ភ្នំពេញ៖ Zilingo ដែលជាទីផ្សារលក់ទំនិញកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុតប្រចាំទ្វីបអាស៊ីនោះ បានប្រមូលដើមទុនបានក្នុងទឹកប្រាក់ចំនួន ២២៦ លានដុល្លារអាមេរិក ក្នុងគម្រោងហិរញ្ញវត្ថុស៊េរី D របស់ខ្លួនកាលពីពេលថ្មីៗនេះ ដើម្បីធ្វើឲ្យមូលនិធិដែលប្រមូលបានដោយក្រុមហ៊ុននេះកើនដល់ ៣០៨ លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុននេះ ចាត់ទុកកម្ពុជា ក៏ដូចជាទីផ្សារអាស៊ីសំខាន់ៗផ្សេងទៀត ជាផ្នែកនៃយុទ្ធសាស្ត្រនៃការរីកលូតលាស់របស់ខ្លួន ដើម្បីពង្រីករអាជីវកម្មប្រភេទ B2B (អាជីវកម្មទៅអាជីវកម្ម) របស់ពួកគេ។

វិនិយោគិនសំខាន់ៗ ក្នុងការប្រមូលមូលទុនថ្មីចុងក្រោយបំផុតនេះរួមមាន ក្រុមហ៊ុន Sequoia Capital, Temasek Holdings, Burda Principal Investments, Sofina, មូលនិធិបណ្តាក់ទុនសិង្ហបុរី EDBI រួមជាមួយនឹងវិនិយោគិនដែលមានស្រាប់។

សហគ្រិនរបស់ Zilingo

លោក Shailendra Singh នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Sequoia Capital (India) Singapore បានឲ្យដឹងថា៖

 «ការបណ្តាក់ទុនរបស់ Sequoia ទៅលើ Zilingo ចាប់ផ្តើមតាំងពីក្រុមហ៊ុននេះ មិនទាន់ក្លាយជាក្រុមហ៊ុនសាជីវកម្មមកម្ល៉េះ ហើយឈ្មោះរបស់ក្រុមហ៊ុនក៏មិនទាន់មានជាផ្លូវការផងដែរ។ អ្នកស្រី Ankiti និងក្រុមការងារ បានអភិវឌ្ឍគំនិត ដែលមានតាំងពីដើមរបស់ពួកគេយ៉ាងឆាប់រហ័សអំពី Zilingo ឲ្យទៅជាក្រុមហ៊ុនផ្លាតហ្វមមួយ ដែលបម្រើដល់អតិថិជនចូលចិត្តម៉ូតខោអាវទាន់សម័យ ពាណិជ្ជករ អ្នកលក់រាយ ក្រុមហ៊ុនមានយីយោល្បីៗនានា និងសហគ្រាសផលិត ដើម្បីតំណាងឲ្យទីផ្សារដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ យើងពិតជាមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់ក្រុមនេះ ក្នុងការរិះរក និងប្រតិបត្តិផែនទីនាំផ្លូវប្រកបដោយមហិច្ឆតាមួយនេះ ហើយខ្ញុំពិតរំភើបចំពោះការបន្តការគាំទ្រពួកគេលើដំណើរមួយនេះ»។
Zilingo

គោលបំណងរបស់ Zilingo គឺការផ្តល់អត្ថប្រយោជន៍ផ្សេងៗសម្រាប់ពាណិជ្ជកររបស់ខ្លួន និងផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការចូលទៅក្នុងចង្វាក់នៃការផ្គត់ផ្គង់សម្លៀកបំពាក់ដ៏មានប្រសិទ្ធភាពបំផុត។ ក្រុមហ៊ុន Zilingo បានចាប់ផ្តើមក្នុងនាមជាទីផ្សារស្តីពីរបៀបរបបរស់នៅ និងទីផ្សារលក់សម្លៀកបំពាក់ទាន់សម័យ និងផលិតផលរក្សាសម្ផស្សក្នុងឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមរបស់អ្នកស្រី Ankiti Bose និងលោក Dhruv Kapoor។ បើទោះបីបានចុះកិច្ចព្រមព្រៀងអាជីវកម្មជាមួយនឹងអាជីវករខ្នាតតូចជាច្រើននៅលើផ្លាតហ្វមរបស់ខ្លួនក៏ដោយ ប៉ុន្តែស្ថាបនិកទាំង ២ បានជួបបញ្ហាក្នុងអាជីវកម្មក្នុងដំណាក់កាលដំបូងរបស់ខ្លួន។ 

