នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃ៦រោច ខែបុស្ស ពុទ្ធសករាជ ២៥៥៦ គឺជាថ្ងៃរំកិល ព្រះបរមសព ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុទៅ តម្កល់នៅលើព្រះមេរុ មុនពេលព្រះរាជពិធីថ្វាយព្រះភ្លើង ត្រូវប្រារឰនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣ ។ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ គឺជាថ្ងៃសោក ស្ដាយក្ដុកក្ដួល និងអាឡោះ អាល័យជាទីបំផុត សម្រាប់ប្រជាជាតិខ្មែរទូទៅទាំងក្នុងនិងក្រៅប្រទេស ព្រោះព្រះមហាវីរ ក្សត្រ មានព្រះគុណបំណាច់ដ៏ធំធេង ចំពោះជាតិទឹកដី និងប្រជារាស្ដ្រខ្មែរ ។ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ប្រជាជាតិខ្មែរទាំងមូល បានចូលរួមប្រារឰព្រះរាជពិធីដង្ហែព្រះបរមសព ព្រះ ករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដើម្បីយាងទៅតម្កល់នៅលើ ព្រះមេរុ ដែលជាទិដ្ឋភាពដ៏រន្ធត់ចិត្ដ សម្រាប់ជនរួមជាតិខ្មែរទូទៅ ។

នៅក្នុងរាជធានីភ្នំពេញ ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ បានចាប់ផ្ដើម ចេញពីព្រះបរមរាជវាំង ឆ្ពោះទៅកាន់គោលដៅ ដែលបានគ្រោងទុក ដោយមានការចូលរួម ពីព្រះរាជវង្សានុវង្ស មេដឹកនាំ សមាជិកសភា សមាជិកព្រឹទ្ធសភា មន្ដ្រីរាជការ ពីគ្រប់ ស្ថាប័ន ព្រមទាំងមានការចូលរួមពីប្រជារាស្ដ្រទូទៅ យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ដោយឡែក តាមបណ្ដាខេត្ដនានា គឺនៅតាមវត្ដអារាម ឬទីវិបស្សនានានា ក៏បានរៀបចំពិធីគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ប្រកបដោយសេចក្ដីក្រៀមក្រំ រកទីបំផុតគ្មាន ។ ប្រការ នេះបង្ហាញឱ្យឃើញថា មេដឹកនាំខ្មែរ មន្ដ្រីរាជការគ្រប់ស្ថាប័ន ព្រមទាំងប្រជារាស្ដ្រទូទាំង ប្រទេស មានទឹកចិត្ដគោរពស្រឡាញ់ ព្រះមហាវីរក្សត្រយ៉ាងជ្រាលជ្រៅ ហើយការបាត់បង់ ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរទាំងមូល ។ ទោះជាយ៉ាងណា ព្រះ គុណបំណាច់របស់ព្រះអង្គ ចំពោះជាតិទឹកដី និងស្នាព្រះហស្ថ របស់ព្រះអង្គ គឺជារឿងដែល ប្រជាជាតិខ្មែរ មិនអាចបំភ្លេចបានឡើយ ។

ក្នុងឱកាសចាប់ផ្ដើមព្រះរាជពិធី ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាន់មរណ ទុក្ខគោរពព្រះ វិញ្ញាណក្ខន្ធ ព្រះអង្គជាលើកទី២ រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែកុម្ភៈ  ឆ្នាំ២០១៣ ត្រូវ នឹងថ្ងៃ៦រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ដល់ថ្ងៃទី០៧ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១២រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ។ ដោយឡែកចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈ គឺជាថ្ងៃដែលដង្ហែព្រះបរមសព និងថ្វាយព្រះ ភ្លើងដល់ព្រះបរមរតនកោដ្ឋ ។ ប្រជា រាស្ដ្រខ្មែរទូទៅរាប់លាននាក់ បានចូលរួមក្នុងពិធីដ៏មហាសែនសោកសៅអាឡោះអាល័យ គ្មានទីបំផុតនេះ ព្រោះការបាត់បង់ ព្រះមហាវីរក្សត្រ គឺជាការបាត់ធំធេងណាស់ សម្រាប់ ប្រជាជាតិខ្មែរទាំងមូល ។ ជាក់ស្ដែងក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃ សុក្រ ទី០១ ខែកុម្ភៈ នេះ ប្រជារាស្ដ្រខ្មែរដែលបានចូលរួមក្នុងពិធីនោះ សុទ្ធតែបានសម្ដែង នូវទុក្ខក្រៀមក្រំសោកស្ដាយ គ្មានទីបំផុត ចំពោះការបាត់បង់ ព្រះមហាវីរក្សត្រជាទីគោរព ដ៏ខ្ពង់ ខ្ពស់ របស់ប្រជាជាតិខ្មែរ ។

