សិង្ហបុរី៖ បុរសម្នាក់រស់នៅក្នុងប្រទេសសិង្ហបុរី ព្រងើយកន្តើយ មិនខ្វល់នឹងការព្រមានរបស់ប៉ូលិស ចំពោះករណីឆបោកលុយតាមរយៈការដោះដូរទៅនឹងការរួមភេទ ដែលទីបំផុតត្រូវចាញ់បោកអស់លុយមែនទែនទើបភ្ញាក់ខ្លួន។

ការឆបោកបែបនេះបាន និងកំពុងតែកើនឡើងជាខ្លាំងនៅក្នុងប្រទេសសិង្ហបុរី ដែលមានចំនួនដល់ទៅ ៥៣៣ករណីកាលពីឆ្នាំមុន ហើយចំនួននេះបានកើនឡើងជាង ២៨.៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានតែ៤១៤ករណីតែប៉ុណ្ណោះ។

រូបតំណាង

យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេបោកនោះមានឈ្មោះ Tan អាយុ ២៧ឆ្នាំ ហើយលោកបានអះអាងថា លោកស្គាល់ស្រីម្នាក់តាមរយៈបណ្តាញសង្គម WeChat

ជនរងគ្រោះ Tan បាននិយាយថា៖

«នាងបានអះអាងថា នាងគឺជានិស្សិតម្នាក់រស់នៅក្នុងប្រទេសសិង្ហបុរី ហើយនាងចង់រកលុយមួយចំនួនដោយធ្វើជានារីបម្រើសេវាផ្លូវភេទនៅពេលទំនេរ។» 

ដូច្នេះ លោក Tan បានសម្រេចចិត្តថា ទៅជួបស្រីម្នាក់នេះនៅម្តុំ Hougang នៅថ្ងៃបន្ទាប់។ ទីតាំងដែលពួកគេជួបគ្នានោះ គឺនៅជិតទូ ATM យកតែម្តង។

រូបតំណាង

អ្វីដែលចៃដន្យនោះគឺថា នៅពេលដែលលោក Tan បានដល់ទីតាំងណាត់ជួបនោះ ស្រាប់តែមានប៉ូលិស ២នាក់បានហុចខិត្តប័ណ្ណមួយ ដែលព្រមានមហាជនកុំឱ្យចាញ់បោកការបោកប្រាស់របស់មនុស្សស្រីដែលស្គាល់តាមអនឡាញ ហើយផ្ទេរលុយឱ្យគេដោយការដោះដូរទៅនឹងការរួមភេទ។

យ៉ាងណាមិញ លោក Tan មិនបានខ្វល់ និងមើលខិត្តប័ណ្ណនេះអីទេ។ ផ្ទុយទៅវិញ មិនយូរប៉ុន្មាន លោកក៏ទទួលបានទូរស័ព្ទមួយពីបុរសម្នាក់ដែលអះអាងថាជា «បងធំ» របស់ស្រីដែលលោកបម្រុងនឹងជួបនោះ ហើយគេក៏ទាមទារលុយពីលោក Tan។ 

ភ្លាមៗនោះ លោក Tan ក៏បានផ្ញើលុយឱ្យគេអស់ចំនួន ៧០០ដុល្លារសិង្ហបុរី (៥២០ដុល្លារអាមេរិក)។ ក្រោយមក មិនយូរប៉ុន្មាន លោកក៏ដឹងថាត្រូវចាញ់បោកគេ បន្ទាប់ពីបុរសម្នាក់នេះទាមទារលុយបន្ថែមទៀត ថាលុយនេះគឺសម្រាប់ «ថ្លៃការពារ» ស្រីដែលលោកនឹងជួបនេះ។

រូបតំណាង

លោក Tan បាននិយាយថា៖

«នេះគឺជាលើកទីមួយដែលខ្ញុំធ្វើរឿងបែបនេះ ហើយដូច្នេះខ្ញុំក៏ផ្ញើលុយឱ្យគេតាមរយៈ Alipay។ បន្ទាប់មក ខ្ញុំក៏គិតថា នៅទីបំផុតខ្ញុំក៏បានជួបមនុស្សស្រីដែលខ្ញុំចង់ជួបនោះ។»

ប៉ុន្តែជាចុងក្រោយ លោកបែរជាមិនបានជួបស្រីម្នាក់នោះ ហើយលោកក៏ប្តឹងប៉ូលិសចំពោះរឿងមួយនេះ ហើយលោកបាននិយាយថា៖

«ខ្ញុំពិតជាល្ងង់មែន»

រូបតំណាង

ដូច្នេះ សូមប្រិយមិត្តស្វែងយល់រឿងនេះ ហើយមិនគួរទុកចិត្តមនុស្សដែលមិនស្គាល់គ្នានៅលើអនឡាញនោះទេ ព្រោះយើងមិនដឹងថាតើពួកគេនោះមានបំណងអាក្រក់ ឬក៏អត់នោះទេ៕ 

សូមទស្សនាវីដេអូអប់រំខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]