អាជីវកម្មទាំងនេះមិនអាចធ្វើឲ្យល្អប្រសើរលើចំនួននៃការលក់ចេញ ឬក៏រីកលូតលាស់បន្ថែមទៀតឡើយ ដោយសារតែមិនមានភាពងាយស្រួលលើផ្នែកបច្ចេកវិទ្យា និងខ្វះដើមទុន ស្របពេលដែលក្រុមហ៊ុនយីហោអន្តរជាតិធំៗ បានរក្សាការរីកលូតលាស់ឥតឈប់ឈរ។ ពាណិជ្ជករខ្នាតតូចមិនអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនពហុសាជីវកម្មខ្នាតធំៗបានឡើយ ខណៈដែលក្រុមក្រុមហ៊ុនខ្នាតតូចទាំងនោះ ក៏មិនមានឥទ្ធិពលខ្លាំងគ្រប់គ្រាន់ក្នុងការទទួលបានអត្រាដ៏ល្អបំផុតពីអ្នកផ្គត់ផ្គង់សេវា ឬឃ្លាំងលក់ទំនិញនានាផងដែរ។

បញ្ហានេះ បានបង្ខំឲ្យ Zilingo ត្រូវធ្វើការពង្រីកអាជីវកម្មស្នូលរបស់ខ្លួន ដើម្បីដើរតួនាទីមិនត្រឹមតែជាទីផ្សារមួយឡើយ។ ក្រុមហ៊ុននេះ បានអភិវឌ្ឍភ្លាមៗទៅលើដំណើរការអាជីវកម្មរបស់ខ្លួនដើម្បីជួយឲ្យពាណិជ្ជករលើម៉ូតសម្លៀកបំពាក់ទាន់សម័យ និងផលិតផលថែរក្សាសម្ផស្ស អាចដំណើរការទៅកាន់សហគ្រាសផលិត ទូទាំងអាស៊ីបានយ៉ាងងាយស្រួល។ វិធីសាស្ត្រនេះបានបង្កើតឲ្យអត្រានៃការផ្គត់ផ្គង់ដ៏ល្អបំផុត ធ្វើឲ្យសេវាកម្មដឹកជញ្ជូនមានប្រសិទ្ធភាពផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ផ្តល់ការធានារ៉ាប់រ៉ង ផ្តល់កម្ចី និងការវិភាគសម្រាប់ពាណិជ្ជករខ្នាតតូចទាំងនោះ។

បើទោះបីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកភាគច្រើន នៅតែផ្តោតលើពាណិជ្ជកម្ម B2C (អាជីវកម្មទៅអតិជន) និង C2C (ពាណិជ្ជកម្មទៅអតិថិជន) ក៏ដោយប៉ុន្តែ មធ្យោបាយរបស់ក្រុមហ៊ុន Zilingo មានលក្ខខណៈពិសេស និងផ្តោតទៅលើការបង្កើតអត្ថប្រយោជន៍ដល់ពាណិជ្ជករ និងសហគ្រាសផលិតសម្លៀកបំពាក់ទាន់សម័យ និងផលិតផលថែរក្សាសម្ផស្ស។ នៅថ្ងៃនេះអាជីវកម្ម B2B របស់ក្រុមហ៊ុន Zilingo ផ្តោតលើការដោះស្រាយបញ្ហាដ៏ចម្បងចំនួន២ ក្នុងឧស្សាហកម្មសម្លៀកទាន់សម័យ និងផលិតថែរក្សាសម្ផស្ស ដោយទី១ ការមិនមានព័ត៌មានច្បាស់លាស់ស្តីពីក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីៗរបស់អន្តរជាតិ ដែលកំពុងមានផែនការផលិតនៅទ្វីបអាស៊ី និងទី២ ការមានតម្រូវការប្រចាំឆ្នាំមិនទៀងទាត់សម្រាប់សហគ្រាសផលិតសម្លៀកបំពាក់នៅអាស៊ី ដែលត្រូវតែរក្សាធ្វើឲ្យរោងចក្ររបស់ខ្លួនមានដំណើរការ។

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុននេះ បានកើនឡើងនូវប្រាក់ចំណេញឥតឈប់ឈរ ក្រោយពីការបណ្តាក់ទុនទៅលើការពង្រីកអាជីវកម្ម B2B របស់ពួកគេ និងសមត្ថភាពនៃចង្វាក់ផ្គត់ផ្គង់ និងចែកចាយតាមរយៈផ្លាតហ្វម Zilingo Asia Mall និង Z-Seller។

