(កំពង់ចាម)៖ ជនសង្ស័យដែលកាប់ប្រហារស្ដ្រីម្នាក់ និងចៅស្រី ហើយយកក្បាលទៅបាត់បន្សល់ទុកតែខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិច លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស៊ឹម ខេង អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានបន្ថែមថា ឆ្លងតាមការសាកសួរជំហ៊ានដំបូង ជនដៃដល់បានសារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះ ព្រោះតែគំនុំ។ គំនុំដោយសារជនសង្ស័យស្រលាញ់ ជនរងគ្រោះ ហើយមានអ្នកផ្សេងមកស្រឡាញ់ដែរ ក៏ដូចជាផ្ទុះរឿងចេញក៏ឈានដល់ការសម្លាប់ជនរងគ្រោះតែម្តង។

បើតាមលោក ហេង វុទ្ធី ជនសង្ស័យធ្លាប់សម្លាប់មនុស្សម្តងមកហើយកាលពីឆ្នាំ១៩៩៥ ដែលមានចរឹកកាចសាហាវ ហើយក្រោយពេលឃាត់ខ្លួន ប្រជាពលរដ្ឋចង់ព្រួតវាយសម្លាប់ចោលតែម្តង កុំតែបានសមត្ថកិច្ចជួយអន្តរាគមន៍។

សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយដ៏សាហាវ ជនរងគ្រោះ២នាក់ ត្រូវបានឃាតកកាត់ក្បាលយកទៅបាត់ ដោយជនរងគ្រោះទី១៖ឈ្មោះ ពូ អូន អាយុ៦៥ឆ្នាំ និងទី២៖ឈ្មោះ ខេង សាវឿន អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយមានអំពើឃាតកម្មដ៏សាហាវខាងលើនេះ លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនឃាតក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]