ភ្នំពេញ៖ សិស្សានុសិស្សនៅស្រុកថាឡាបរិវ៉ាត់ បានត្រៀមលក្ខខណៈកាន់តែល្អប្រសើរ និងយល់ដឹងកាន់តែច្បាស់ក្នុងការជៀសឲ្យផុតពីគ្រោះធម្មជាតិ ក្រោយពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការការពារសិស្ស និងគ្រូបង្រៀនក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃគ្រោះធម្មជាតិ តាមរយៈកម្មវិធី សាលាសុវត្ថិភាព ឬ Safe School។

កាលពីថ្ងៃទី ២០ ខែមីនា បុគ្គលិករបស់ក្រុមហ៊ុនព្រូនដិនសលកម្ពុជាមួយក្រុម និងក្រុមប្រឹក្សាហិរញ្ញវត្ថុ រួមជាមួយនឹងមន្ត្រីតំណាងឲ្យអង្គការភ្លែនអន្តរជាតិកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ស្ម័គ្រចិត្ត Safe School មួយ ក្នុងខេត្តស្ទឹងត្រែង។

កម្មវិធី ផ្សព្វផ្សាយកម្មវិធីសាលាសុវត្ថិភាព

ក្នុងព្រឹត្តិការណ៍នេះ សិស្សានុសិស្សមកពីសាលាបឋមសិក្សាអន្លុងស្វាយគរ និងអូរត្រែល បានបង្ហាញពីទេពកោសល្យផ្នែកសុវត្ថិភាពដូចជា វិធីសាស្ត្រនៃការជៀសផុតពីខ្យល់ព្យុះ និងបានរៀនពីរបៀបកត់សម្គាល់ពីភាពផ្សេងគ្នានៃគ្រោះធម្មជាតិផ្សេងៗ។ គ្រូបង្រៀនថ្នាក់បឋមសិក្សាជាង ៧០ នាក់ និងសមាជិកក្រុមត្រួតពិនិត្យ និងបណ្តុះបណ្តាលក្នុងស្រុកចំនួន ២៥ នាក់ ក៏ត្រូវបានអប់រំចំណេះដឹងទៅលើរបៀបក្នុងការជួយដល់សិស្សានុសិស្ស ក្នុងពេលមានគ្រោះថ្នាក់នៅសាលារៀន និងក្នុងពេលជម្លៀសកូនសិស្សផងដែរ។

Safe Schools គឺជាកម្មវិធីអប់រំទាក់ទងនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងតំបន់ដែលត្រូវបានគាំទ្រដោយមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ប្រចាំតំបន់របស់សាជីវកម្មព្រូដិនសលអាស៊ី ចាប់តាំពីឆ្នាំ ២០១៣ មកម្ល៉េះ។ និធិព្រូដិនស៍ និងក្រុមហ៊ុនព្រូនដិនសលកម្ពុជា បានចាប់ផ្តើមភាពជាដៃគូរបស់ខ្លួន រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងឆ្នាំ២០១៦។

Safe Schools គឺជាកម្មវិធីដ៏សំខាន់ក្នុងរចនាសម្ព័ន្ធការងារ ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកមួយ ដែលផ្តោតលើចំណុចស្នូលសំខាន់ ៣ រួមមាន សុវត្ថិភាពសម្ភារៈសិក្សា (Safe Learning Facilities) ការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមសាលា (School Disaster Management) និងការអប់រំស្តីពីការជម្នះលើស្ថានភាពលំបាក និងការកាត់បន្ថយហានិភ័យ (Risk Reduction and Resilience)។ កម្មវិធីនេះមានគោលបំណងក្នុងការអប់រំដល់សិស្សានិសិស្ស គ្រូបង្រៀន និងសហគមតាមក្នុងតំបន់ តាមរយៈការផ្តល់ចំណេះដឹង និងជំនាញដ៏សំខាន់ពីរបៀបក្នុងការសង្គ្រោះជីវិតពីគ្រោះធម្មជាតិ។