អ្នកស្រី Ankiti Bose សហស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Zilingo ដែលបច្ចុប្បន្នសហការជាមួយនឹងក្រុមស្ថាបនិកជាស្ត្រីជាច្រើននាក់ដែលកំពុងគ្រប់គ្រងលើអាជីវកម្មឌីជីថលទើបបង្កើតថ្មីឈានមុខគេនៅតំបន់អាស៊ីបានឲ្យដឹងថា៖ 

«តួនាទីរបស់បច្ចេកវិទ្យា គួរតែការបង្កើតឲ្យមានរីកលូតលាស់រួមគ្នា។ ក្នុងឧសហកម្មសម្លៀកបំពាក់ទាន់សម័យ ការគ្មានប្រសិទ្ធភាពទៅលើចង្វាក់នៃការផ្គត់ផ្គង់ស្នូល នឹងរារាំងពាណិជ្ជករខ្នាតតូច និងមធ្យម មិនឲ្យឈានដល់សក្តានុពលទាំងមូលរបស់ខ្លួន បើធៀបទៅនឹងក្រុមហ៊ុនលក់សម្លៀកបំពាក់ធំៗមានយីហោល្បីៗ។ យើងកំពុងតែបង្កើតទីលានប្រកួតប្រជែងមានកម្រិតស្មើគ្នាមួយតាមរយៈការផ្តល់សេវាកម្ម និងផលិតផលមានលំដាប់ថ្នាក់ល្អជាងគេបំផុតទៅកាន់ពាណិជ្ជករនីមួយៗ មិនថាក្នុងខ្នាតធំ ឬតូចក៏ដោយ។ យើងគិតថា វិធីសាស្ត្រនេះអាចបង្កើតឲ្យមានការរីកចម្រើនដ៏អស្ចារ្យសម្រាប់សហគ្រាសផលិត ស្របពេលដែលយើងនឹងពង្រឹងប្រព័ន្ធនៃចង្វាក់ផ្គត់ផ្គង់ទាំងទំនិញ និងសេវាកម្ម ដែលត្រូវបានជួយគាំទ្រដោយប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Zilingo ដែលមានបំណងធ្វើឲ្យប្រសិទ្ធិភាពរបស់ខ្លួនកាន់តែមានភាពល្អប្រសើរឡើង»។

អាស៊ី: ទីផ្សារផ្គត់ផ្គង់សម្លៀកបំពាក់ទាន់សម័យដ៏ធំ និងមានថាមពលបំផុត

ក្នុងចំណោមផលិតផលសម្លៀកបំពាក់សកលដែលគិតជាទឹកប្រាក់មានចំនួន ៣០០០ ពាន់លានដុល្លារអាមេរិក ការផ្គត់ផ្គង់លើទីផ្សារអាស៊ីតែឯងមានទឹកប្រាក់ដល់ទៅ ១,៤ ពាន់លានដុល្លារអាមេរិក។ បញ្ហាមួយក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់សហគ្រាសផលិត គឺតម្រូវការទៅតាមររដូវកាល ពោលគឺរដូវកាលលើការកើនឡើងខ្ពស់ និងចុះទាបនៃការបញ្ជាទិញ។ ក្រុមហ៊ុន Zilingo ជួយឲ្យរោងចក្រជាច្រើន លុបចោលនូវភាពមិនច្បាស់លាស់នេះ តាមរយៈការបំពេញតម្រូវការរយៈពេល១ឆ្នាំពេញ។ វិធីសាស្ត្រនេះ អនុញ្ញាតឲ្យរោងចក្រជាច្រើនរក្សាការផ្គត់ផ្គង់ជាបន្តបន្ទាប់ និងរក្សាចំនួនបុគ្គលិកជំនាញរបស់ខ្លួន ដោយមិនចាំបាច់ត្រូវការបង្កើតក្រុមផ្នែកលក់ដោយខ្លួនឯងបន្ថែមទៀត។

Zilingo ដើរតួនាទីជាដៃគូដ៏គួរឲ្យជឿជាក់មួយក្នុងការបំពេញគម្លាតរវាងការផ្តត់ផ្គង់ និងតម្រូវការ ស្របពេលដែលក្រុមហ៊ុនដ៏យកចិត្តទុកដាក់លើបច្ចេកវិទ្យា បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធសេដ្ឋកិច្តផងដែរ។ អតិថិជនដែលចាប់ដៃគូជាមួយនឹងក្រុម Zilingo នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីបណ្តាញអាជីវកម្មរបស់ Zilingo និងអាចទិញក្រណាត់ និងវត្ថុធាតុដើមក្នុងតម្លៃដ៏ពិសេស តាមរយៈ Zilingo។ សហគ្រាសផលិត អាចដំណើរការលើការទូទាត់ប្រាក់ និងការគាំទ្រផ្នែកច្នៃម៉ូតបានយ៉ាងងាយស្រួល តាមរយៈ Zilingo។ ទាំងសហគ្រាសផលិត និងក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗ ត្រូវបានគាំទ្រដោយក្រុមការងាររបស់ Zilingo ដែលអាចផ្តល់ជំនួយ និងចំណេះដឹងជាច្រើន។

