បារាំង៖ នៅថ្ងៃនេះក្នុងទីក្រុង Toulouse ប្រទេសបារាំង ប្រធានរដ្ឋសភាជាតិរបស់ប្រទេសវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជាមួយនឹងប្រតិភូរបស់លោកស្រីជាច្រើននាក់ទៀត ដែលជាសមាជិករដ្ឋសភាជាតិ បានបំពេញដំណើរទស្សនកិច្ច និងបានចូលរួមក្នុងពិធីប្រគល់យន្តហោះសេរីថ្មីប្រភេទ A321neo ដល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet (វៀតជេត) ខណៈយន្តហោះថ្មីនេះត្រូវបានចុះបញ្ជីជាយន្តហោះ VN-A600 នៅឯរោងចក្ររបស់ក្រុមហ៊ុនផលិតយន្តហោះ Airbus។

ជាមួយនឹងការមានកៅអីអង្គុយសរុបចំនួន ២៣០ ដែលត្រូវបំពាក់ដោយស្រោមស្បែកសត្វប្រកបដោយផាសុខភាព និងកម្រាលព្រំមានគុណភាពខ្ពស់នោះ កៅអីផ្នែកខាងមុខដ៏ទូលាយនៃយន្តហោះប្រភេទថ្មីរបស់ក្រុមហ៊ុន Vietjet មួយនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីបំពេញតាមតម្រូវការរបស់អ្នកដំណើរដែលជ្រើសរើសយកការហោះហើរបែប Skyboss ដែលជាសេវាកម្មដ៏ថ្លៃបំផុតរបស់ក្រុមហ៊ុន Vietjet។ ផ្នែកខាងក្នុងរបស់យន្តហោះនេះក៏មានប្រព័ន្ធភ្លើងដ៏រស់រវើក និងការតុបតែងដ៏ប្រណិត ផងដែរ ដើម្បីបង្កើតឲ្យមានបរិយាកាសប្រកបដោយផាសុខភាព និងស្រស់ស្រាយ នៅក្នុងយន្តហោះទាំងមូល។

យន្តហោះក្រុមហ៊ុន Vietjet
យន្តហោះក្រុមហ៊ុន Vietjet

ដំណើរទស្សនកិច្ចរបស់ប្រតិភូមកពីរដ្ឋសភាជាតិនៃប្រទេសវៀតណាម ទៅកាន់រោងចក្ររបស់ក្រុមហ៊ុនផលិតយន្តហោះ Airbus សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិវៀតណាម ក្នុងការជួយគាំទ្រការអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍នៅឯប្រទេសរបស់ខ្លួន និងការងារផ្សេងទៀតទាក់ទងនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងឧស្សាហកម្មនេះ។

អំឡុងពេលដំណើរទស្សនកិច្ចនេះលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាជាតិរបស់វៀតណាម បានបញ្ជាក់ក្នុងសន្ទរកថារបស់លោកស្រីថា ក្រុមហ៊ុន Vietjet បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពោរពេញដោយការច្នៃប្រឌិតមួយ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍប្រទេសជាតិ និងឧស្សាហកម្មអាកាសចរណ៍ក្នុងតំបន់។ លោកស្រីបានកត់សម្គាល់ថា ឧស្សាហកម្មអាកាសចរណ៍វៀតណាមកំពុងតែអភិវឌ្ឍឥតឈប់ឈរ ស្របពេលដែលក្រុមហ៊ុន Vietjet កំពុងតែស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនជាងគេបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ 

សេដ្ឋកិច្ចរបស់វៀតណាម បានទទួលអត្ថប្រយោជន៍យ៉ាងធំធេងពីការរួមចំណែកជួយដល់វិស័យទេសចរណ៍ និងការបណ្តាក់ទុនផ្សេងៗ។ រដ្ឋាភិបាលរបស់វៀតណាមបានផ្តល់ការចាប់អារម្មណ៍ដ៏គួរឲ្យកត់សម្គាល់ ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍វិស័យអាកាសចរណ៍។ ជាលទ្ធផលឧស្សាហកម្មអាកាសចរណ៍នៅវៀតណាម គឺជាតារាមួយដែលទើបតែរះនៅពេលនេះ ក្រោយពីបានបញ្ជាទិញយន្តហោះជាច្រើនគ្រឿង និងបង្កើតឲ្យមានការប្រមូលផ្តុំដោយយន្តហោះថ្មីៗ និងទំនើបៗជាច្រើន ជាពិសេសយន្តហោះឯកជនរបស់ Vietjet។

