ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៣នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័របានបុកជាមួយរថយន្តដឹកទឹកកកមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១០ ខែមេសា ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣-៦៤ ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភពពីមន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថា ភាគីខាងរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ ២C-៧៣៧៧ បើកបរដោយឈ្មោះ នី ភេទប្រុស អាយុ៣១ឆ្នាំមុខរបរអ្នកបើកបររថយន្តតាក់ស៊ី រស់នៅក្នុងខេត្តព្រះសីហនុ ។
រីឯអ្នករួមដំណើរចំនួន៦នាក់ដែលជិះក្នុងរថយន្តម៉ាកហាយឡែនឌ័រ ក្នុងនោះរួមមាន ១-ឈ្មោះ ស្រី អូន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិត្នោតថ្មី ឃុំបារាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានរងរបួស ២-ឈ្មោះ ម៉ៃ អន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្នោតថ្មី ឃុំបារាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានស្លាប់ ៣-បុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ធ្ងរ ៤-ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ បានស្លាប់នៅនឹងកន្លែងកើតហេតុ ៥-ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ បានស្លាប់នៅនឹងកន្លែងកើតហេតុ និង៦-ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុជាង៣០ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ។
ចំណែកភាគីខាងថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ មានដឹកទឹកកកពេញ ពណ៌ស ពាក់ស្លាកលេខ ក-8658-ព.ភ3 បើកបរដោយឈ្មោះភាព ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្តដឹកទឹកកកបោះអោយម៉ូយ រស់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់។
តាមប្រភពពីមន្ត្រីនគរបាលស្រុកបានបន្តអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រមានដឹកអ្នករួមដំណើរប្រុសស្រីចំនួន៦នាក់ ចំណែកបុរសម្នាក់ជាអ្នកបើកបររថយន្តធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាជាមួយរថយន្តគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ មានដឹកទឹកកកពេញ ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយអ្នកជិះក្នុងរថយន្តម៉ាកហាយឡែនឌ័រចំនួន៣នាក់បានស្លាប់ រីឯមនុស្សចំនួន៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ។ ចំណែកអ្នកបើកបររថយន្តដឹកទឹកកកបានរងរបួសធ្ងន់ ។
ក្រោយកើតហេតុ នគរបាលជំនាញចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងប្រគល់សពជនរងគ្រោះអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់និងស្រាលទាំង៥នាក់ខាងលើត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះរថយន្តទាំងពីរគ្រឿងដែលរងការខូចខាតកំរិតធ្ងន់ ត្រូវបាននគរបាលហៅរថយន្តស្ទូចមកស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងរង់ចាំដោះស្រាយនៅពេលក្រោយ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]