ក្រុម Zilingo បានរីកចម្រើនដ៏មិននឹកស្មានដល់ តាមរយៈការធ្វើសមាហន្តរកម្មរវាងផ្លាតហ្វម B2B និង B2C (អាជីវកម្មទៅអតិថិជន) និងផ្តោតលើការបម្រើជូនពាណិជ្ជករ ក៏ដូចជាសហគ្រាសផលិត ឲ្យកាន់តែល្អប្រសើរ។ ក្រុមហ៊ុនេះ បានកើនឡើងប្រាក់ចំណេញគុណនឹង៤ដង ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ស្របពេលដែលពាណិជ្ជករកាន់តែច្រើនកំពុងតែមានច្ឆន្ទៈក្នុងការចំណាយប្រាក់សម្រាប់សេវាកម្ម ដែលនឹងបន្ថែមអត្ថប្រយោជន៍ទៅលើអាជីវកម្មរបស់ពួកគេទាំងក្នុងរយៈពេលខ្លី និងវែង។ ក្រុមហ៊ុននេះ នឹងប្រើប្រាស់មូលនិធិវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ដើម្បីធ្វើសមាហរន្តកម្ម និងបង្កើតប្រព័ន្ធឌីជីថលកាន់តែទំនើបលើចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់ទាន់សម័យ និងផលិតផលថែសម្ផស្ស។ 

ក្រុមហ៊ុននេះ មានគម្រោងក្នុងការវិនិយោគដើមទុនដើម្បីផ្តល់អត្ថប្រយោជន៍រយៈពេលវែងលើចង្វាក់នៃការផ្គត់ផ្គង់ តាមរយៈការបង្កើតទំនាក់ទំនងថ្មី និងកាន់តែស៊ីជម្រុះ ជាមួយនឹងដៃគូជាសហគ្រាផលិត នៅកម្ពុជា វៀតណាម ស្រីលង្កា ចិន ហើយបន្តពង្រីកខ្លួនទៅកាន់ទីផ្សារថ្មីៗជាច្រើនដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី អូស្ត្រាលី និងសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ ក្រុមហ៊ុន Zilingo មានការប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមលើការរីកលូតលាស់របស់ខ្លួនតាមរយៈការធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងពាណិជ្ជកររបស់ខ្លួន និងដៃគូជាសហគ្រាសផលិត ដើម្បីវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន និងបើកសក្តានុពលជាសាកល ក៏ដូចជាផ្តល់ឱកាសសម្រាប់សហគ្រាសផលិត ពាណិជ្ជករ និងអតិថិជនលើម៉ូតសម្លៀកបំពាក់ទាន់សម័យ និងផលិតផលថែរក្សាសម្ផស្ស។ លោក Dhruv Kapoor សហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យា បានឲ្យដឹងថា៖

«ពាណិជ្ជករលក់សម្លៀកបំពាក់ និងគ្រឿងថែរក្សាសម្ផស្ស ពិតជាចង់ទទួលបានឧបករណ៍ដែលអាចជួយឲ្យពួកគេពង្រីកខ្លួនកាន់តែធំ។ ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធឌីជីថល ត្រូវបានរំខានដោយបច្ចេកវិទ្យាមិនទាន់សម័យ។ វាពិតជាសំខាន់ណាស់សម្រាប់យើងក្នុងការបង្កើតផលិតផលផ្សេងៗដែលអាចសិក្សាពីទិន្នន័យវិទ្យាសាស្ត្រយ៉ាងមានប្រសិទ្ធិភាពសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ស្របពេលដែលវាក៏ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ អាចសម្របខ្លួនបានដោយងាយ និងគិតបញ្ជីយ៉ាងឆាប់រហ័ស។ យើងកំពុងតែសរសេរចង្វាក់នៃការផ្គត់ផ្គង់ទាំងមូលឡើងវិញ ដែលយើងអាចបន្ថែមអត្ថប្រយោជន៍ដ៏ច្រើនបំផុត»៕

Zilingo អាចទាញយកដើម្បីដំឡើងលើទូរស័ព្ទតាមរយៈកម្មវិធី App Store និង Google Play ដោយឥតគិតថ្លៃ ទូទាំងសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.zilingo.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]