រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ត្រូវ​ម្ចាស់​ដើម​ប្រទះ​ឃើញ​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត​ថ្មី​កំពុង​តែ​បើកបរ បាន​ស្ទាក់​ចាប់​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ម្ចាស់​ដើម​បាន​ប្រគល់​រថយន្ត​នេះ​ទៅ​ឲ្យ​បុរស​អតីត​ម្ចាស់​ឃ្លាំង​យីហោ ណុ​ប ធានី រហូត​បាត់​ដំណឹង​សូន្យ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងជើង​ស្តុ​ប​ផ្សារ​ដី​ហុយ​ប្រមាណ​២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ខណ្ឌ​សែន​សុខ​។

រថយន្ត​ខាងលើ​នេះ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស រីឯ​ជន​រង​គ្រោះជា​ម្ចាស់​ដើម​រថយន្ត​នេះ​ឈ្មោះ សុខ សា​រិ​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេង​០២ ផ្លូវលំ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ចំណែកឯ​ជន​ឆបោក​រថយន្ត​ឈ្មោះ ណុ​ប ធានី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អតីត​ម្ចាស់​ឃ្លាំង​លក់​រថយន្ត​យីហោ ណុ​ប ធានី ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​សម្តី​ពី​ជន​រង​គ្រោះជា​ម្ចាស់​ដើម​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ខែមីនា ២០១៨ គាត់​ទិញ​រថយន្ត​ខាងលើ​ពី​ឃ្លាំង​យីហោ ណុ​ប ធានី ដែល​ជា​របស់​ជន​ឆបោក​នោះ​ក្នុង​តម្លៃ​១៧៦០០​ដុល្លារ​។ ពេល​នោះ​ជន​ឆបោក​ជា​ម្ចាស់​ឃ្លាំង​នោះ​ប្រាប់​គាត់​ថា ពេល​ណា​ដែល​ចង់​លក់​រថយន្ត​វិញ អាច​ទាក់ទង​មក​រូបគេ​វិញ​បាន ។ បន្ទាប់​ពី​ទិញ​រថយន្ត​បាន​ហើយ ជន​រង​គ្រោះ​ក៏​យក​រថយន្ត​ទៅ​ធ្វើ​ស្លាក​លេខ ហើយ​ជិះ​រហូត​មក​រយៈពេល​១​ឆ្នាំ គាត់​ក៏​ចង់​លក់​វិញ ប៉ុន្តែ​មិនដឹង​លក់​នៅឯណា​ដាច់ រួច​គាត់​ក៏​ទាក់ទង​ទៅ​ជន​ឆបោក ដើម្បី​ឲ្យ​ជួយ​លក់​រថយន្ត​ឲ្យ​។

ជន​រង​គ្រោះ​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២០ មីនា ២០១៩ ជន​ឆបោក​ខាងលើ​ក៏​ទូរស័ព្ទ​មក​រូប​គាត់​ឲ្យ​យក​រថយន្ត​​របស់​គាត់​ទៅ​លាង​ឲ្យ​ស្អាត រួច​មក​ជន​ឆបោក​នោះ​ក៏​ប្រើ​ឲ្យ​បុរស​ម្នាក់​ទៀត​ជា​បក្សពួក​ឈ្មោះ កុយ ខាង មក​យក​រថយន្ត​ពី​រូប​គាត់​ដោយ​ប្រាប់​ថា យក​ទៅ​ប៉ូ​លា ទើប​លក់​បាន​ថ្លៃ រួច​គាត់​ក៏​ព្រម​ប្រគល់​រថយន្ត​ឲ្យ​។ រហូត​ដល់​ថ្ងៃ​ទី​២៣ មីនា ជន​ឆបោក​ទូរស័ព្ទ​មក​រក​គាត់​ដោយ​ប្រើ​បុរស កុយ ខាង