ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ បានរងរបួសក្បាលដេរ៥ថ្នេរ ដោយសារឪពុកបង្កើតបានកាប់១កាំបិតត្នោត និងទាត់១ជើង បណ្តាលឱ្យរងរបួសចុកចាប់កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៣០ មករា ២០១៣ នៅលំនៅឋានស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខណៈដែលកូនស្រីរូបនេះចូលទៅឃាត់ឪពុកម្តាយឈ្លោះគ្នា ។ ទោះយ៉ាងណាឪពុករូបនេះត្រូវបានប៉ូលិសមូលដ្ឋាន ចាប់បញ្ជូនមកកាន់ស្នងការដ្ឋានតាម នីតិវិធីច្បាប់ផងដែរ។

តាមប្រភពពីមន្ត្រីប៉ូលិសស្រុកទឹកផុសបាននិយាយឱ្យដឹងថា ឪពុកជាជនដៃដល់មានឈ្មោះសោម រឿន អាយុ៥៦ឆ្នាំ ចំណែកកូនស្រីរងគ្រោះមានឈ្មោះរ៉ឹម រ៉ុម អាយុ៣៦ឆ្នាំ មានផ្ទៃពោះ៨ខែ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុកូនស្រីរងគ្រោះបានទៅ ចាប់កូនជ្រូកពីផ្ទះឪពុកបង្កើតដែលមានចម្ងាយ ប្រមាណ២០០ម៉ែត្រពីផ្ទះរបស់ខ្លួន ។ លុះពេលដើរទៅដល់ផ្ទះឃើញឪពុកកំពុងរករឿង ឈ្លោះជាមួយម្តាយឈ្មោះប៉ា រ៉េត អាយុ៥៥ឆ្នាំ។ ឃើញដូចនោះកូនស្រីក៏ឃាត់ និងនិយាយថា «ឪឯងរករឿងតែម៉ែ» ពេលនោះឪពុកបានតបវិញថា «ង៉ែងកុំចេះមិនមែនង៉ែងរកស៊ីចិញ្ចឹមអញទេ» ថា ហើយឪពុកបានទាត់កូនស្រីដែលកំពុងមានផ្ទៃពោះ៨ខែ រួចហើយបានយកកាំបិតត្នោតកាប់ក្បាលកូន១កាំបិត បណ្តាលឱ្យរបួសទៅពេទ្យដេរ៥ថ្នេរ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]