះបរមរាជវាំងសន្សឹមៗ តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង។

នៅវេលាម៉ោង ៩ កាំភ្លើងធំ ១០៥មិល្លីម៉ែត្រ បានចាប់ផ្តើមបាញ់ជាបន្តបន្ទាប់ ថ្វាយព្រះរាជវឌ្ឍនកិច្ច ដល់ព្រះបរមរតនកោដ្ឋ ខណៈដែលកំពុងព្រះរាជដង្ហែនោះ។

ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជបិតាជាតិខ្មែរ មិនបានយាងអមព្រះរាជដង្ហែ ព្រះបរមរតនកោដ្ឋនោះទេ ដោយព្រះអង្គយាងទៅចាំនៅវាលព្រះមេរុ នៅពេលព្រះបរមសពនឹងយាងទៅដល់នាប៉ុន្មានម៉ោងក្រោយទៀតនេះ។

នៅពេលព្រះបរមសពព្រះរាជដង្ហែយាងដល់ម្តុំវត្តឧណ្ណាឡោម ព្រះសង្ឃទាំងពីរគណៈ ជាច្រើនរយអង្គ បានសូត្រធម៌ ស្វាធ្យាយជយន្តោ ឧទ្ទិសថ្វាយដល់ ព្រះរាជវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។

នៅវេលាម៉ោង ៩ និង ៣០នាទី ព្រះបរមសព ព្រះបរមរតនកោដ្ឋ បានយាងដង្ហែ ដល់រមណីយដ្ឋានវត្តភ្នំ ដោយមានការហែហម ដោយក្តីក្រៀមក្រំពីសែរាជវង្ស សានុវង្ស មន្រ្តីរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ យុវជនឈានមុខកាយឬទ្ធិ យុវជនកាកបាទក្រហម។ ដោយឡែកអមសងខាងផ្លូវ ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បាននាំគ្នាអង្គុយថ្វាយបង្គំ ប្រណមសំពះ ដោយស្វាមីភក្តិ គោរពស្រឡាញ់ នៅពេលព្រះរាជបរមសពដង្ហែដល់ ទាំងទឹកមុខក្រំ ហើយអ្នកខ្លះបានបន្លឺសំឡេងខ្សឹកខ្សួល ស្រណោះអាល័យជាពន់ពេក រកទីបំផុតគ្មាន។ រហូតដល់វេលាម៉ោង ៩ និង៥០នាទី ព្រះរាជដង្ហែព្រះបរមសព បានយាងប្រទក្សិណ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ។

នៅវេលាម៉ោង ១០ព្រឹក បន្ទាប់ពីព្រះរាជដង្ហែប្រទក្សិណ៣ជុំ នៅរមណីយដ្ឋានវត្តភ្នំ ព្រះបរមសព បានយាងមកដល់ស្ពាននាគហើយ។

- ការធ្វើចរាចរណ៍

ដោយឡែកពាក់ព័ន្ធនឹងចរាចរណ៍វិញ លោក ប៉ែន ខុន នាយរងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា តាមបណ្តោយផ្លូវជាតិលេខ ៦អា ចាប់ស្ពានលីយ៉ុងផាត មានស្ថានភាពធម្មតា មិនមានការកកស្ទះនោះទេ ដោយមានសារប្រជាពលរដ្ឋបានទទួលមានពីការបិទចរា ចរណ៍ និងសារាចរណ៍ណែនាំស្តីព្រះរាជពិធីដង្ហែព្រះបរមសព។ លោកបន្តថា ប្រជាពលរដ្ឋពលរដ្ឋមានការយោគយល់ច្រើន រួមជាមួយការជួយអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ច ដោយបញ្ចៀសប្រជាពលរដ្ឋធ្វើដំណើរទៅតាមផ្លូវផ្សេង ដូច្នេះមិនបណ្តាលឲ្យកកស្ទះចរាចរណ៍ ឬបាតុភាពអ្វីនោះទេ។

- ដោះលែងអ្នកទោសថៃ

អ្នកទោសថៃ នាង រ៉ាត់ទ្រី ត្រូវបានរាជរដ្ឋាភិបាល ដោះលែងឲ្យមានសេរីភាពវិញហើយ នៅក្នុងថ្ងៃដង្ហែព្រះបរមរតនកោដ្ឋ។ ប្រធានពន្ធនាគារម១ លោក ស្រ៊ុន លាន បានប្រាប់ម្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ថា នាង រ៉ាត់ទ្រី ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីដង្ហែព្រះបរមសព ដែលជាការព្រះរាជទានទោសរបស់ព្រះមហាក្សត្រខ្មែរ។ ដោយឡែកអ្នកទោសជាង ៤០០នាក់ ផ្សេងទៀត នឹងត្រូវដោះលែងនៅថ្ងៃទី០៤ ខែកុម្ភៈ ជាថ្ងៃថ្វាយព្រះភ្លើង។

- បញ្ហាសន្តិសុខ

ពាក់ព័ន្ធនិងបញ្ហាសន្តិសុខទូទៅពេញមួយព្រឹក នៃថ្ងៃព្រះរាជដង្ហែព្រះបរមសព មិនករណីលួច ឆក់ ឬបាតុភាពអ្វីនោះទេ។ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ពេញមួយព្រឹកនេះ មិនករណីលួច ឆក់ ប្លន់ ឬបាតុភាពអ្វីនោះទេ។ ជាពិសេសកម្លាំងនគរបាលរក្សាសន្តិសុខ ទាំងអស់ បាននិងកំពុងយកចិត្តទុកដាក់ រក្សាសន្តិសុខ ពោលធ្វើយ៉ាងណាឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅដោយជោគជ័យ។

