មនុស្សគ្រប់គ្នាកើតមកហើយតែងតែមានសុខ និងទុក្ខទន្ទឹមគ្នាជារឿងធម្មតា ខុសត្រង់ថា អ្នកខ្លះអាចគ្រប់គ្រងបញ្ហា និងការគិតច្រើនរបស់ខ្លួនបាន តែអ្នកខ្លះមិនបានព្យាយាមដោះស្រាយបញ្ហា ឬភាពស្មុគស្មាញចេញនោះទេ ដែលធ្វើឱ្យកើតមានភាពតានតឹងនៅក្នុងខ្លួន និងកើតរោគស្ត្រេស។

បញ្ហាការកើតស្ត្រេស និង កើតរោគគិតច្រើន គឺជាបញ្ហាដ៏គ្រោះថ្នាក់មួយមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តធ្វើឱ្យកើតជំងឺផ្លូវចិត្តនោះទេ តែអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយធ្លាក់ចុះ ថែមទាំងអាចប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភខ្លាំងផងដែរនាពេលអនាគតបើបណ្តោយឱ្យវាចេះតែបន្តដោយមិនធ្វើការគ្រប់គ្រងអារម្មណ៍ខ្លួនឯងដូចជា ជំងឺទឹកនោមផ្អែម កើតជំងឺធាត់លើសទម្ងន់ ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺជាច្រើនទៀត។

ដូច្នេះថ្ងៃនេះមកតាមដានផលប៉ះពាល់នៃការកើតរោគស្ត្រេស និងការគិតច្រើន ចំពោះសុខភាពផ្លូវចិត្ត និងរាងកាយទាំង៥យ៉ាងធំៗដូចខាងក្រោម៖

កើតស្ត្រេស

១. មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន

តាមការសិក្សាបានបង្ហាញថា បញ្ហាស្ត្រេស និងគិតច្រើនពេកអាចប៉ះពាល់ដល់ការគិតរបស់អ្នកខ្លាំងណាស់ ជាពិសេសគឺផ្លូវអវិជ្ជមានតែម្តង ។ ហើយវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ឧស្សាហ៍ខឹង មួរម៉ៅ ធ្វើឱ្យសមត្ថភាពនៃការសម្រេចចិត្តរបស់អ្នកធ្លាក់ចុះ ហើយចិត្តរបស់អ្នកគិតតែរឿងអគតិទាំងក្នុងការងារ និងរឿងផ្ទាល់ខ្លួនផងដែរ។

មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន

២. ជួបបញ្ហាក្រពះ និងពោះវៀន

តាមការសិក្សាបានឃើញថា វាជារឿងពិតដែលស្ថានភាពផ្លូវអារម្មណ៍របស់អ្នកជាប់ពាក់ព័ន្ធនឹងសុខភាពក្រពះពោះវៀន។ ហេតុនេះហើយ ស្ត្រេស ការគិតច្រើនពេក និងធុញថប់ក្នុងអារម្មណ៍ គឺអាចធ្វើឱ្យអ្នកឧស្សាហ៍ជួបប្រទះនឹងបញ្ហានៅក្នុងក្រពះពោះវៀនបានដូចជា ជំងឺដំបៅក្រពះ ឈឺក្រពះ និងរោគសញ្ញាទាក់ទងនឹងផ្លូវពោះវៀនមួយចំនួន។ នេះហើយដែលជាមូលហេតុធ្វើឱ្យរាល់ពេលដែលអ្នកពិបាកចិត្តគិតច្រើន អ្នកឧស្សាហ៍ឈឺចុកចាប់ក្នុងពោះ ពេលខ្លះអាចមានបញ្ហាក្អួតចង្អោរក៏មាន។

ជួបបញ្ហាក្រពះ និងពោះវៀន

៣. មានបញ្ហាស្បែក

អ្នកដែលឧស្សាហ៍គិតច្រើន និងស្ត្រេស ត្រូវបានគេសិក្សារកឃើញថា ក៏អាចជាមូលហេតុបណ្តាលឱ្យជាប់ទាក់ទងនឹងស្បែកមួយចំនួនផងដែរដូចជាជំងឺឃ្លង់ កន្ទួល រមាស់ ជំងឺត្រអក ជំងឺរលាកស្បែក និងបញ្ហាទាក់ទងនឹងការកើតមុនទៀតផង។

មានបញ្ហាស្បែក

៤. ឃ្លានរបស់ផ្អែមៗ

ការសិក្សាក៏បានបង្ហាញទៀតថា អ្នកដែលស្ត្រេស និងគិតច្រើន នឹងធ្វើឱ្យអ័រម៉ូនស្ត្រេសកើនឡើងបណ្តាលឱ្យអារម្មណ៍ចេះតែឃ្លាននំចំណីផ្អែមៗ។ ហើយវាក៏អាចឱ្យអ្នកប្រទះនឹងបញ្ហាធាត់លើសទម្ងន់ ប៉ះពាល់សល់សុខភាពរាងកាយទាំងមូល ថែមទាំងអាចវិវឌ្ឃន៍ជាជំងឺទឹកនោមផ្អែមនាពេលអនាគតផងដែរ។

ឃ្លានរបស់ផ្អែមៗ

៥. បាត់បង់ចំណង់

ភាពតានតឹងខ្លាំង និងការគិតច្រើនអាចធ្វើឱ្យប៉ះពាល់ដល់អរម៉ូន Testosterone របស់បុរស ដែលជាហេតុបណ្តាលបុរសៗជួបបញ្ហាបាត់បង់ចំណង់ផ្លូវភេទ និងប៉ះពាល់ដល់ទម្ងន់ផងដែរ។ នៅក្នុងនោះស្ត្រីដែលជួបនឹងបញ្ហាស្ត្រេសទាំងនេះ អាចជួបបញ្ហាបាត់បង់ចំណង់ផ្លូវភេទលើសបុរសទៅទៀត។

បាត់បង់ចំណង់

# វិធីគ្រប់គ្រេង និងបំបាត់ភាពតានតឹង/គិតច្រើន

- ព្យាយាមកាត់បន្ថយ ឬកុំប៉ះពាល់នឹងជាតិកាហ្វេអ៊ីនដូចជាកាហ្វេ ឬសារធាតុញៀនផ្សេងៗនៅក្នុងបារីជាដើម

- យកពេលវេលាទៅធ្វើរឿងដែលសប្បាយចិត្ត

- បង្កើនភាពស្និទ្ធស្នាលជាមួយគ្រួសារ និងមិត្តភក្តិនៅជុំវិញខ្លួន

- ឧស្សាហ៍ជួប និងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យចិត្តសាស្រ្តដើម្បីទទួលបានដំប៉ូន្មានល្អៗនៅក្នុងជីវិត

- ឆ្លៀតពេលឧស្សាហ៍ហាត់ប្រាណជំនួយសុខភាព និងស្មារតីឱ្យបានច្រើនដូចជា ការតាំងសម្មាធិ ហាត់យូហ្គា លំហាត់ការដកដង្ហើម ហាត់ក្បាច់ថៃជី ឬទៅម៉ាស្សាបន្ធូរបន្ថយភាពតានតឹងក៏បាន៕ 

សម្មាធិគរប់គ្រងអារម្មណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]