អង់គ្លេស៖ ក្លិប Manchester United កំពុងតែសម្លឹងរកឱកាសនៃការចរចាកិច្ចសន្យាថ្មី ជាមួយនឹងខ្សែបម្រើ Paul Pogba ដែលកំពុងមានការចាប់អារម្មណ៍ពីក្លិប Real Madrid។ ក្លិបបាល់ទាត់ Real Madrid បាននឹងកំពុងរៀបចំសំណើ ក្នុងការនាំយកកីឡាករសញ្ជាតិបារាំងរូបនេះ មកចូលរួមនៅទឹកដីអេស្ប៉ាញ ខណៈដែល Pogba ខ្លួនឯងផ្ទាល់ ក៏បានបង្ហើបថាគេក៏ពេញចិត្តជាមួយក្លិបយក្សអេស្ប៉ាញមួយនេះដែរ។

កីឡាករ Paul Pogba
លោក Ole Gunnar Solskjaer

ទន្ទឹមនឹងពាក្យចចាមអារ៉ាមជុំវិញកីឡាករ Pogba ក្លិប Man UTD បានងាកមកធ្វើការចរចាជាមួយកីឡាកររូបនេះអំពីកិច្ចសន្យាថ្មី ប៉ុន្តែកីឡាករ Pogba បានដាក់សំណើរប្រាក់ឈ្នួលខ្ពស់រហូតដល់ ៥០០,០០០ផោនក្នុងមួយសប្តាហ៍ បើសិនជាបិសាចក្រហមចង់បានរូបគេឱ្យនៅបន្ត។ បច្ចុប្បន្ននេះ Pogba ទទួលបានប្រាក់ឈ្នួលចំនួន ៣០០,០០០ផោនក្នុងមួយសប្តាហ៍ ជាមួយកិច្ចសន្យាដែលនៅមានសុពលភាពរយៈពេល ២ឆ្នាំទៀតជាមួយ Man UTD។ ប៉ុន្តែកីឡាករវ័យ ២៦ឆ្នាំរូបនេះ ហាក់ចាប់ផ្តើមង៉ក់ងរ និងទាមទារឱ្យ Man UTD តម្លើងប្រាក់ឈ្នួលរបស់គេស្មើនឹង Alexis Sanchez ដែលកំពុងទទួលបាន ៥០០,០០០ផោនក្នុងមួយសប្តាហ៍ដូចគ្នា។

យ៉ាងណាមិញ បើយោងតាម The Sun បានឱ្យដឹងថា ក្លិប Man UTD ទំនងជាព្យាយាមចរចាបន្ថែមពីបញ្ហានេះ ខណៈដែលក្លិបមានបំណងរក្សា Pogba រហូតដល់ឆ្នាំ ២០២៤។ ដោយឡែក បើតាមសារព័ត៌មានផ្សេងៗបានឱ្យដឹងថា លោក Solskjaer បាននឹងកំពុងរៀបចំក្រុមសាជាថ្មីឡើងវិញ បន្ទាប់ពីលោកទទួលបានតំណែងជាអ្នកចាត់ការពេញសិទ្ធិនៅ Man UTD។ លោក Solskjaer ក៏នឹងធ្វើការរុះរើក្រុម ដោយលក់ចេញកីឡាករដែលមិនចាំបាច់មួយចំនួនដូចជា Alexis Sanchez , Ander Herrera និង Juan Mataជាដើម៕ 

កីឡាករ Alexis Sanchez និងលោក Ole Gunnar Solskjaer
កីឡាករដែលស្ថិតក្រោមការពិចារណារបស់លោក Solskjaer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]