ភ្នំពេញៈ នៅវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ ក្បួនដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ បាន ចាប់ផ្តើមព្រះរាជដង្ហែចេញពីព្រះបរមរាជវាំងហើយ ដោយមានការឈរអមសងខាងផ្លូវ ពីសំណាក់ថ្នាក់ដឹកនាំជាន់ ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា សមាជិករដ្ឋសភា ព្រឹទ្ធសភា និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រ្តីមកពីគ្រប់បណ្តាលក្រសួង ស្ថាប័ននានា នៅមុខព្រះបរមរាជវាំង ក្នុងទឹកមុខក្រៀមក្រំ និងទឹកចិត្តក្តុកក្តួលរកទីបំផុតគ្មាន។

សម្តេចព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចយាយ បានព្រះរាជដង្ហែអមព្រះបរមសព ព្រះបរមរតន កោដ្ឋដោយព្រះភក្រ្តក្រៀមក្រំ និង ទឹកព្រះទ័យក្តុកក្តួលជាទីបំផុត លាយឡំជាមួយព្រះកន្សែងរមៀលធ្លាក់ ដ៏សែនកម្សត់។

ព្រះរាជដង្ហែព្រះបរមឈូស ព្រះបរមរតនកោដ្ឋ យាងទៅកាន់ព្រះរាជបុស្បុក រចនាដោយនាគ៩០ ដ៏ប្រណីត បាននិងកំពុងធ្វើឡើងសន្សឹមៗ នៅវេលាម៉ោង ៧ និង៥៧នាទីព្រឹក អមជាមួយសំឡេង ឆ្លងខែកយ៉ាងក្រៀមក្រំ និងរន្ធត់ជាពន់ពេក។ សែព្រះរាជវង្សានុវង្ស និងមន្រ្តីរាជរដ្ឋាភិបាល នៅពេលព្រះបរមសព ព្រះរាជដង្ហែមកដល់ បាននាំគ្នាលត់ជង្គុង លើកដៃប្រណម សំពះ អមនៅសងខាងផ្លូវ ទាំងចិត្តក្រៀមក្រំ ខ្សឹកខ្សួល នឹកស្រណោះអាឡោះអាល័យ ចំពោះអង្គព្រះមហាវីរក្សត្រ ដែលយាងចាកឆ្ងាយ ឆ្ងាយជារៀងរហូត ពីប្រជារាស្រ្តរបស់ព្រះអង្គ។

ព្រះរាជពិធីដង្ហែព្រះបរមសព ចែកចេញជា ១១ផែន ហើយផែនទី៩ ជាព្រះបរមឈូស ព្រះមហាវីរក្សត្រខ្មែរ។ ព្រះបរមឈូស រហូតដល់វេលាម៉ោង ៨ព្រឹក កំពុងព្រះរាជដង្ហែយ៉ាងសន្សឹមៗ ចេញពីព្រះបរមរាជវាំង ឆ្ពោះទៅព្រះរាជបុស្បុក ដែលកំពុងចតនៅព្រះអង្គដងកើ។

នៅវេលាម៉ោង ៨ និង២០នាទីព្រឹក ព្រះបរមមឈូស ព្រះបរមរតនកោដ្ឋ បានព្រះរាជដង្ហែដល់ព្រះរាជបុស្បុក នៅព្រះដងកើហើយ ក្រោមសំឡេងខ្សឹកខ្សួល ឆួលពេញឱរារបស់ប្រជារាស្រ្តខ្មែរទាំងអស់ ដែលនឹកស្រណោះសង្វេគពន់ពេក ចំពោះការយាងចាកឆ្ងាយរបស់អង្គមហាវីរក្សត្រ ដ៏ឧត្តមមួយព្រះអង្គ។

នៅវេលាម៉ោង ៨ និង៣០នាទី ព្រះបរមមឈូស បានប្រះរាជរំកឹលដាក់លើ ព្រះរាជបុស្បុក។ រហូតដល់វេលាម៉ោង ៨ និង៤០នាទី ព្រះបរមមឈូស បានលើកព្រះរាជតម្កល់ នៅលើព្រះរាជបុស្បុករួចរាល់ហើយ។

ព្រះបរមសព ព្រះមហាក្សត្រខ្មែរ នឹងចាប់ផ្តើមដង្ហែតាមព្រះរាជបុស្បុករចនាដោយនាគរាជចំនួន ៩០ដ៏ល្អវិចិត្រ ចេញពីព្រះបរមរាជវាំង តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធ ជុំវិញរង្វង់មូលរមណីយដ្ឋានវត្តភ្នំ តាមមហាវិថីព្រះនរោត្តម ទៅរង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ ហើយឆ្ពោះទៅមហាវិថី ព្រះសុធារស និងយកទៅតម្កល់នៅវាលព្រះមេរុ។ ព្រះបរមសពរបស់ព្រះអង្គនឹងត្រូវធ្វើព្រះ រាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ។












ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]