ឥណ្ឌា៖ យោងតាមប្រភពច្បាស់ការណ៍មួយបានរាយការណ៍ថា ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ពោលពេញទៅដោយទឹកភ្នែករលីងរលោង ត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរូបគេបានជិះកង់កិនកូនមាន់មួយក្បាល។

ក្មេងប្រុសរូបនេះមានឈ្មោះ Derek C Lalchhanhima រស់នៅក្នុងទីក្រុង Sairang ប្រទេសឥណ្ឌា បានល្បីឈ្មោះនៅលើបណ្តាញសង្គមឥណ្ឌា បន្ទាប់ពីរូបរបស់ក្មេងនេះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ជាមួយនឹងដៃម្ខាងកាន់កូនមាន់មួយក្បាល និងដៃម្ខាងទៀតកាន់លុយចំនួន ១០រូពី (ប្រហែល ៥០០រៀល)

ដោយក្នុងនោះម្ចាស់គណនីហ្វេសប៊ុកមួយបានសរសេរថា៖

«ក្មេងតូចនេះមកពីទីក្រុង Sairang រដ្ឋ Mizoram បានកិនកូនមាន់របស់អ្នកជិតខាងដោយអចេតនា។ គេក៏បាននាំកូនមាន់នេះសំដៅមកមន្ទីរពេទ្យដែលនៅជិតគេ ជាមួយនឹងលុយទាំងអស់ដែលគេមានដើម្បីសុំជំនួយ។» 

ក្មេងប្រុស Derek

ឪពុករបស់ក្មេងនេះឈ្មោះ Dhiraj Chhetri បាននិយាយថា កូនរបស់លោកបានត្រលប់មកផ្ទះវិញ ដោយដៃកាន់កូនមាន់ និងបានសុំប្រាក់ពីលោកដើម្បីនាំវាទៅមន្ទីរពេទ្យ។ ពេលនោះលោក Dhiraj ក៏បានប្រាប់កូនថា ឱ្យទៅម្នាក់ឯងទៅ។ ភ្លាមៗនោះគេក៏ចាកចេញពីផ្ទះ យកកូនមាន់ និងយកលុយមួយចំនួនទៅជាមួយ។

ក្រោយមក គេក៏បានត្រលប់មកផ្ទះវិញជាមួយនឹងទឹកមុខអស់សង្ឃឹម ដោយនិយាយថា គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមិនបានជួយកូនមាន់នោះទេ ប៉ុន្តែបែរជាថតរូបគេទៅវិញ។

បន្ថែមពីនេះទៀត ក្មេងប្រុសនេះពិតជាមានការទទួលខុសត្រូវខ្ពស់ពិតមែន ដោយគេបានសន្យាថានឹងនាំកូនមាន់នេះទៅមន្ទីរពេទ្យម្តងទៀត។ ប៉ុន្តែឪពុកម្តាយគេបានពន្យល់ប្រាប់គេថា កូនមាន់នេះងាប់បាត់ទៅហើយ ដូច្នេះមិនអាចជួយសង្រ្គោះជិវិតបានទេ។

លោក Dhiraj បាននិយាយថា៖

«កូនខ្ញុំគឺជាក្មេងពិសេសម្នាក់។» 

យ៉ាងណាមិញ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅ ក្មេងប្រុស Derek រូបនេះបានទទួលវិញ្ញាបនបត្រសរសើរពីសាលារបស់ខ្លួន ព្រោះតែអំពើល្អរបស់គេនេះ។

ក្មេងប្រុស Derek

ដូច្នេះ យើងអាចបញ្ជាក់បានថា ក្មេងប្រុស ៦ឆ្នាំរូបនេះពិតជាឆ្លាត និងមានការទទួលខុសត្រូវខ្ពស់ ជាងមនុស្សធំមួយចំនួនទៅទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]