ខេត្តបាត់ដំបង ៖ ស្ទើរតែគ្រប់រថយន្ត របស់ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរពីខេត្តបាត់ដំបង ទៅកាន់រាជធានីភ្នំពេញ បានចាប់ផ្ដើមឡើង ថ្លៃសំបុត្រជាបណ្ដើរៗហើយ ខណៈមានប្រជាពលរដ្ឋកាន់ តែច្រើននាំគ្នាធ្វើដំណើរទៅចូលរួម ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចឪ នៅរាជធានីភ្នំពេញដែលប្រព្រឹត្តទៅនៅថ្ងៃទី១ កុម្ភៈ ។

តាមប្រភពពី អ្នកដំណើរនានាថា នៅព្រឹកថ្ងៃទី៣១ មករា តម្លៃសំបុត្ររថយន្តដឹកអ្នកដំណើរ បានឡើងថ្លៃទាំងអស់ជាពិសេសតម្លៃរថយន្តក្រុង ។ ប្រភពដដែលបន្តថា តាមបណ្ដាក្រុមហ៊ុនរថយន្ត ដឹកអ្នកដំណើរទាំងនេះបានចាប់ផ្ដើមឡើងថ្លៃតែមិនស្មើគ្នាទេ ។ ក្រុមហ៊ុនខ្លះឡើងថ្លៃ៥.០០០រៀល រីឯក្រុមហ៊ុនខ្លះទៀតឡើងដល់៧.០០០រៀល ក្នុងតម្លៃសំបុត្រ១ពីបាត់ដំបងទៅភ្នំពេញ ។ តាមការសាកសួរអ្នកដំណើរទាំងនោះ ភាគច្រើនគឺពួកគាត់ ធ្វើដំណើរទៅចូលរួមព្រះរាជពិធីបុណ្យ ព្រះបរមសពសម្ដេចឪនៅរាជធានីភ្នំពេញ ។

អ្នកលក់សំបុត្រម្នាក់បាននិយាយ ទៅកាន់អ្នកដំណើរ កាលពីព្រឹកថ្ងៃទី៣១ មករា ថា នៅថ្ងៃនេះ(៣១ មករា ) គ្រប់បណ្ដាក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរទាំងអស់ទើប តែដំឡើងថ្លៃសំបុត្រ ចាប់ពី៥.០០០រៀល ដល់ជិត១ម៉ឺនរៀលក្នុងសំបុត្រ១ ។ ប៉ុន្តែអ្នកលក់សំបុត្រម្នាក់នេះនិយាយបែបព្រមានថា បើមិនឆាប់ទៅថ្ងៃនេះទេចាប់ពីថ្ងៃស្អែក(១កុម្ភៈ)តទៅតម្លៃសំបុត្រអាចឡើង ថ្លៃពាក់កណ្ដាលនៃតម្លៃធម្មតា ព្រោះពេលនោះមានអ្នកដំណើរច្រើន ។ បុរសនេះបាននិយាយបែបប្រឹងឃោសនាថា បើចង់ទៅភ្នំពេញគួរតែប្រញាប់ធ្វើដំណើរថ្ងៃនេះតែម្ដងទៅ ទាន់សំបុត្ររថយន្តនៅថោកគ្រាន់បើ តែបើចាប់ពីថ្ងៃទី១ កុម្ភៈតទៅសំបុត្រឡើងថ្លៃ ហើយអាចគ្មានរថយន្តជិះទៀតផង។

ការដំឡើងថ្លៃសំបុត្ររថយន្ត ដឹកអ្នកដំណើរតាមទំនើងចិត្តបែបនេះ ធ្វើឱ្យអ្នកដំណើរ ភាគច្រើនដែលចង់ទៅចូលរួម ព្រះរាជពិធីបុណ្យព្រះបរមសពព្រះបមររតន កោដ្ឋនៅរាជធានីភ្នំពេញមានការរារែក ព្រោះតែគ្មានថវិកាគ្រប់គ្រាន់ ទាំងសម្រាប់ការធ្វើដំណើរ ទាំងការស្នាក់នៅហូបចុកនៅឯភ្នំពេញ ព្រោះពួកគេគាត់ត្រៀមស្នាក់នៅរហូតដល់ជិត១សប្ដាហ៍ឯណោះ ។

