ខេត្តសៀមរាប​ ៖​ ជន​មិន​ស្គាល់​មុខបាន​យក​វត្ថុ​កែ​ច្នៃជា​ឧបករណ៍(MP3)សម្រាប់​បំពង​សម្លេងយក​មក​ទុក​ចោល​ នៅ​ក្រោម​បង់​ថ្មដែល​ទុក​សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ​លេង ហើយត្រូវ​បាន​គេប្រទះ​ឃើញស្មានតែជា​គ្រាប់បែកបង្កៃ ក៏​រ​ត់ទៅ​ប្រាប់​មន្ត្រី​ទេសចរណ៍​ដែល​ប្រចាំ​ការ​នៅ​ទីនោះ ​បង្ក​​ការ​ផ្អើល​ឆោឡោឡើង​រហូត​ដល់​សមត្ថកិច្ចពេញ​ក្រុង​សៀមរាប ដោយ​ស្មាន​តែបង្កៃគ្រាប់បែក​ ​តែ​តាម​ពិតគឺជា​ឧបករណ៍ MP3 សម្រាប់​បំពង​សំឡេងសោះ ។

ហេតុ​ការណ៍​នេះ​​បង្កឱ្យ​​ផ្អើល​ពេញ​ក្រុង​សៀមរាប​ កាលពី​ម៉ោង​០៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ​មេសា​ ស្ថិត​នៅ​សួនច្បារជិត ទីស្នាក់ការ​ព័ត៌មាន​ទេសចរណ៍​ពី​ខាងលិចព្រះ​វិហារព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង​លោកយាយ​ទេព ស្ថិត​ក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌនៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណយក​គ្រាប់បែក​បង្កៃ មក​ដាក់​នៅ​ក្រោម​បង់​​នៅ​ម្តុំ​ព្រះ​អង្គ​ចេក​អង្គ​ចម មុខ​ព្រះរាជ​តំណាក់ ខេត្តសៀមរាប​នោះ ក៏ឱ្យ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ ។ ​

លោក​​បញ្ជាក់​ទៀត​ថា តាម​ការ​សន្និដ្ឋាន​របស់​កម្លាំង​នគរបាល​ជំនាញ ផែ្ន​ក​អាវុធ​ជាតិ​ផ្ទុះ ករណី​ដែល​គេ​ថា ជា​បង្កៃ​គ្រាប់បែក​នោះ តាម​ពិតវា​គួរ​ឱ្យ​អស់សំណើច​ទៅ​វិញ​ទេ គឺ​មិនមែន​ជា​គ្រាប់បែក​ឡើយ គឺជាសំបក​កំប៉ុង ស្រាបៀរ និងថ្មពិល ​ដែល​រុំ​សំបក​ក្រដាស​​ និងគ្រឿង​អេ​ឡិច​ត្រូ​និ​ក ដែល​ក្មេងយក​មក​កែ​ច្នៃ ឱ្យទៅ​ជា​បំពង​សំឡេង​ហៅ​ថា (MP3) ដោយ​មាន​ត​ខ្សែស្រ​ដៀង​​គ្រាប់បែក​ ។

ហើយ​​តាម​ពិត ​ឆ្លង​តាម​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ច្បាស់លាស់ ទើប​ដឹងថា គឺជា​ប្រដាប់​បំពង​សម្លេង (MP3) ដែល​គេ​បោះចោល​នៅ​ក្រោម​បង់​ថ្ម កន្លែង​អង្គុយ​លេង សោះ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]