ចិន៖ ក្មេងស្រី ៦ឆ្នាំម្នាក់រស់នៅក្នុងប្រទេសចិន បាននិងកំពុងតែស្រក់ទឹកភ្នែក បន្ទាប់ពីឮដំណឹងថា អ្នកបរិច្ចាគខួរឆ្អឹងខ្នងជូននាង បានបដិសេធមិនធ្វើការបរិច្ចាគវិញ នៅពេលជិតដល់ថ្ងៃដែលរូបគេត្រូវបរិច្ចាគ។

ក្មេងស្រីគួរឱ្យអភ័ព្វរូបនេះមានឈ្មោះ Ye Yuxin រស់នៅក្នុងខេត្តជៀងស៊ី ត្រូវបានគូ្រពេទ្យរកឃើញថា នាងមានជំងឺតាឡាសេមៀ (Thalassemia) តាំងតែពីអាយុ ២ខែមកម្ល៉េះ។

គួរឱ្យដឹងផងដែរ ជំងឺតាឡាសេមៀគឺជាជំងឺឈាមតពូជមួយប្រភេទ ដែលយើងអាចសម្គាល់ដឹងតាមរយៈចំនួនអេម៉ូគ្លូប៊ីន និងគ្រាប់ឈាមក្រហមតិចជាងធម្មតា។ អេម៉ូគ្លូនប៊ីនគឺជាសារធាតុម្យ៉ាងក្នុងគ្រាប់ឈាមក្រហមសម្រាប់ដឹកនាំអុកស៊ីសែន។ កាលណាចំនួនរបស់វា និងគ្រាប់ឈាមក្រហមតិច វានឹងធ្វើឱ្យកើតជាជំងឺខ្វះគ្រាប់ឈាម និងបង្កជារោគសញ្ញាអស់កម្លាំង ខ្សោយ និងដង្ហើមខ្លីជាដើម។

ចាប់តាំងពីពេលនោះមក ក្មេងស្រី Yuxin ត្រូវតែទទួលការចាក់បញ្ចូលឈាមជារាល់រៀង ២សប្តាហ៍ម្តងទើបតែបន្តជីវិតរស់បាន ហើយការធ្វើបែបនេះពិតជាចំណាយប្រាក់ជាច្រើនរបស់ក្រុមគ្រួសារនាង។

យ៉ាងណាមិញ ក្រុមគ្រួសារនាងបានរកឃើញក្តីសង្ឃឹមមួយកាលពីឆ្នាំ២០១៧ បន្ទាប់ពីទទួលបានដំណឹងថា មានខួរឆ្អឹងខ្នងត្រូវគ្នា ដែលវាគឺជាឱកាសតែមួយគត់ដែលអាចព្យាបាលជំងឺតាឡាសេមៀ (Thalassemia)។ 

លោកប៉ា Yuxin បានប្រាប់ក្រុមសារព័ត៌មានថា៖

«យើងបានរកឃើញក្តីសង្ឃឹមមួយ នៅពេលក្រុមការងារ China Marrow Donor Program បានជូនដំណឹងយើងថា ពួកគេបានរកឃើញខួរឆ្អឹងខ្នងត្រូវគ្នាកាលពីខែតុលា ឆ្នាំ២០១៧។» 

ក្រោយមក ក្រុមគ្រួសាររបស់នាងក៏បានប្រញាប់ប្រមែប្រមូលប្រាក់បានជាង ៤០០,០០០យ័ន (៦០,០០០ដុល្លារ) ពីបងប្អូន មិត្តភក្តិ និងអ្នកបរិច្ចាគប្រាក់នានាតាមអ៊ីនធើណេតដើម្បីយកទៅវះកាត់។

អ្វីៗទាំងអស់សុទ្ធតែល្អទៅតាមគម្រោង រហូតដល់ពេលល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ស្រាប់តែពួកគេបានទទួលដំណឹងថា អ្នកស្ម័គ្រចិត្តបរិច្ចាគខួរឆ្អឹងខ្នងនោះ ស្រាប់តែបដិសេធមិនបរិច្ចាគវិញ។

ដូច្នេះក្មេងស្រី Yuxin ដ៏អភ័ព្វ ដែលទទួលការព្យាបាលដោយប្រើគីមី (Chemotherapy) អស់រយៈពេល ៦ថ្ងៃ ដើម្បីត្រៀមខ្លួនទទួលការវះកាត់នេះ បានស្រក់ទឹកភ្នែកយ៉ាងខ្លាំង បង្កឱ្យមហាជនមានការអាណិតខ្លោចចិត្ត។ 

ពេលនោះម្តាយរបស់ Yuxin បាននិយាយថា៖

«កូនគ្រាន់តែចង់សប្បាយចិត្ត និងមានសុខភាពល្អតែប៉ុណ្ណោះត្រូវទេ?» 

យ៉ាងណាមិញ កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមគ្រួសាររបស់ក្មេងស្រីកំសត់រូបនេះ បានទទួលក្តីសង្ឃឹមសាជាថ្មីជាលើកទីពីរ បន្ទាប់ពីគ្រូពេទ្យបានប្រាប់ពួកគេថា ពួកគេបានរកឃើញអ្នកស្ម័គ្រចិត្តបរិច្ចាគខួរឆ្អឹងខ្នងម្នាក់ទៀត ហើយគ្រូពេទ្យនឹងរៀបចំការវះកាត់នេះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន នៅពេលដែលក្មេងស្រី Yuxin នេះមានកម្លាំងគ្រប់គ្រាន់សិន។

ក្រោយមក ដំណឹងអាក្រក់ដែលក្មេងស្រី Yuxin ទទួលបាននេះ បានលិចឮដល់អ្នកប្រើប្រាស់បណ្តាញសង្គមចិន ដូច្នេះមានមនុស្សជាច្រើនបានបញ្ចេញមតិថា (Comment) ថា៖

«ខ្ញុំគិតថា អ្នកបរិច្ចាគដែលសម្រេចចិត្តថា ដកខ្លួនវិញនោះ គួរតែត្រូវបានចុះបញ្ជីខ្មៅ ព្រោះតែយើងមិនអាចជឿទុកចិត្តគេបានទេ។»

«ពិតជាកំសត់មែន! ខ្ញុំសង្ឃឹមថា ក្មេងស្រីអភ័ព្វនេះនឹងជាសះស្បាយឆាប់ៗនេះទៅចុះ។»

«សូមកុំសន្យាខ្យល់! ហេតុអ្វីក៏ផ្តល់ក្តីសង្ឃឹមក្លែងក្លាយដល់ក្រុមគ្រួសារនាង?»

«ខ្ញុំសង្ឃឹមថា ចំពោះអ្នកដែលសម្រេចិត្តថានឹងធ្វើការបរិច្ចាគអ្វីមួយ គួរតែគិតជាមុនសិន មុនពេលសម្រេចចិត្ត៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]