ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ត្រូវបានគេប្រទះ ឃើញដេកស្លាប់កណ្តាលវាលស្មៅ ហើមស្អុយរលួយទៅហើយ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី៣១ មករា ២០១៣ បង្កឱ្យមានការភ្ញាក់ផ្អើលមនុស្សម្នាជាច្រើន ទៅចោមរោមដែលបាត់ខ្លួនជាងមួយសប្តាហ៍ប្រពន្ធតាមរកមិនឃើញ ។

សពបុរសស្លាប់បាត់បង់ជីវិតឈ្មោះចាន់ សុភ័ក្រ អាយុ២៩ឆ្នាំ ជាកម្មករអូសរទេះ មានទីលំនៅក្នុងភូមិកើតហេតុ ។ តាមការឱ្យដឹងពីឈ្មោះសឿន ពៅ អាយុ៤១ឆ្នាំ ដែលអះអាងថា ជាគ្រួសារសពបានប្រាប់ថា សពដែលស្លាប់កណ្តាលវាលស្មៅ នេះជាប្តីរបស់គាត់បានបាត់ខ្លួន ជាងមួយសប្តាហ៍ហើយដែលគាត់ និងសាច់ញាតិតាមរកអស់ចិត្តតែរកមិនឃើញ ។ ស្ត្រីខាងលើបានបន្តឱ្យដឹងថា ប្តីរបស់គាត់មុនបាត់ខ្លួនមានជំងឺប្រចាំកាយ គឺក្អួតឥតឈប់ក្នុងនោះថែមទាំងកើតជំងឺសរសៃប្រសាទទៀតផង ហើយបានបាត់ខ្លួននៅវេលាទៀប ភ្លឺបើគិតមកទល់ថ្ងៃរកឃើញទី៣១ មករា ម្សិលមិញនេះមានរយៈពេល៩ថ្ងៃ ។ ស្ត្រីខាងលើបន្តឱ្យដឹងទៀតថា ការរកឃើញសពប្តីរបស់គាត់ដោយសារបុរស ចំណាស់ម្នាក់ឈ្មោះតាមៅ អាយុជាង៦០ឆ្នាំ ដែលជាអ្នកជិតខាងដោយឆ្កែរបស់គាត់ព្រុះខ្លាំងពេកគាត់ក៏ទៅមើល ស្រាប់តែប្រទះឃើញសពស្អុយរលួយនេះតែម្តង ។ ចំណុចប្រទះឃើញសពមានចម្ងាយ ប្រហែល២០០ម៉ែត្រខាងត្បូងផ្ទះរងគ្រោះ ។ សពមកទល់ព្រឹកថ្ងៃទី១ កុម្ភៈ នេះពុំទាន់ត្រូវបានយកចេញពីចំណុច កើតហេតុនៅឡើយទេ ព្រោះសមត្ថកិច្ចពុំទាន់បានធ្វើកំណត់ហេតុ និងបើកការស៊ើបអង្កេតឱ្យបានសព្វជ្រុងជ្រោយ ៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]