នៅវេលាម៉ោង ១០ និង៥០នាទី ព្រះរាជពិធីដង្ហែព្រះបរមសព បានយាងមកដល់វិមានឯករាជ្យ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គេសង្កេតឃើញប្រជាពលរដ្ឋទាំង ចាស់ក្មេង ដែលអង្គុយបត់ជើង លើកដៃប្រណមសំពះនៅសងខាងផ្លូវ បាននាំគ្នារន្ធត់តក់ស្លុតវិយោគ ក្រៀមក្រំ យំខ្សឹកខ្សួលស្ទើរគ្រប់គ្នា ព្រោះតែភាពអាឡោះអាល័យ ស្រណោះស្រណោក ចំពោះការយាងចាកឆ្ងាយជារៀងរហូត របស់ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ដ៏ឆ្នើមនៃកម្ពុជា។

រហូតដល់វេលាម៉ោង ១១ ព្រះរាជបុស្បុកតម្កល់ព្រះបរមសព ដែលស្ថិតក្នុងផែនទី៩នោះ បានយាងដល់វិមានឯករាជ្យហើយ ខណៈដែលផែនទី១ នៃព្រះរាជពិធីដង្ហែ ចូលដល់វិថីព្រះសុធារស។

វេលាម៉ោង ១១ និង២៥នាទី ក្បួនព្រះរាជដង្ហែផែនទី១ យាងដល់មុខព្រះបរមរាជវាំង ហើយព្រះរាជបុស្បុកព្រះបរមសពយាងដល់នាគបាញ់ទឹក។ នៅវេលាម៉ោង ១១ និង៣០នាទី ព្រះរាជដង្ហែបានយាងដល់វាលព្រះមេរុ ទីតម្កល់ និងថ្វាយព្រះភ្លើងព្រះបរមសពហើយ។ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប បាននាំគ្នារង់ចាំ នៅមុខខ្លោងទ្វារវាលព្រះមេរុ ដើម្បីផ្តិតយករូបភាព នៃព្រះរាជពិធី។ ទោះជាយ៉ាងក្រុមប្រជាពលរដ្ឋមិនត្រូវបានគេអនុញ្ញាតឲ្យចូលនោះទេ គឺបានត្រឹមតែមើលពីចម្ងាយតែប៉ុណ្ណោះ។ នៅក្នុងវាលព្រះមេរុ មានតែវត្តមានសែរាជវង្សានុវង្ស មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ។

នៅវេលាម៉ោង ១១ និង៥០នាទី ព្រះរាជបុស្បុកតម្កល់ព្រះបរមរតនកោដ្ឋ បានព្រះរាជដង្ហែយាងដល់ខ្លោងទ្វារ នៃព្រះបរមរាជវាំងហើយ។ ព្រះបរមសព ព្រះបរមរតនកោដ្ឋ បានយាងមកដល់វាលព្រះមេរុហើយ នៅវេលាម៉ោង ១២ថ្ងៃត្រង់។

នៅវេលាម៉ោង ១២ និង២០នាទី ព្រះបរមស ព្រះបរមរតនកោដ្ឋ បានយាងចេញពីលើព្រះរាជបុស្បុក ព្រមទាំងយាងទៅតម្កល់នៅព្រះបញ្ចា ក្នុងវាលព្រះមេរុ ។ ខណៈព្រះបរមសព ដង្ហែយាងទៅតម្កល់លើព្រះបរមបញ្ចា កាំភ្លើងធំ ១០១ណាត់ បានបាញ់ចេញជាបន្តបន្ទាប់ ថ្វាយដល់ព្រះរាជវឌ្ឍនកិច្ច ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ។

ខណៈដែលព្រះបរមសព ព្រះបរមរតនកោដ្ឋ កំពុងដង្ហែយាងប្រទក្សិណ ជុំវិញព្រះបរមបញ្ចា ប្រជាពលរដ្ឋរបស់ព្រះអង្គរាប់ម៉ឺននាក់ នៅស្ថិតនៅខាងក្រៅ វាលព្រះមេរុ បាននាំគ្នាអង្គុយ លើកដៃប្រណមសំពះ សូត្រធម៌ឧទ្ទិសមហារាជកុសលថ្វាយ ព្រះមហាវីរក្សត្រ ទាំងក្តីសោយសោកសង្រេង ខ្សឹកខ្សួល នឹកស្រណោះអាឡោះអាល័យ នូវព្រះរាជអនុស្សាវរីយ៍ ដ៏សែនរីករាយ ទន់ភ្លន់ រួសរាយរាក់ទាក់របស់ព្រះអង្គ ជាមួយប្រជានុរាស្រ្ត ព្រះអង្គជាក្សត្រមួយព្រះអង្គប្រកបដោយទសពិធរាជធម៌។

នៅវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ បានបញ្ចប់ហើយ បន្ទាប់ព្រះបរមសព យាងទៅតម្កល់នៅព្រះបរមបញ្ចា។

ព្រះបរមសព ព្រះមហាក្សត្រខ្មែរ បានចាប់ផ្តើមដង្ហែតាមព្រះរាជបុស្បុករចនាដោយនាគរាជចំនួន ៩០ដ៏ល្អវិចិត្រ ចេញពីព្រះបរមរាជវាំង តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធ ជុំវិញរង្វង់មូលរមណីយដ្ឋានវត្តភ្នំ តាមមហាវិថីព្រះនរោត្តម ទៅរង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ ហើយឆ្ពោះទៅមហាវិថី ព្រះសុធារស និងយកទៅតម្កល់នៅវាលព្រះមេរុ។ ព្រះបរមសពរបស់ព្រះអង្គនឹងត្រូវធ្វើព្រះ រាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ។

























































































































ដោយ៖ សយ សុភាព

ផ្តល់សិទ្ធដោយ ដើមអម្ពិល


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]