ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបាន ក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវយុវជនមួយក្រុមទៀត លួចឆ្មក់កាប់ចំក្បាលបណ្តាលឱ្យរងរបួសជាទម្ងន់ កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៣១ មករា ២០១៣ នៅក្នុងកន្លែងលក់ទឹកត្នោតជូរមួយកន្លែងឈ្មោះ «ទឹកត្នោតបង្ហាញខ្លួន» ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលជនរងគ្រោះ កំពុងផឹកទឹកត្នោតជូរជាមួយឪពុកមា ។

យុវជនរងគ្រោះឈ្មោះយៀវ សុធន អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។ តាមការរៀបរាប់របស់ បុរសឈ្មោះយៀវ សុផាន អាយុ២៩ឆ្នាំ ត្រូវជាឪពុកមា និងជាអ្នកបានស្ថិតនៅក្នុងហេតុការណ៍នោះដែរបាននិយាយថា មុនពេលកើតហេតុរូបគាត់បានត្រឡប់ពីបាញ់ថ្នាំ ក៏ដំណាំវិញ ក៏បានជួបនឹងក្មួយឈ្មោះយៀវ សុធន ដែលជាជនរងគ្រោះ ទើបមកធ្វើសំណង់ដែរ ហើយក៏បបួលគ្នាទៅផឹក ទឹកត្នោតជូរនៅហាង «ទឹកត្នោតបង្ហាញខ្លួន» ។ បុរសរូបនេះបានបន្តថា ពេលអង្គុយផឹកមិនទាន់ បានអស់១ថូផង ម្ចាស់ហាងប្រាប់ឱ្យគាត់យកធុងបាញ់ថ្នាំរបស់គាត់ ចេញពីលើគ្រែមួយទៀត ព្រោះគាត់សុំយកគ្រែដាក់ឱ្យភ្ញៀវចូលមកថ្មី ។ ភ្លាមនោះគាត់បានងើបទៅ យកធុងបាញ់ថ្នាំនោះស្រាប់តែ ក្មួយគាត់ដែលកំពុងនៅអង្គុយផឹកលើគ្រែ ជាមួយគាត់ត្រូវបានយុវជនមួយក្រុមស្ទុះយកកាំបិត មកកាប់លើក្បាលក្មួយគាត់ចំនួន២កាំបិតឃើញដូចនោះគាត់ក៏បានហក់មកជួយ និងចាប់បានគ្នាវាម្នាក់ ប៉ុន្តែពេលនោះមានបក្សពួកវាម្នាក់ទៀតស្ទុះមកកាប់ គាត់មួយកាំបិតចំប្រអប់ដៃឆ្វេងស្តាំធ្វើឱ្យគាត់ទ្រាំពុំបានក៏លែងម្នាក់នោះទៅហើយ ពួកវាក៏នាំគ្នាហក់ឡើងជិះម៉ូតូប្រមាណ៥គ្រឿងគេចខ្លួនបាត់អស់ទៅ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]