WARNING: GRAPHIC IMAGES

ថៃ៖ ជារឿងដ៏គួរឲ្យស្ដោកស្តាយបំផុត ដែលបុរសជនជាតិថៃម្នាក់ ត្រូវបង្ខំចិត្តកាត់ជើងចោលទាំងសងខាងដើម្បីសង្គ្រោះជីវិត ក្រោយបរិភោគឈាមជ្រូកដែលមានផ្ទុកមេរោគ។

លោក Pao Nopparat Milinthanuch

បុរសរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Pao Nopparat Milinthanuch បច្ចុប្បន្នស្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

បើយោងតាមប្រភពសារព័ត៌មានថៃមួយ បានទម្លាយឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង គឺនៅគ្រាដែលលោក Nopparat បានទៅលេងនៅឯស្រុកកំណើត កាលពីឆ្នាំ២០១៦ កន្លងទៅ ដើម្បីទៅជួបជុំបងប្អូនគ្រួសារ ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីថៃ។

លោក Nopparat ត្រូវបានគេរាយការណ៍ថា បានហូបឈាមជ្រូក (ឬដុំឈាមជ្រូក) អស់ជាច្រើន នៅពេលដែលទៅលេងផ្ទះនៅឯស្រុកនោះ។ ក្រោយមក លោកក៏ស្រាប់តែមានអារម្មណ៍ថា មិនស្រួលក្នុងខ្លួន ឈឺចុកចាប់សាច់ដុំ ព្រឺរងាៗ ត្រជាក់ដៃត្រជាក់ជើង បន្ទាប់ពីរូបលោកបានត្រលប់មកបាងកកវិញ (មកបំពេញការងារ)។ ដោយសារតែ អាការហាក់កាន់តែគួរឲ្យព្រួយបារម្ភខ្លាំង លោក Nopparat ក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។

រូបភាពតំណាង៖ ដុំឈាមជ្រូក

ប្រភពដដែលបន្តថា បន្ទាប់ពីរូបលោកត្រូវបានវេជ្ជបណ្ឌិត ធ្វើការពិនិត្យនិងរោគវិនិច្ឆ័យហើយនោះ រកឃើញថា លោក Nopparat បានឆ្លងមេរោគនៅក្នុងឈាមយ៉ាងធ្ងន់ធ្ងរហៅថា Streptococcus suis ដែលត្រូវបានគេដឹងថា ជាប្រភេទមេរោគបាក់តេរីដ៏គួរឲ្យខ្លាចម្យ៉ាង ដែលមាននៅក្នុងសត្វជ្រូក ទើបបានជាហេតុធ្វើឲ្យស្ថានភាពរបស់លោក ធ្លាក់ចុះខ្សោយយ៉ាងឆាប់រហ័សបែបនេះ ដូចជា ចង់បាត់បង់ស្មារតី(សន្លប់) បញ្ហាទៅលើតម្រងនោម និងពិបាកនៅក្នុងការដកដង្ហើមជាដើម។

ក្រោយការពិនិត្យរកឃើញបែបនេះ ក្រុមគ្រូពេទ្យក៏បានចាប់ផ្តើមធ្វើការព្យាបាលភ្លាមៗតែម្តង ដោយសារតែនេះគឺជាមេរោគខ្លាំងក្លា ខណៈដែលក្រុមគ្រូពេទ្យក៏បានលើកឡើងដែរថា ប្រសិនណារយៈពេល ២៤ម៉ោង បន្ទាប់ពីការព្យាបាល ប៉ុន្តែស្ថានភាពនៅតែដុនដាបទៀតនោះ លោក Nopparat អាចនឹងប្រឈមមុខនឹងការស្លាប់បាន។

លោក Pao Nopparat Milinthanuch

ប្រភពបានឲ្យដឹងទៀតថា លោក Nopparat អាចឆ្លងផុតដំណាក់កាលដំបូង ប៉ុន្តែជារឿងដ៏គួរឲ្យភ័យខ្លាចនោះ ដៃជើងរបស់លោកក៏បានចេញរោគសញ្ញាអាក្រក់ ដោយសារតែការឆ្លងមេរោគនោះ រហូតស៊ីជើងស្ទើរតែរលះរលួយ។ ក្រុមគ្រូពេទ្យបានផ្តល់ដំបូន្មានថា លោក Nopparat ត្រូវតែធ្វើការវះកាត់ជើងនោះចេញជាដាច់ខាតដើម្បីសង្គ្រោះជីវិត ព្រោះថានេះគ្មានជម្រើសទៀតនោះទេ។

នៅទីបំផុត លោកក៏បានសម្រេចចិត្តធ្វើតាមគ្រូពេទ្យ ដោយសុខចិត្តកាត់ជើងទាំងពីរចោល។ បច្ចុប្បន្នលោក Nopparat ត្រូវបានគេរាយការណ៍បានវិលត្រលប់មកសភាពដើមហើយ។ ចំពោះការដើររបស់លោក ត្រូវបានជំនួយពីជើងសិប្បនិម្មិត។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ លោកក៏ត្រូវបានគេអញ្ជើញចូលរួមនៅកម្មវិធីទូរទស្សន៍ថៃមួយ ដើម្បីចែករំលែកបទពិសោធន៍ ដ៏ឈឺចាប់មួយនេះផងដែរ។

លោក Pao Nopparat Milinthanuch

គួរឲ្យដឹងផងដែរថា បើតាមអង្គការសុខភាពពិភពលោក ឬហៅកាត់ថា «WHO» ធាតុបង្កជំងឺ Streptococcus suis នេះ មិនត្រឹមតែអាចឆ្លងបានតាមរយៈការចម្អិនអាហារ មិនបានឆ្អិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចឆ្លងចូលបានដោយផ្ទាល់ តាមរយៈការដាច់មុតដៃជាដើម។

ជាទូទៅ វាមានរយៈពេល ២ ទៅ ៣ថ្ងៃ មុនពេលដែលធាតុបង្កជំងឺនេះ កាន់តែធ្វើទុក្ខធ្ងន់ធ្ងរ និងវាយប្រហារឲ្យអ្នកស្លាប់។ ដោយរោគសញ្ញាដំបូងនៃជំងឺនេះ វាធ្វើឲ្យអ្នកគ្រុនក្តៅខ្លួន ក្អួតចង្អោរ ឈឺក្បាលធ្ងន់ធ្ងរ និងឈឺសន្លាក់ជាដើម។ ក្នុងករណីធ្ងន់ធ្ងរ វាក៏អាចនឹងបណ្តាលឲ្យរលាកស្រោមខួរក្បាលបានថែមទៀតផង។

ដូច្នេះត្រូវប្រាកដថា ម្អូបអាហារដែលអ្នកទទួលទាន គឺត្រូវតែចម្អិនឲ្យបានហ្មត់ចត់ ឬរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងមេរោគបាក់តេរីអាក្រក់ណាមួយ ដែលយើងមើលមិនឃើញ កុំឲ្យដូចករណីបុរសរងគ្រោះខាងលើនេះ ដែលត្រូវបានគេជឿជាក់ថា បណ្តាលមកពីការទទួលទានឈាមជ្រូកមានផ្ទុកមេរោគ និងចម្អិនមិនបានឆ្អិនល្អ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

លោក Pao Nopparat Milinthanuch
លោក Pao Nopparat Milinthanuch
លោក Pao Nopparat Milinthanuch
លោក Pao Nopparat Milinthanuch
លោក Pao Nopparat Milinthanuch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]