រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កាម​រី​មួយ​គ្រឿង​ដឹក​ប្រពន្ធ និង​កូន​ទៅ​ឡើងផ្ទះ​មិត្តភក្ដិ ស្រាប់តែ​រថយន្ត​ឆ្លង​ចរន្ត​ឆេះ​តាម​ផ្លូវត្រូវ​បាន​គេ​ជួយ​ពន្លត់​ទាន់​ភ្លាម​ៗ​ផង​ដែរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ ដែល​ស្ថិត​នៅ​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដែល​ឆ្លង​ចរន្ត​ឆាបឆេះ​តាម​ផ្លូវ​ម៉ាក​កាម​រី សេរី​ចាស់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2B- 4613 បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ប្រពន្ធ និង​កូនប្រុស​ម្នាក់​សរុប​ទាំងអស់​៣​នាក់​បាន​ជិះ​រថយន្ត​ខាងលើ​គោលបំណង​ទៅ​ឡើងផ្ទះ​មិត្តភក្តិ​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​បាន​វង្វេងផ្លូវ​បាន​ជិះ​ហួស​ផ្លូវបត់​បាន​ជាង​២០០​ម៉ែត្រ ស្រាប់តែ​រថយន្ត​បាន​ឆ្លង​ចរន្ត​ឆាបឆេះ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ឆាបឆេះ​ភ្លាម​ៗ​រថយន្ត​របស់​គាត់​ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ហ្គា​រ៉ា​ស​សាំង​តេ​ឡា​ដែល​ចត​ឈប់​នៅ​តាម​ផ្លូវ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​ពន្លត់​ទាន់​ពេល​ផង​ដែរ មិន​បណ្ដាល​ឲ្យ​ឆេះ​ទាំងស្រុង​នោះ​ឡើយ ចំណែក​ក្រុម​គ្រួសារ​របស់​គាត់​ក៏​មិន​មាន​បញ្ហា​នោះ​ដែរ​បាន​ចុះ​ពីលើ​រថយន្ត​ទាន់​ពេលវេលា​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ម្ចាស់​ហៅ​រថយន្ត​អូស​យក​ទៅ​កា​រាស់ ដើម្បី​ធ្វើការ​ជួសជុល​ផង​ដែរ ។ បើ​តាម​សម្តី​របស់​ម្ចាស់​រថយន្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់ គឺ​ជាង​ជួសជុល​រថយន្ត ហើយ​រថយន្ត​របស់​គាត់​កែ​ច្នៃ​ចាក់​ហ្គា​ស​ផង​ដែរ ខណៈ​ពេល​កំពុង​តែ​បើកបរ​រថយន្ត​ឆ្លង​ចរន្ត​ភ្លើង ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​បែប​នេះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]