ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុម ស្រវឹងធ្លាក់ភ្នែក ចេញពីខារ៉ាអូខេ បើករថយន្តលឿនដូចហោះ បុកលូរបាំងការពាររថយន្តធំឆ្លងកាត់ ប៉ើងដូចសី ផ្អើលគេ ទាំងយប់ ពេលសមត្ថកិច្ចចុះទៅឃាត់រថយន្ត ខ្លាចខ្មាសគេ នាំគ្នាហែកស្លាកលេខរថយន្តចោល មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានទូរស័ព្ទហៅបក្ខពួក យករថយន្តមករំដោះទៀតផង។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង11 និង20នាទីយប់ ថ្ងៃទី30 ខែមករា ឆ្នាំ2013 លើកំណាត់ផ្លូវបេតុងមួយកន្លែង ចម្ងាយ 50ម៉ែត្រ ពីផ្លូវ ជាតិលេខ5 មុខសណ្ឋាគារ ប៉ោយប៉ែតស៊ីតធី ក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីចោមរោមមើលហេតុការណ៍នេះ បានឲ្យដឹងថា រថយន្តបង្កហេតុ មានម៉ាក កាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R 3012 មុនពេលកើតហេតុ គេបាន ឃើញរថយន្តខាងលើ បើកចេញពីខារ៉ាអូខេ ពន្លឺនាគទិព្វ ក្នុងល្បឿនលឿនដូចហោះ បានវ៉ាក់អឺប៊ិះបុកជាមួយរថយន្តកាមរី ពណ៌ទឹកប្រាក់ម្តងហើយ តែគេចទាន់ រួចបានបោះពួយយ៉ាងលឿន ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយលូ ដែលគេដាក់បង្គោលដែក ពុះចែកទ្រូងផ្លូវការពាររថយន្តធុនធំ ឆ្លងកាត់ ប៉ើងដូចសី អូសជាង 50ម៉ែត្រ ទើបទៅមុខលេខរួច បណ្តាលឲ្យប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូឌុប មុខសណ្ឋាគារប៉ោយប៉ែតស៊ីតធី លោតចេញពីម៉ូតូសឹងមិនទាន់ អ្នកខ្លះរត់ចោលម៉ូតូ អ្នកខ្លះអូសម៉ូតូ រត់ទៅបុកនឹងជញ្ជាំងផ្ទះគេ បណ្តាលឲ្យបែកក្បាលហូរឈាម ចូលពេទ្យទាំងយប់ ចំណែកឯក្រុមនារីម៉ាស្សា ដែលអង្គុយមុខហាង ម្នាក់ៗរត់បាតជើងសព្រាត ព្រោះបំណែកលូខ្ទាតមក សំណាងដែលមិនត្រូវក្បាល បែរជាខ្ទាតទៅត្រូវរថយន្ត ដែលគេចតចោល រងការខូចខាងអស់មួយចំនួន។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុបាន10នាទី ពួកអ្នកជិះក្នុងរថយន្ត បានងើបពីសន្លប់ ក៏ទូរស័ព្ទហៅបក្ខពួក ដែលមានសុទ្ធតែរថយន្តទំនើបៗ ចំនួន4ទៅ 5គ្រឿងមកជួយអន្តរាគមន៍ និងរំដោះគ្នាចេញពីកន្លែងកើតហេតុ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកខ្លះនាំគ្នា ដើរហែកស្លាកលេខមុខ ក្រោយ ចេញពីរថយន្ត ព្រោះខ្លាចគេ ស្គាល់ និងប៉ះពាល់ដល់កិត្តិយស ហើយចង់បិទបាំមិនឲ្យគេដឹងថា ពួកខ្លួនជានរណា?
លោក ហ៊ត វិបុល នាយរងប៉ុស្តិ៍នគរបាល សង្កាត់ប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ចំណុចកើតហេតុទាំងយប់ ទៅសួរនាំ ក៏ពួកក្មេងទំនើងទាំងនោះ មិននិយាយជាមួយដែរ លើសពីនេះទៀតនោះ ពេលលោកយកទូរស័ព្ទថតរូបរថយន្តបង្កហេតុ កាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R 3012 ក្មេងទំនើង ទាំងនោះ បានចេញមកហាមឃាត់ មិនឲ្យថតរូបឡើយ។ ក្រោយកើតហេតុ នគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះមកអូសរថយន្ត បង្កនេះទៅរក្សាទុក។
ប្រភពពីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកក្មេងទំនើងដែលស្រវឹង បើករថយន្តប្រដេញគ្នាដូចកុនចិននេះ គឺជាកូនចៅនិងជាអ្នកធ្វើការនៅឃ្លាំង ស្តុកទំនិញរបស់លោកឧកញ៉ា វង្ស ដួង ដែលមានទីតាំង នៅតាមបណ្តាយផ្លូវជាតិលេខ5 ក្នុងភូមិបាលិលេយ្យ2 សង្កាត់/ក្រុងប៉ោយប៉ែត។
ជុំវិញការណីនេះ មានមតិពីប្រជាពលរដ្ឋជាច្រើន បានរិះគន់ចំៗថា (នេះសំណាងហើយ ដែលរថយន្តបុកតែលូ និងបង្គោលដែក ហើយមិនបង្កឲ្យមានអ្នកស្លាប់ ចុះបើ មានអ្នកស្លាប់ អ្នកណាជាអ្នកទទួលខុសត្រូវ?) តើច្បាប់សម្រាប់អ្នកមានលុយ មានអំណាច មិនចាំបាច់គោរពមែនទេ? តើច្បាប់សម្រាប់ទប់ស្កាត់អ្នកស្រវឹងហើយ បើកបរមានដែរឬទេ? តើសម្រាប់កូនអ្នកមានលុយ ដូចក្មេងទំនើងមួយក្រុមយប់មិញ ច្បាប់នឹងចាត់ការយ៉ាងណា?៕
ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]