ចិន៖ អាចចាត់ទុកបានថា ជាអព្ភូតហេតុ ឬជារឿងដ៏មហាសំណាងបំផុត ដែលក្មេងស្រីជនជាតិចិនម្នាក់ បានធ្លាក់ពីលើអាគារជាន់ទី២៦ ដ៏សែនខ្ពស់ មកដល់ដី ប៉ុន្តែបែរជាអាចរួចផុតជីវិត និងថែមទាំងអាចងើបឡើងដើរបានដោយខ្លួនឯង។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យស្លុតចិត្តមួយនេះ បានកើតឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ១រសៀល ស្ថិតក្នុងទីក្រុង Chongqing ប្រទេសចិន។ ចំណែកឯ ក្មេងស្រីរងគ្រោះដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ និងអាចគេចផុតពីគ្រោះមរណៈខាងលើនេះ មានអាយុត្រឹម ៦ឆ្នាំប៉ុណ្ណោះ។

នៅក្នុងថ្ងៃកើតហេតុនោះ ក្មេងស្រីរងគ្រោះ ត្រូវបានគេរាយការណ៍ នាងបានធ្លាក់ពីបង្អួចលើផ្ទះរបស់នាង (ឬអាគារស្នាក់នៅ) នាជាន់ទី២៦ ខណៈដែលគ្រួសារបានទុកនាងចោលឲ្យនៅផ្ទះលេងម្នាក់ឯង។ ប៉ុន្តែជាសំណាងល្អ ដែលក្មេងស្រីរងគ្រោះបានធ្លាក់ ប៉ះចំលើដំបូលជ័រថ្លានៅខាងក្រោមអាគារ (កន្លែងចំណតម៉ូតូ) បានជួយឲ្យសម្រាលសម្ពាធធ្លាក់ មុនពេលនាងតូចធ្លាក់ដល់ដី។

រូបភាពក្នុងថ្ងៃកើតហេតុ

អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ នាងតូចថែមទាំងអាចងើបឡើងដើរដោយខ្លួនឯង ចេញពីកន្លែងនោះផងដែរ។ តែទោះយ៉ាងណា ក្រោយកើតហេតុ អ្នកឃើញហេតុការណ៍នេះ ក៏បាននាំក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ និងព្យាបាលផងដែរ។

នាងតូចត្រូវបានគ្រូពេទ្យពិនិត្យ និងរកឃើញថា បានបាក់ឆ្អឹងដៃខាងស្ដាំ ដែលតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យសិន ខណៈដែលប្រភពបានរាយការណ៍ថា បច្ចុប្បន្នស្ថានភាពរបស់នាងបានល្អប្រសើរច្រើនផងដែរ។

យ៉ាងណាមិញ នេះក៏ជាសារព្រមាន ឬក្រើនរម្លឹកដល់អាណាព្យាបាល ដែលមានកូនតូចៗទាំងអស់ ឲ្យចេះបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ ពិសេសកុំបណ្តោយក្មេងឲ្យនៅផ្ទះលេងតែម្នាក់ឯង ចៀសវាងដូចករណីក្មេងស្រីរងគ្រោះខាងលើនេះ៕

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]