រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ិនទ្រីបុកគ្នាជាមួយម៉ូតូមួយគ្រឿង នៅចំណុចក្បែរខ្លោងទ្វារវត្តដំបូកខ្ពស់ តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើឈ្មោះតង សុភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ផ្ទះលេខ២៨០បេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។ ចំណែកអ្នកបើកបររថយន្តស៊ិនទ្រីឈ្មោះ ជន ឈុននី ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួន ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CY-១៩៧៤ ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ។
ប្រភពដដែលបានបន្តថា លុះពេលជនរងគ្រោះធ្វើដំណើរទៅដល់ចំណុចកើតហេតុខាងលើ បានបើកម៉ូតូវ៉ារថយន្តមួយគ្រឿងដែលនៅពីមុខខ្លួន ជាហេតុធ្វើវ៉ាក់អើគ្នាជាមួយរថយន្តស៊ិនទ្រីមួយគ្រឿងដែលកំពុងបើកបរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរេចង្កូតបុកគ្នាចំពីមុខពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូដួលបោកខ្លួនផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែង នាំយកអ្នកបើកបររថយន្តស៊ិនទ្រី រួមទាំងរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ក៏បង្កអោយមានការកកស្ទះចរាចរណ៍នៅចំណុចខាងលើនេះផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]