ល្បែងឈូង ជាល្បែងមួយយ៉ាងរបស់កំលោះ-ក្រមុំ ឬមនុស្ស ចំណាស់ៗប្រុសស្រីទូទាំងប្រទេសកម្ពុជា ដោយគេតែងលេងនៅវេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ)។ គេចែកគ្នាជា២ពួក ប្រុស១ពួក ស្រី១ពួក ។ ក្នុង ១ពួកៗ មានគ្នាចំនួនពី១០នាក់ ឬ២០នាក់ឡើងទៅ ឈរត្រៀមជា២ជួរទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ១០ម៉ែត្រ ។ គេយកក្រមា ឬកន្សែងមកឆ្មូលឱ្យមូលចងរឹតឱ្យតឹងណែនល្អ ទុកឱ្យមានកន្ទុយបន្តិចហៅថា «ឈូង» សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា ។
ឈូងមាន២បែប ៖ ១-ឈូងច្រៀងរាំ ២-ឈូងលោះខ្ញុំ
១-ឈូងច្រៀងរាំ ៖ មុនដំបូងពួកខាងប្រុសបោះឈូងទៅឱ្យពួកខាងស្រី, ពួកខាងស្រីប្រុងចាប់កុំឱ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅឱ្យខាងប្រុសវិញ, ពួកខាងប្រុសប្រុងចាប់កុំឱ្យធ្លាក់ដល់ដី ។ កាលចាប់បានហើយ ចោលសំដៅទៅពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយ រួចគេចាប់ផ្តើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង ។
របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា «ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ» ។ ពួកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ!» រួចហើយហុចឈូងនោះទៅឱ្យ ប្រុសៗទទួលយក ហើយក៏ផ្តើមបោះឈូងនោះទៅឱ្យពួកខាងស្រីចាប់វិញ។
បើពួកស្រីចាប់ឈូងបានក៏ចោលឈូងសំដៅទៅពួក ប្រុសៗ បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំឈូងទៅជូនស្រី ដោយច្រៀងជាទំនុកថា «បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ» ។ ពួក ប្រុសៗគ្រប់គ្នាទទួលបន្ទរថា «ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ !» ហើយក៏ហុចឈូងនោះទៅឱ្យពួក ស្រីៗទទួលយក ទើបផ្តើមបោះតទៅទៀត ។
២-ឈូងលោះខ្ញុំ ៖ ដើមដំបូងខាងប្រុសគេផ្តើមច្រៀង១ទំនុកជាមុន ។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកៗទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀង និងតាមស្រុក។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា ៖ «បងបោះឈូងទៅ អូនអើយកម្ពស់ចុងដូង (ស្ទួន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង» ឬថា «បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង» ។ល។
ច្រៀងហើយគេស្រែកប្រាប់ថា «ឈូងអើយ ឈូង!» ហើយអ្នកផ្តើមទំនុកក៏បោះឈូងទៅលើពួក ស្រីៗ ឱ្យពួក ស្រីៗចាប់ ។ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ ។ បើចោលមិនត្រូវទេ ខាងប្រុសគេចាប់ឈូងនោះចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅលើកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោលមិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល ។ បើខាងណាប៉ិនប្រសប់គេចោលយកខាងម្ខាងទាល់តែអស់ ។
កាលណាអស់គ្នាហើយគេផ្តើមលេងសាជាថ្មី ដោយឱ្យខាងស្រីបោះឈូងទៅឱ្យខាងប្រុសមុនវិញ ។ មុននឹងស្រីៗបោះឈូងទៅឱ្យប្រុស គេស្រែកច្រៀងថា «អូនបោះឈូងទៅ បងអើយកម្ពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយទទួលឈូងប្អូន» ។ល។ ច្រៀងហើយគេស្រែកថា «ឈូងអឺយ ឈូង !» ហើយគេបោះឈូងទៅលើពួក ប្រុសៗ ។
ឯខាងប្រុស បើចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅ ស្រីៗ កាលណាត្រូវលើស្រីណាម្នាក់ គេចាប់យកស្រីនោះមកទុកខាងគេ ។ បើខាងណាអស់មនុស្ស គេចែកគ្នាលេងសាជាថ្មី ។ មនុស្សដែលគេចាប់បាននោះជួនកាលគេចងមុខឱ្យជិត លែងឱ្យរត់ទៅកាន់ ទីផ្សេងៗ ជាការកម្សាន្តសប្បាយ ។ របៀបលេងបែបទី២ នេះជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្តងក៏មាន ។
ល្បែងនេះរាប់ចូលក្នុងពួកការហាត់ភ្នែកឱ្យវៃ ហាត់ដៃឱ្យត្រង់ផង ជាការកម្សាន្តសប្បាយដោយមានការរាំច្រៀងលាយជាមួយផង (យោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ») ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]