នោះ​ឲ្យ​មក​យក​កាត​គ្រី​រថយន្ត និង​អត្តសញ្ញាណប័ណ្ណ​ហ្វូ​តូ​របស់​គាត់​ថែម​ទាំង​ប្រាប់​ថា លុយ​លក់​រថយន្ត​ចំនួន​១៨៤៥០​ដុល្លារ​រូបគេ​នឹង​យក​ទៅ​ប្រគល់​ឲ្យ​៤​ទៅ​៥​ថ្ងៃ​ទៀត​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​កំណត់​ដែល​ជន​ឆបោក​បាន​សន្យា ប៉ុន្តែ​បែរជា​មិនឃើញ ពេល​នោះ​គាត់​ទូរស័ព្ទ​ទៅ​លេខ​ជន​ឆបោក​ជា​ច្រើន​ដង​តែ​មិន​អាច​ទាក់ទង​បាន​។ បន្ទាប់​មក​គាត់​ក៏​ប្រញាប់​ទៅ​ផ្ទះ​របស់​ជន​ឆបោក​នោះ ប៉ុន្តែ​ជួប​តែ​ប្រពន្ធ ពេល​ដែល​គាត់​សួរនាំ​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​នោះ​ឆ្លើយ​ថា ពួក​គេ​ទាំង​ពីរ​លែងលះ​គ្នា​ហើយ ទើប​គាត់​សម្រេចចិត្ត​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​តែ​ម្ដង​ទៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​កើតហេតុ ប្អូនប្រុស​របស់​គាត់​ម្នាក់​ប្រទះ​ឃើញ​រថយន្ត​គាត់​ដែល​មាន​បុរស​ម្នាក់​ផ្សេង​ទៀត​កំពុង​បើក​តាម​បណ្ដោយ​ហាណូយ​ពី​ជើង​ទៅ​ត្បូង ត្រង់​ចំណុច​កើតហេតុ ខណៈ​ពេល​ប្អូនប្រុស​គាត់​កំពុង​ឈរ​លក់​សាច់​អាំង​ក្បែរ​នោះ ភ្លាម​ៗ​នោះ​ប្អូនប្រុស​គាត់​ក៏​ស្ទុះ​ទៅ​ស្ទាក់​ឃាត់​រថយន្ត​ខាងលើ​តែ​ម្តង​។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ឆបោក​នេះ​បាន​យក​រថយន្ត​ពី​ជន​រង​គ្រោះ រួច​លក់​រថយន្ត​នោះ​ទៅ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ផាត សា​រ៉ាត់ អាយុ​៣០​ឆ្នាំ ជា​អ្នកទិញ​លក់​រថយន្ត និង​ធ្លាប់​ស្គាល់​រកស៊ី​ជា​មួយនឹង​ជន​ឆបោក​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ ហើយ​ជន​ឆបោក​នោះ​ក៏​គេច​ខ្លួន​បាត់​។ បន្ទាប់​មក​បុរស​នោះ​ក៏​លក់​រថយន្ត​នេះ​បន្ត​ទៅ​ឲ្យ​បុរស​ម្នាក់​ទៀត​អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក​រោង​ចក្រ​កាត់ដេរ ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​កាត​គ្រី​របស់​រថយន្ត​ត្រឹមត្រូវ​ក្នុង​តម្លៃ​១៨៤៥០​ដុល្លារ​។ ខណៈ​ពេល​បុរស​ចុង​ក្រោយ​ដែល​ទិញ​រថយន្ត​នេះ​ជិះ​ទើបតែ​បាន​៥​ថ្ងៃ ក៏​ត្រូវ​ជន​រង​គ្រោះជា​ម្ចាស់​ដើម​ប្រទះ​ឃើញ រួច​ក៏​ស្ទាក់​ចាប់​ឃាត់​តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​នាំ​រថយន្ត​ខាងលើ រួម​ទាំង​ម្ចាស់​ដើម និង​ម្ចាស់​ថ្មី​ទៅ​ធ្វើការ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]