ក្រុងប៉ោយប៉ែត ៖ មនុស្ស២នាក់បានស្លាប់ ជាបន្តបន្ទាប់នៅថ្ងៃទី៣០ មករា ដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ពីរកន្លែងផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែតដែលម្នាក់ស្លាប់ ដោយរថយន្តដឹកដីបុក និងម្នាក់ទៀតស្លាប់ ដោយជិះម៉ូតូធ្លាក់ស្នាមភ្លោះ ត្រង់ចំណុចផ្លូវកែងដួលបាក់ក ។

ករណីដែលស្លាប់ដោយរថយន្តដឹកដីបុក បានកើតឡើងនៅវេលាម៉ោង ៥និង៤៥នាទីល្ងាច ចំណុចផ្លូវបំបែកជាបួនក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត គឺម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ មួយគ្រឿង បើកបរពីកើតទៅលិច ត្រូវរថយន្តដឹកដីដែលបើកពីជើងទៅត្បូង ខ្វែងទិសគ្នាបុកពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ឈ្មោះផល ស៊ីណា អាយុ១៨ឆ្នាំ ជាកម្មករមានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រងរបួសធ្ងន់បាក់ដៃ បាក់ជើងទាំង២ត្រូវប៉ូលិសជំនាញ ក្រុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

រថយន្តបង្កហេតុម៉ាកនីស្សាន់ ពណ៌លឿង អ្នកបើកបរបានគេចខ្លួនបាត់ក្រោយកើតហេតុ ។ សពត្រូវបានឪពុកម្តាយយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរថយន្តត្រូវប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកករណីបុរសម្នាក់ដែលជិះម៉ូតូធ្លាក់ស្នាមភ្លោះបាក់កស្លាប់បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះឈ្មោះធឿន ឌុក អាយុ៥១ឆ្នាំ ជាកម្មករលើកដាក់គីបខោអាវជជុះក្នុងក្រុងប៉ោយប៉ែត និងមានលំនៅក្នុងភូមិកើតហេតុខាងលើ ។

មន្ត្រីប៉ូលិសចរាចរក្រុងប្រាប់ថា ជនរងគ្រោះមុនស្លាប់បានជិះម៉ូតូត្រឡប់មកពីកន្លែងធ្វើការក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុទំនងជាបើកលឿនហើយ ស្រវឹងផងក៏ធ្លាក់ស្នាមភ្លោះដួលបាក់កស្លាប់តែម្តង ។ សពជនរងគ្រោះត្រូវក្រុមគ្រួសារ និងសាច់ញាតិយកទៅលំនៅឋានដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូប៉ូលិសជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង រង់ចាំគ្រួសារមកយក ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]