ភ្នំពេញៈ តាំងពីព្រលឹមស្រាងៗ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បាននាំគ្នាក្រោកពីដំណេក រៀបចំខ្លួនមកចូលរួម ដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលសកម្មភាព នេះសបញ្ជាក់ឲ្យឃើញស្វាមីភក្តិ និងការគោរពដឹងគុណដ៏ធំធេង ចំពោះព្រះមហាវីរក្សត្រខ្មែរ ដែលបានបូជាអស់ ព្រះកាយពល ដើម្បីជាតិមាតុភូមិ ។

ប្រជាពលរដ្ឋទាំងអស់ស្ថិតនៅក្នុងទឹកមុខស្រងូតស្រងាត់ក្រៀមក្រំ ក្នុងសម្លៀកបំពាក់ ខោខ្មៅ អាវស និងសំពត ខ្មៅ អាវស ហើយពាក់បូរកាន់ទុកទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រី ជាច្រើនម៉ឹននាក់ រស់នៅក្នុងរាជធានី ភ្នំពេញ និងមកពីតាមបណ្តាខេត្ត បានសម្រុក មកចូលរួមដង្ហែព្រះបរមសព ព្រះរតនកោដ្ឋ។

ទិដ្ឋភាពជាក់ស្តែងនៅរមណីយដ្ឋានវត្តភ្នំ ក៏ដូចជានៅចំណុចគោលដៅផ្សេងៗទៀត ប្រជាពលរដ្ឋទាំងអស់ ត្រូវបានតំរៀបឲ្យអង្គុយ និងឈរនៅអមសងខាង ផ្លូវ ដោយអ្នកខ្លះមានដៃកាន់ផ្កាឈូក និងអ្នកខ្លះទៀត ដៃកាន់ធូបទៀន។

អ្នកស្រី សុភារី រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទាំងទឹកចិត្តក្តុក ក្តួល ខណៈដែល អ្នកស្រីកំពុងចូលរួមដង្ហែព្រះបរមសពថា អ្នកស្រី បានងើបមកតាំងពីយប់ជាមួយ ប្រជាពលរដ្ឋ នៅជិតខាង ដើម្បីមកចូលរួមដង្ហែព្រះបរមសព ព្រោះអ្នកស្រី និងអ្នកជិតខាងទាំងអស់ ពិតជាអាឡោះអាល័យ និងពិតជាស្តាយស្រោះ នូវការបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើមមួយព្រះអង្គ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងនគរបាល ទាំងអាវុធហត្ថ ទាំងអង្គរក្ស ទាំងយោធា និងកម្លាំង ស៊ីម៉ាក់ ដែលមានឆ្កែហិតក្លិននៅនឹងដៃនោះ ត្រូវបានដាក់រាយគ្រប់គោលដៅទាំងអស់នៅក្នុងព្រះរាជពិធីនេះ។

អភិបាលខណ្ឌសែនសុខ លោក លី សុវេត ដែលបានដឹកនាំប្រជាពលរដ្ឋក្នុងខណ្ឌរបស់លោក មកចូលរួមពិធី ដង្ហែព្រះបរមសព បានថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិលនៅគោលដៅរបស់លោកថា ប្រជាពលរដ្ឋនៅក្នុងខណ្ឌ សែនសុខទាំងអស់ ជាង៧ពាន់ បានមកចូលរួមដង្ហែព្រះបរមសព លោក លី សុវេត បានបញ្ជាក់ថា ចំពោះទីតាំង សម្រាប់ប្រជាពលរដ្ឋខណ្ឌសែនសុខ ដាក់ឲ្យឈរអមផ្លូវ គឺចាប់ពីចំណុចមន្ទីរពេទ្យអង្គឌួង រហូតដល់ផ្លូវ ១៣០ បត់ចូលផ្សារថ្មី៕

































ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]