បារាំង៖ ក្រុម Paris Saint-Germain គឺជាក្រុមតែមួយគត់ ដែលមានសង្ឃឹមខ្ពស់សម្រាប់ការឈ្នះពាន Ligue 1 នារដូវកាលនេះទៅហើយ ដោយឡែកភារកិច្ចដែល PSG ត្រូវយកចិត្តទុកដាក់បន្តនាពេលនេះ គឺការប្រជែងពានក្នុងស្រុក Coupe De France ជាបន្តទៀត ដែលត្រូវប៉ះជាមួយក្រុម Rennes នៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ២៨ ខែមេសាខាងមុខនេះ។ 

យ៉ាងណាមិញ បើទោះបីជារដូវកាល ២០១៨/១៩ មិនទាន់ត្រូវបានបញ្ចប់យ៉ាងណាក្តី ក្លិប PSG ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការតាមប្រមាញ់យកកីឡាករខ្លាំងៗផ្សេងទៀត សម្រាប់មកជួយក្រុមនារដូវកាលថ្មី ជាពិសេសគឺសម្រាប់ប្រជែងពាន UCL នារដូវកាលខាងមុខ ដែលជាពានរង្វាន់សំខាន់បំផុតសម្រាប់ PSG។

លោក Thomas Tuchel

លោក Thomas Tuchel រំពឹងថា ក្លិប PSG អាចនឹងធ្វើការនាំចូលកីឡាករសំខាន់ៗ ៣ ទៅ ៤រូបបន្ថែមទៀតនារដូវក្តៅខាងមុខនេះ។ ប៉ុន្តែដើម្បីគោរពទៅតាមច្បាប់ហិរញ្ញវត្ថុរបស់ FIFA ក្លិប PSG ត្រូវធ្វើការលក់ចេញនូវកីឡាករមួយចំនួនរបស់ក្លិបចេញជាមុនសិន ទើបអាចនាំចូលកីឡាករបន្ថែមសម្រាប់រដូវកាលថ្មីនេះ។ កីឡាករដែលគេរំពឹងថានឹងអាចលក់ចេញនោះរួមមាន Thomas Meunier, Julian Draxler, Layvin Kurzawa, Nkunku និង Adrien Rabiot ជាដើម ខណៈដែលអនាគតរបស់កីឡាករ ២រូបផ្សេងទៀតរួមមាន Dani Alves និង Gianluigi Buffon កំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។

យ៉ាងណាមិញ បើតាមកាសែត Le Parisien បានឱ្យដឹងថា លោក Tuchel កំពុងចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ ៣តំណែងផ្សេងគ្នាមកបំពេញចន្លោះខ្វះខាតរបស់ក្រុមដែលរួមមានតំណែងខ្សែបម្រើ, ខ្សែការពារ និងអ្នកចាំទីផងដែរ។ បើតាមប្រភពដដែលបានឱ្យដឹងថា គ្រូបង្វឹករបស់ PSG កំពុងចាប់អារម្មណ៍លើកីឡាករ ២រូបសម្រាប់តំណែងជាខ្សែបម្រើកណ្តាលរួមមាន Idrissa Gueye របស់ Everton និង Tanguy Ndombele របស់ Lyon ផងដែរ។ ដោយឡែក ក្រៅពីតំណែងខ្សែបម្រើ លោក Tuchel ក៏កំពុងចាប់អារម្មណ៍លើខ្សែការពារមួយរូបទៀតដូចគ្នា គឺកីឡាករ Cristiano Piccini របស់ក្លិប Valencia។

កីឡាករ Cristiano Piccini
កីឡាករ Tanguy Ndombele និងកីឡាករ Idrissa Gueye

គួរបញ្ជាក់ឱ្យដឹងថា ក្រៅពីតម្រូវការនាំចូលខ្សែបម្រើ និងខ្សែការពារខាងលើ Paris Saint-Germain ក៏កំពុងចរចាដើម្បីនាំយកកីឡាករ De Ligt ពី Ajax បន្ទាប់ពីបានរបូតបាត់កីឡាករ De Jong ទៅកាន់ក្លិប Barcelona។ លើសពីនេះទៅទៀត Paris Saint-Germain ក៏កំពុងតែអន្ទងយកអ្នកចាំទី De Gea មកកាន់ទឹកដីបារាំងផងដែរ បន្ទាប់ពីមានប្រភពជាច្រើនបានអះអាងថាកីឡាករ Ander Herrera ក៏នឹងមកចូលរួមនៅទឹកដីបារាំងដែរនារដូវកាលក្រោយ៕

អ្នកចាំទី De Gea និងកីឡាករ Ander Herrera
កីឡាករ De Ligt និង De Jong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]