វៀតណាម៖ ជាការពិតណាស់ សព្វថ្ងៃនេះការប្រើប្រាស់របស់របរជាច្រើន រួមមានដូចជា ថង់ ទុយោ ឬសម្បកដបទឹកសុទ្ធ -ល- ដែលផលិតចេញពីជ័របា្លស្ទិច គឺមានចំនួនយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ដែលវាក៏ជាចំណែកចូលរួមដ៏អាក្រក់មួយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ខណៈដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ក៏បានធ្វើការហាមឃាត់ការនាំចូល និងកាត់បន្ថយការប្រើប្រាស់ផងដែរ។  

ទុយោបឺតច្នៃពីដើមស្មៅរុក្ខជាតិម្យ៉ាង

ជាក់ស្តែង ថ្មីៗនេះយុវជនជនជាតិវៀតណាមម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើនលើបណ្តាញសង្គម ជុំវិញនឹងគំនិតច្នៃប្រឌិត យកដើមស្មៅរុក្ខជាតិម្យ៉ាងមានប្រហោងស្រាប់ (Lepironia ឬហៅ Wild Grass) បង្កើតបានជាទុយោបឺត បានយ៉ាងល្អ ក្នុងគោលបំណងជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចដ៏អាក្រក់នេះ។

ដើមស្មៅរុក្ខជាតិដែលយកមកច្នៃធ្វើទុយោ

យុវជនដែលមានគំនិតច្នៃប្រឌិតខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Tran Minh Tien ។ ការប្រើប្រាស់ដើមស្មៅរុក្ខជាតិបង្កើតបានជាទុយោបឺតនេះ ដំបូងឡើយវាត្រូវបានគេយកទៅលាងសម្អាតទឹកជាមុន បន្ទាប់មកកាត់វាប្រវែងស្មើៗគ្នា ២០សង់ទីម៉ែត្រ (ប្រវែងប្រហែលទុយោជ័រដែរ)។

រីឯផ្នែកខាងក្នុងនៃដើមស្មៅរុក្ខជាតិដែលមានប្រយោងស្រាប់នោះ ក៏ត្រូវបានគេរុកដុសខាត់ និងលាងសម្អាតផងដែរ និងមានដំណើរការជាបន្តបន្ទាប់ទៀត ដូចជាយកទៅដាក់នៅក្នុងឡកំដៅ និងដាក់ហាលថ្ងៃ (២ ទៅ ៣ថ្ងៃ) ជាដើម ដើម្បីជួយឲ្យទុយោជាប់ធន់បានល្អ។

ទុយោបឺតប្រភេទស្រស់
ទុយោបឺតប្រភេទស្ងួត

បើតាមប្រភពបានឲ្យដឹងថា ទុយោបឺតដែលបានច្នៃឡើងមកនេះ ត្រូវបានបែកចែកជា២ប្រភេទ មួយប្រភេទស្រស់ និងមួយទៀតប្រភេទស្ងួត។ ទុយោបឺតប្រភេទស្រស់ អាចប្រើបានរហូតដល់ទៅរយៈពេលជាង ២សប្តាហ៍ ប្រសិនណាបើយកទៅរក្សាទុកក្នុងទូទឹកកក។ ប៉ុន្តែសម្រាប់ការទុកដាក់ក្នុងផ្ទះ ឬក្នុងបន្ទប់ធម្មតា ដែលមានសម្ពាធកម្ដៅ វាអាចរក្សាទុកបានតែ១សប្តាហ៍តែប៉ុណ្ណោះ។

ចំណែកឯ ទុយោបឺតប្រភេទស្ងួតវិញ អាចទុកប្រើបានរយៈពេលយូរ រហូតដល់ទៅជាង ៦ខែ ប្រសិនណាយកវាទៅរក្សាទុកក្នុងទូទឹកកក ដែលមានសីតុណ្ហភាពត្រជាក់។

ជុំវិញនឹងការច្នៃបង្កើតបានជាទុយោបឺតនេះដែរ លោក Tran ក៏បានជំរុញលើកទឹកចិត្តដល់គ្រប់គ្នា គួរណាស់ទិញវាយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ទុយោបឺតប្លាស្ទិច ម្យ៉ាងក៏ធានាបានសុវត្ថិភាព និងសុខភាពល្អផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ទុយោបឺតប្រភេទស្រស់
ទុយោបឺតច្នៃពីដើមស្មៅរុក្ខជាតិម្យ៉ាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]