នៅក្នុងពិធីដង្ហែព្រះបរមរតនកោដ្ឋ ទៅកាន់ទីព្រះមេរុ នៅព្រឹកថ្ងៃសុក្រទី០១ ខែកុម្ភៈ នេះ ក្ដីសោកសៅ និងក្ដុកក្ដួល បានជ្រាបចូលក្នុងអារម្មណ៍របស់ប្រជារាស្ដ្រខ្មែរ ធ្វើឱ្យមាន ការស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ព្រោះតែការអាឡោះអាល័យ ព្រះមហាវីរក្សត្រដ៏ល្អរបស់ ខ្លួន ។ ក្បួនដង្ហែព្រះបរមសពលើចម្ងាយផ្លូវ៦គីឡូម៉ែត្រ ដោយចេញដំណើរពីព្រះបរមរាជ វាំងទៅតាមដងវិថីព្រះស៊ីសុវត្ថិ វិថីបក្សីចាំក្រុង ព័ទ្ធជុំវិញរមណីយដ្ឋានវត្ដភ្នំ ឡើងមកមហា វិថីព្រះនរោត្ដម ចុះមករង្វង់ មូល វិមានឯករាជ្យតាមរុក្ខវិថីព្រះសីហនុ រុក្ខវិថី សម្ដេចសុធារស និងឆ្ពោះមកទីព្រះមេរុ មានសភាពមហាសោកសៅរកថ្លែងមិនបាន ។ ថ្នាក់ដឹកនាំនិងមន្ដ្រី រាជការ គ្រប់ស្ថាប័ន ព្រមទាំងប្រជារាស្ដ្រយ៉ាងច្រើនកុះករ ក្នុងសំលៀកបំពាក់កាន់មរណទុក្ខ បានយំខ្សឹកខ្សួល និងអាឡោះអាល័យ ចំពោះព្រះមហាវីរក្សត្រ ដ៏ឆ្នើមរបស់ប្រជារាស្ដ្រខ្មែរ។ ការដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រនៅពេលនេះ មានន័យថា ព្រះអង្គលាកូនចៅ ចៅ ទួត ជាលើកចុងក្រោយ ជារៀងរហូត ពុំមានពេលវិលត្រឡប់ឡើយ ។

សូមរំលឹកថា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ។ ក្រោយពេលតម្កល់ព្រះបរមសពអស់រយៈ ពេល ១០០ថ្ងៃ ទើបព្រះរាជពិធីដង្ហែព្រះបរមសព របស់ព្រះអង្គបានចាប់ផ្ដើមនៅព្រឹកថ្ងៃ សុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ។ ពិធីដ៏មហាសោកសៅ ក្នុងការដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ ចេញពីព្រះបរមរាជវាំង ឆ្ពោះទៅទីព្រះមេរុ បានធ្វើឱ្យប្រជារាស្ដ្រខ្មែរ រន្ធត់ចិត្ដក្ដុកក្ដួលសោកស្ដាយ អាឡោះអាល័យជាទីបំផុត ចំពោះការបែកឆ្ងាយជាលើកចុង ក្រោយគ្មានថ្ងៃជួបវិញ ។ ប្រជារាស្ដ្រខ្មែរទូទាំងប្រទេស បានក្រាបបង្គំថ្វាយព្រះពរ ដល់ព្រះ វិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានយាងទៅកាន់ព្រះបរមសុគតិ ភពកុំបីឃ្លៀងឃ្លាត ។ ប្រជារាស្ដ្រខ្មែរទូទៅ ចងចាំជានិច្ច ចំពោះស្នាព្រះហស្ថ ដឹកនាំនិង កសាងជាតិ របស់អង្គព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជារៀងរហូត ពុំមានពេលណា ដែលអាចបំភ្លេចព្រះគុណបំណាច់ របស់ព្រះអង្គបានឡើយ ៕

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]