ការប្រគល់យន្តហោះថ្មីរបស់ក្រុមហ៊ុន Airbus

ថ្លែងក្នុងពិធីប្រគល់យន្តហោះនៅប្រទេសបារាំង លោក Jean-Francois Laval អនុប្រធានប្រតិបត្តិផ្នែកលក់របស់ក្រុមហ៊ុន Airbus បានឲ្យដឹងថា៖ 

«យើងពិតជារីករាយណាស់ក្នុងការក្លាយជារោងចក្រផលិតយន្តហោះ សម្រាប់ Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍មានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតមួយ នៅតំបន់អាស៊ី។ យើងសូមអបអរសាទរដល់ក្រុមងហ៊ុន Vietjet ចំពោះការទទួលយកការចែកចាយយន្តហោះ A321neo ថ្មីចុងក្រោយគេបំផុតនេះ។ ក្រុមហ៊ុន Airbus ពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាដៃគូដ៏សំខាន់របស់ Vietjet ហើយយើងសម្លឹងឆ្ពោះទៅកាន់ការផ្តល់ការផ្គត់ផ្គង់យន្តរបស់យើងបន្ថែមទៀត ដែលរចនាតាមពណ៌របស់ Vietjet»។

ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងល្អរវាងក្រុមហ៊ុនទាំង ២ យន្តហោះ A321neo មួយនេះ គឺជាយន្តហោះទី ៦០ ដែលក្រុមហ៊ុន Vietjet បានទទួលដោយផ្ទាល់ពីក្រុមហ៊ុន Airbus ក្នុងចំណោមយន្តហោះសរុបចំនួន ៨០ គ្រឿង ដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះកំពុងតែប្រតិបត្តិ។ យន្តហោះប្រភេទថ្មីនេះ នឹងត្រូវដាក់ឲ្យប្រតិបត្តិភ្លាមៗ រួមជាមួយនឹងយន្តហោះផ្សេងទៀតនៅខែមេសា ឆ្នាំ ២០១៩ នេះ។

ថ្លែងក្នុងឱកាសនៃព្រឹត្តិការណ៍ដ៏ពិសេសនេះលោក Dinh Viet Phuong អនុប្រធានក្រុមហ៊ុន Vietjet បានឲ្យដឹងថា៖ 

«ក្រុមហ៊ុន Vietjet បច្ចុប្បន្នកំពុងតែប្រតិបត្តិក្រុមយន្តហោះ ដែលស្ថិតក្នុងគ្រួសារ Airbus A320 ប្រភេទថ្មី ដោយមានអាយុជាមធ្យម ២,៨២ ឆ្នាំ ហេតុនេះ វាជាក្រុមយន្តហោះមានអាយុកាលវ័យក្មេងជាងគេបំផុតក្នុងពិភពលោក។ យន្តហោះប្រភេទ A320 នេះ បានរួមចំណែកដ៏អស្ចារ្យក្នុងដំណើរប្រតិបត្តិការដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន Vietjet ក្នុងនោះរាប់បញ្ចូលទាំងអត្រា ដែលអាចជឿជាក់បានលើបច្ចេកទេសចំនួន ៩៩,៦៤% របស់ក្រុមហ៊ុននេះផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុននេះក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ដែលមានការចំណាយថ្លៃដើមលើការប្រតិបត្តិទាបជាងគេបំផុតក្នុងពិភពលោកផងដែរ។ ការប្រគល់យន្ត A321neo ប្រភេទថ្មីនៅថ្ងៃនេះ សបញ្ជាក់ឲ្យឃើញម្តងទៀតពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ក្រុមហ៊ុន Vietjet ក្នុងការអភិវឌ្ឍន៍ និងធ្វើឲ្យយន្តហោះរបស់យើងកាន់តែមានភាពទំនើប ហេតុនេះយើងអាចរួមចំណែកឥតឈប់ឈរក្នុងជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនក្នុងតំបន់ ក៏ដូចជាសម្រេចគោលបំណងដ៏ធំបំផុតរបស់យើង តាមរយៈការផ្តល់ផាសុខភាព ភាពរីករាយ និងសុវត្ថិភាពជាអតិបរមាទៅកាន់អ្នកដំណើរដ៏មានតម្លៃរបស់យើង»៕
ការប្រគល់យន្តហោះថ្មីរបស់ក្រុមហ៊ុន Airbus
ការប្រគល់យន្តហោះថ្មីរបស់ក្រុមហ៊ុន Airbus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]