កសិករវ័យ៦០ឆ្នាំម្នាក់ ឈ្មោះសូត្រ មកស្រុកបវេលនិយាយថា គាត់ចង់ទៅចូលរួមព្រះរាជពិធីបុណ្យព្រះបរមសពចុងក្រោយរបស់សម្ដេចឪ ព្រោះកាលព្រះអង្គចូលទិង្គតគាត់មិនបានទៅ ចូលរួមទេដោយសារតែរវល់ការងារ ស្រែចម្ការខ្លាំងពេក ។ គាត់បន្តថា ឥឡូវគាត់មានសោហ៊ុយតិចតួចដែលបានមកពីការលក់ស្រូវជិតកន្លះតោន ជាមួយនឹងអ្នកភូមិ ប៉ុន្មាននាក់ទៀត នាំគ្នាធ្វើដំណើរទៅចូលរួម ព្រះរាជពិធីបុណ្យព្រះបរមសពស្រាប់តែ ចំពេលសំបុត្ររថយន្តឡើងថ្លៃទៀត ។

លោកសូត្រក៏ដូចជាអ្នករួមដំណើរដទៃទៀតនិយាយថា ពួកគាត់ព្រួយបារម្ភក្រែងសោហ៊ុយ ចាយវាយមិនគ្រប់គ្រាន់ ព្រោះការធ្វើដំណើរនេះ គឺត្រៀមរយៈពេលទាល់តែព្រះរាជពិធីបុណ្យបញ្ចប់ទើបពួកគាត់ត្រឡប់មកស្រុកវិញ ។ ពួកគាត់ក៏ដូចជាអ្នកដំណើរផ្សេងទៀតដែលកំពុងរង់ចាំឡើងជិះរថយន្តក្រុង សំណូមពរសុំឱ្យអាជ្ញាធរ ឬរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ បញ្ចុះតម្លៃសំបុត្ររថយន្តដើម្បីប្រជាពលរដ្ឋក្រីក្រមួយ ចំនួនមានលទ្ធភាពទៅចូលរួមព្រះរាជពិធីបុណ្យព្រះបរមសពផង ព្រោះនេះជាលើកចុងក្រោយ ហើយដែលប្រជាពលរដ្ឋខ្មែរបានឃើញ និងបានចូលរួមដង្ហែព្រះបរមសពសម្ដេចតា សម្ដេចតាទួត ។

ទាក់ទិននឹងការឡើងថ្លៃសំបុត្ររថយន្តស្រេច តែចិត្តរបស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរនេះ កន្លងមកគេមិនដែលឃើញមានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពទេ បើទោះជាប្រមុខរាជរដ្ឋាភិបាលប្រកាសមិនឲ្យឡើងថ្លៃក្ដី ។ ការដំឡើងថ្លៃសំបុត្ររថយន្តនេះភាគច្រើនត្រូវគេកត់សម្គាល់ថា ក្រុមហ៊ុននីមួយៗតែងដំឡើងថ្លៃនៅពេល មានពិធីបុណ្យប្រពៃណីខ្មែរធំៗដូចជាបុណ្យចូលឆ្នាំថ្មីបុណ្យភ្ជុំបិណ្ឌ ឬពេលដល់អាណត្តិបោះឆ្នោតជាដើម ។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋ ដែលមានសោហ៊ុយតិចតួច ជួបការលំបាកយ៉ាងខ្លាំងនៅពេល ចង់ធ្វើដំណើរទៅលេងស្រុកកំណើតម្ដងៗ ។

ជាមួយនឹងការដំឡើងថ្លៃសំបុត្ររថយន្តដឹកអ្នកដំណើរនេះដែរ អភិបាលក្រុងបាត់ដំបងលោកអឿម សុខុន ថ្លែងថា លោកមិនមានភារកិច្ចទៅចាត់ការរឿងសំបុត្ររថយន្តឡើងថ្លៃនោះទេគឺលោកមានភារកិច្ចត្រឹមតែរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងប៉ុណ្ណោះ ។ ប៉ុន្តែលោកអភិបាលក្រុងរូបនេះអះអាងថា បើមានរឿងបែបនេះមែន លោកនឹងរាយការណ៍ជូនលោកអភិបាលខេត្តឲ្យបានជ្រាប ព្រោះខាងខេត្តមានមន្រ្តីសម្រាប់ធ្វើការងារនេះ ។

អាជ្ញាធរគួរតែជួយសម្រូលលើបញ្ហានេះដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរទៅចូលរួមពិធីបុណ្យព្រះបរមសពសម្ដេចតាឲ្យបានច្រើនកុះករ ព្រោះនេះជាលើកចុងក្រោយហើយ និងការបង្ហាញថា ប្រជាជាតិខ្មែរមានភក្ដីភាពរកទីបំផុតគ្មានសម្រាប់មហាបុរសរដ្ឋដ៏អស្ចារ្យរបស់ខ្លួនឱ្យជនបរទេសបានឃើញច្បាស់នាពេលនេះ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]