អាមេរិក៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ អាយុមិនក្រោម១០០ឆ្នាំ ដែលបានរៀបការប្រកបដោយសុភមង្គល បានចែករំលែកបទពិសោធន៍ ក៏ដូចជាដំបូន្មានដែលធ្វើឲ្យជីវិតគ្រួសាររបស់ពួកគាត់ គង់វង្សយូរអង្វែង ក្នុងឱកាសខួបអាពាហ៍ពិពាហ៍ទី ៨២ឆ្នាំ។

លោកតា D.W. Williams និងលោកយាយ Willie Williams

លោកតា D.W. Williams អាយុ ១០៣ និងលោកយាយ Willie Williams អាយុ ១០០ឆ្នាំ រស់នៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ និងចាត់ទុកថា ជាគូស្នេហ៍ប្តីប្រពន្ធវ័យចំណាស់ ដែលមានជីវិតគ្រួសារយ៉ាងមានក្តីសុខ ស្រស់បំព្រង បានប្រារព្ធធ្វើខួបអាពាហ៍ពិពាហ៍លើកទី ៨២ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី៣១ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ពិធីខួបអាពាហ៍ពិពាហ៍នោះដែរ ត្រូវបានរៀបចំធ្វើឡើងនៅឯព្រះវិហារ First Mayfield Memorial Baptist Church ក្នុងទីក្រុង Charlotte រដ្ឋ North Carolina ដែលមានការចូលរួមពីសំណាក់សមាជិកបងប្អូនសាច់ញាតិកូនចៅ ១១៥នាក់ និងមិត្តៗរបស់ពួកគាត់ផងដែរ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងពិធីដែរនោះ លោកតា Williams និងលោកយាយ Willie ក៏បានចែករំលែកដំបូន្មាន ពីជីវិតគ្រួសាររបស់ពួកគាត់ឲ្យគ្រប់គ្នាបានដឹងផងដែរ។

លោកតា D.W. Williams និងលោកយាយ Willie Williams

ថ្លែងប្រាប់សារព័ត៌មាន ប្តីប្រពន្ធវ័យចំណាស់នេះ បាននិយាយថា វាមិនមែនជារឿងដ៏លំបាក ឬអាថ៌កំបាំងអីនោះទេ ព្រោះជាក់ស្តែងនរណាៗក៏អាចធ្វើបានដែរ។ ជីវិតគ្រួសាររបស់ពួកគាត់ អាចរស់នៅជាមួយគ្នាបានយូរអង្វែង រហូតមកទល់ពេលនេះ ក៏ដោយសារតែ ពួកគាត់ទាំងពីរ តែងតែឲ្យតម្លៃគ្នាទៅវិញទៅមក ពុំដែលមានការឈ្លោះប្រកែក និងវាយតប់ឬប្រើហិង្សាអ្វីនោះឡើយ។

ម្យ៉ាងវិញទៀត ប្រសិនណាបើមានការយល់ច្រលំលើរឿងអ្វីមួយ ពួកគាត់ទាំងពីរតែងតែពិភាក្សាសួរនាំពីគ្នា យ៉ាងស្ងប់ស្ងាត់ជានិច្ច។

លោកតា Williams និងលោកយាយ Willie បានសង្កត់ធ្ងន់ថា វាពិតជាសំខាន់ និងជាដំបូន្មានដ៏ល្អដើម្បីជួយឲ្យជីវិតអាពាហ៍ពិពាហ៍បានយូរអង្វែង និងមានសុខសុភមង្គលនោះ គឺប្តីប្រពន្ធត្រូវធ្វើរឿងអ្វីដែលល្អជាមួយគ្នាជានិច្ច ទើបជីវិតគ្រួសារក៏ស្រស់បំព្រងទៅតាមនោះដែរ។

រូបភាព៖ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ទី ៨២ឆ្នាំ

ចៅស្រីរបស់លោកតា Williams និងលោកយាយ Willie ឈ្មោះ BJ Williams Greene ក៏បានប្រាប់សារព័ត៌មានដែរថា ជីវិតអាពាហ៍ពិពាហ៍របស់ជីដូននិងជីតារបស់ខ្លួន គឺពិតជាបានបំផុសគំនិតដ៏ល្អបំផុត ដែលគ្រប់គ្នាអាច ឬគួរយកគំរូតាម។ វាក៏ប្រៀបបីដូចជាកូនសោរជីវិតមួយដ៏ល្អផងដែរ។

ចៅស្រីរូបនេះបន្តថា ពួកគាត់តែងតែធ្វើអ្វី និងមានការសម្រេចចិត្តជាមួយគ្នាជានិច្ច ហើយគ្រប់គ្នាស្រលាញ់ពួកគាត់ខ្លាំងណាស់ ក៏ព្រោះតែពួកគាត់ជាមនុស្សដែលមានភាពស្មោះត្រង់។ ពួកគាត់តែងជំរុញឲ្យមនុស្សគ្រប់គ្នា រៀនធ្វើជាមនុស្សល្អតាមដែលអាចធ្វើបាន។

រូបភាព៖ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ទី ៨២ឆ្នាំ

គួរឲ្យដឹងផងដែរថា លោកតា Williams និងលោកយាយ Willie បានចាប់ផ្តើមជួបស្គាល់គ្នាដំបូង នៅក្នុងទីក្រុង Newberry រដ្ឋ South Carolina ក្នុងកំឡុងឆ្នាំ១៩៣៥។ រយៈពេល២ឆ្នាំក្រោយមក បន្ទាប់ពីបានស្គាល់ចិត្តថ្លើមគ្នា យ៉ាងស៊ីជម្រៅហើយនោះ ពួកគាត់ក៏បានសម្រេចចិត្តចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍ សាងគ្រួសារដ៏កក់ក្តៅមកទល់បច្ចុប្បន្ននេះតែម្តង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

លោកតា D.W. Williams និងលោកយាយ Willie Williams

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]