កម្មវិធី ផ្សព្វផ្សាយកម្មវិធីសាលាសុវត្ថិភាព

លោក David Nutman (ដាវីដ នុតមែន) អគ្គនាយកក្រុមហ៊ុនព្រូនដិនសលកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនព្រូដិនសល នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងបង្កើតឲ្យមានសុវត្ថិភាព ក៏ដូចជាជួយឲ្យមានសហគមជាច្រើនកាន់តែរឹងមាំបន្ថែមទៀតទូទាំងកម្ពុជា។

លោកបានកត់សម្គាល់ថា៖ 

«វាពិតជាសំខាន់ណាស់ក្នុងការមានការណែនាំផ្នែកសុវត្ថិភាពសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលានានា។ កម្មវិធីនេះ ក៏ជម្រុញឲ្យមានបរិស្ថាននៃការសិក្សា ក៏ដូចជាទំនាក់ល្អរវាងគ្រូបង្វឹក និងសិស្សផងដែរ។ មកទល់ពេលនេះ សិស្សានុសិស្សចំនួន ២៦៦៦ នាក់ (ក្នុងនោះសិស្សស្រីមានចំនួន ១៣០៦ នាក់) និងគ្រូបង្រៀន ២៧៥ នាក់ (អ្នកគ្រូ១២៥នាក់) នៅកម្ពុជា ត្រូវបានបណ្តុះបណ្តាល និងទទួលបានអត្ថប្រយោជន៍ពីមក្មវិធីនេះ»។

កញ្ញា សារ៉ុន ប៊ុនណាលីន អ្នកស្ម័គ្រចិត្តម្នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បាននិយាយថា៖ 

«ខ្ញុំគិតថា កម្មវិធី Safe School ពិតជាសំខាន់ណាស់ ខណៈដែលវានឹងជួយលើកកម្ពស់លើចំណេះដឹងផ្នែកគ្រោះធម្មជាតិ និងបង្រៀនសិស្សឲ្យចេះការពារខ្លួនពីគ្រោះធម្មជាតិ។ ខ្ញុំចង់លើកទឹកចិត្តឲ្យបុគ្គលិកក្រុមហ៊ុនព្រូដិនសលជាច្រើនទៀត ឲ្យស្ម័គ្រចិត្តក្នុងកម្មវិធី Safe School»។
កម្មវិធី ផ្សព្វផ្សាយកម្មវិធីសាលាសុវត្ថិភាព

លោក កា ឈន នាយកសាលាបឋមសិក្សាអន្លុងស្វាយគរ មានប្រសាសន៍ថា៖ 

«សិស្សចំនួន ១៨០ នាក់ ក្នុងសាលារបស់យើង ត្រូវបានបង្រៀនពីការត្រៀមលក្ខខណៈក្នុងហេតុការណ៍ដែលមានខ្យល់ព្យុះ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ ខ្ញុំចង់ថ្លែងអំណរគុណដល់សិស្ស ក្រុមប្រឹក្សាសាលា និងគ្រូបង្រៀនទាំងអស់ ចំពោះការប្តេជ្ញាចិត្ត និងការលះបង់ពេលវេលារបស់ពួកគេក្នុងកម្មវិធីនេះ»។
កម្មវិធី ផ្សព្វផ្សាយកម្មវិធីសាលាសុវត្ថិភាព

កម្មវិធី Safe Schools ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសល ក្នុងការគាំទ្រការអប់រំ និងសុវត្ថិភាព នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។ កម្មវិធីនេះ បំពេញបន្ថែមទៅលើកម្មវិធី SAFE STEPS Natural Disaster (ជំហានសុវត្ថិលើគ្រោះធម្មជាតិ) របស់អង្គការ Prudence Foundation ដែលមានបំណងក្នុងការជួយសង្គ្រោះជីវិត និងធានាឲ្យបានថា សាលា និងសហគមនានា កាន់តែមានភាពរឹងមាំនៅពេលដែលគ្រោះមហន្តរាយវាយប្រហារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]